ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ាណែត ប្រកាស​ចុះ​ពិនិត្យ​មើល​ការងារ​ថ្នាក់​ក្រោម​ដោយ​មិន​ប្រាប់​មុន


រូបភាព​ដកស្រង់ចេញពី​វីដេអូ​ដែលបង្ហាញនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ក្នុងសម្លៀកបំពាក់​សាមញ្ញ​ អំឡុងពេលលោក​នៅតំបន់ផ្សាររាត្រី នៅខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។ (Facebook / Hun Manet)
រូបភាព​ដកស្រង់ចេញពី​វីដេអូ​ដែលបង្ហាញនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ក្នុងសម្លៀកបំពាក់​សាមញ្ញ​ អំឡុងពេលលោក​នៅតំបន់ផ្សាររាត្រី នៅខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។ (Facebook / Hun Manet)

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាន​បង្ហោះ​វីដេអូ​មួយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​លោក ដោយ​ឃើញ​រូប​លោក​ដើរ​នៅ​តាម​តំបន់​កម្សាន្ត​ Pub Street​ ក្នុង​ខេត្ត​សៀមរាប ដោយ​មាន​ពាក់ម៉ាស់ មួក ​និង​ស្លៀកពាក់​មិន​ឱ្យ​គេ​ស្គាល់​រូប​លោក​ថា​ជា​ថ្នាក់​ដឹកនាំ​។

នៅ​ថ្ងៃ​ដដែល​បន្ទាប់​ពី​បង្ហោះ​វីដេអូ​នោះ លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ក្នុង​ពិធី​មួយ​នៅ​ខេត្ត​សៀម​រាប​ថា​ លោក​នឹង​ចុះ​ទៅ​មូលដ្ឋាន ដោយ​មិន​ប្រាប់​មន្រ្តី​ណា​ឡើយ ដើម្បី​លោក​អាច​ដឹង​ស្ថាន​ភាព​ជាក់ស្តែង​និង​ការណ៍ពិត​។

ក្នុងពិធី​បញ្ចុះ​បឋម​សិលាសាង​សង់​សារ​មន្ទីរ​មួយ​ឈ្មោះ​ថា «សម្តេច​ព្រះ​ព្រហ្ម​រតន​មុនី ពិន សែម» ​នៅ​ខេត្ត​សៀមរាប លោក ហ៊ុន ​ម៉ាណែត ​ដែល​កាន់​អំណាច​បាន​ជាង១០​ខែ ​ថ្លែង​ថា ​លោក​បាន​កំណត់យក​ឆ្នាំ​ទី ២ ចុះ​តាម​មូល​ដ្ឋាន​ដោយ​ផ្ទាល់ ​ដើម្បី​ត្រួត​ពិនិត្យលើ​គោល​នយោ​បាយ​ និង​កម្មវិធី​នានា​ដែល​រដ្ឋា​ភិបាល​អាណត្តិ​ទី ៧ បាន​ដាក់​ចេញ​។ ​លោក​បន្ថែម​ថា ​នៅ​ក្នុង​ឆ្នាំ​ដំបូង​នៃ​ការ​ដឹកនាំ​ប្រទេស លោក​ធ្វើកិច្ចការរដ្ឋបាល ដូច​ជា​ការ​ប្រកាស​ដាក់​ចេញ​គោល​នយោ​បាយ ​ការ​ចេញ​ទៅក្រៅ​ប្រទេសដើម្បី​ធ្វើ​បដិសណ្ឋាកិច្ច និង​ចុះ​តាម​ក្រសួងស្ថាប័ន​នានា ​ដើម្បី​បូក​សរុប​ការងារ​ជាដើម​។ ​

លោក​ថ្លែង​ថា៖ ​«តែ​សំខាន់​ឆ្នាំ​ទី ២ ​ទៅ គឺ​ជា​ឆ្នាំ​ដែល​ចុះ​តាម​ដាន​ត្រួត​ពិនិត្យ​នូវ​ការ​ដាក់​ចេញ​គោល​នយោបាយ​ឆ្នាំទី ១​។ ​អ៊ីចឹង​បើ​ខ្ញុំ​ប្រកាស​រឿង​ការអនុវត្ត​គោល​នយោ​បាយ​រៀបចំ​ទារក​ដ្ឋាន​ ក្រសួង​ត្រូវ​ប្រាប់​ខ្ញុំ ​ហើយ​ខ្ញុំ​នឹង​ចុះ​ទៅ​មើល រៀបចំ​បាន​ល្អ​យ៉ាង​ម៉េច។ [បើ]​អត់​ប្រាប់​ខ្ញុំ​ទេ ខ្ញុំ​នឹង​ចុះ​ទៅ»។

លោក ហ៊ុន ម៉ាណែត ឱ្យ​ដឹង​ទៀត​ថា​ លោក​នឹង​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់ទាក់ទង​នឹងគោល​នយោ​បាយ​ពង្រឹង​មណ្ឌល​សុខភាព ​និង​ការ​ពង្រឹង​វិស័យ​អប់រំ​ដែល​ចាប់​ផ្តើម​ចេញ​ពី​សាលា​បឋម​សិក្សាផង​ដែរ​។ នាយក​រដ្ឋមន្រ្តី​បញ្ជាក់​ថា​ការ​ធ្វើ​បែប​នេះ ​មិន​មែន​ដើម្បី​ចាប់​កំហុស​អ្នកណា​ឡើយ ប៉ុន្តែ​ដើម្បីយល់​ដឹង​អំពី​ស្ថាន​ភាព​ជាក់​ស្តែង ដូច​ករណី​មាន​ការរិះគន់វិស័យ​ទេស​ចរណ៍ស្ងាត់​ស្រងំ​ក្នុង​ខេត្ត​សៀមរាប​ជាដើម។

លោក​បន្ថែម​ថា៖ «ហើយ​ចុះ​ទៅ ​ខ្ញុំ​អត់​ប្រាប់​មុន​ទេ។ ខ្ញុំ​អត់​ប្រាប់​មុន​ទេ។ កន្លែងខ្លះ​ខ្ញុំ​ស៊ីញូ​ដែរ តែ​ស៊ីញូ​ប្រហែល​ ១០ នាទី​មុន ឯកឧត្តម​មក​ជាមួយ​ខ្ញុំ ឡើង​ឡាន​ជាមួយ​ខ្ញុំ​ទៅ។ កន្លែង​ខ្លះ មិន​មែន​ថា​ចង់​ចាប់​កំហុស​ទេ តែ​ខ្ញុំ​ចង់​សួរ​ជាក់​ស្តែង»។

បន្ថែម​ពី​នេះ លោក ហ៊ុន ម៉ាណែត ក៏​បាន​លើក​ឡើង​ថា លោក​បានចាត់​បណ្តាញរបស់​លោក ឬ​ក្រុម​យុវជន​ឱ្យ​ចុះ​ទៅ​មើល​ជាក់​ស្តែង ហើយ​សូម្បីអាជ្ញាធរ​ខេត្តក៏មិន​ដឹង​ថា​ជា​ក្រុម​របស់​លោក​ផង​ដែរ​។ លោក​បន្ថែម​ថា ​លោក​ធ្វើ​បែប​នេះ ដើម្បី​ផ្ទៀង​ផ្ទាត់​ការ​ណ៍ពិត​។

លោក ហ៊ុន ម៉ាណែត ថ្លែង​ថា៖ ​«ខ្ញុំ​ក៏​មាន​ក្រុម​ចុះ​មក​ធ្វើដែរ ​[តែ]​ឯកឧត្តម ប្រាក់ សោភ័ណ​ [អភិបាល​ខេត្ត​សៀមរាប​] អត់​ដឹង​ទេ ​ព្រោះ​កិច្ចការ​ងារ​អ្វី ​ខ្ញុំ​តែង​តែ​បញ្ជូន​[ចុះមក​មូលដ្ឋាន​]។​ បើ​ថា​មាន​ស្អី​នៅ​លើ​ហ្វេសប៊ុក ​[ដែល​] ​កន្លែង​ខ្លះ​មិន​ស្រួល ខ្ញុំ​បញ្ជូន​ទៅ​ឱ្យ​ខេត្តហើយ ហើយ​ខ្ញុំ​មាន​បញ្ជូន​បណ្តាញ​ខ្ញុំ​ទៅ​មើល​ទៀត ឬមួ​យក៏​ទាក់​ទង​យុវជន​តាម​ហ្នឹង [​ឱ្យ​]ប្រាប់​មក​ ដោះ​ឬនៅ​ ​បញ្ហា​យ៉ាង​ម៉េច?»។

នា​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក ហ៊ុន ម៉ាណែត ​បាន​បង្ហោះ​វីដេអូ​មួយនៅ​លើហ្វេស​ប៊ុក​របស់​លោក​ថា​ លោក​បាន​ទៅ​ទស្សនា​ Pub Street នៅ​ខេត្ត​សៀមរាប កាល​ពី​យប់​ថ្ងៃ​ទី ១៧ ខែ​កក្កដា ​ដោយ​ស្លៀក​ពាក់ ​«ក្លែង​ភេទ​បន្តិច​» ប៉ុន្តែ​ប្រជាជន​មួយ​ចំនួន​នៅ​តែ​ចាំ​រូប​លោក​។

បើ​តាម​ លោក ហ៊ុន ម៉ាណែត ការ​ចុះ​ទៅ​ Pub Street​ នេះ គឺដើម្បី​សួរនាំ​អំពីការ​លក់​ដូរ​របស់​ប្រជា​ពលរដ្ឋ បន្ទាប់​ពី​មាន​ការ​ជជែក​វែក​ញែក​តាម​បណ្តាញ​សង្គម​ថា​ខេត្ត​សៀមរាប​ស្ងាត់​មិន​មាន​ភ្ញៀវ​ទៅ​លេង​។​

អ្នក​តាម​ដាន​មើល​ឃើញ​ថា​មន្រ្តី​ថ្នាក់​ក្រោម​មួយ​ចំនួន​បាន​លាក់​បាំង​ការណ៍ពិត ហើយ​តែង​តែ​រៀបចំ​មុន​យ៉ាងល្អ​នៅ​កន្លែង​ ដែល​នាយក​រដ្ឋមន្រ្តី​ចុះ​ទៅ​មូលដ្ឋាន​។

អ្នក​វិភាគ​នយោ​បាយនិង​សង្គម ​លោក​បណ្ឌិត​ មាស នី ថ្លែង​ថា​ លោក​គាំទ្រ​ចំពោះ​ការ​ចុះ​មូលដ្ឋាន​ដោយ​សម្ងាត់ ដើម្បី​ស្វែង​រក​ការណ៍ពិត។ ប៉ុន្តែ​លោក​ចង់​ឃើញ​ការ​ដោះ​ស្រាយ​បញ្ហា​នានា ​ជា​លក្ខណៈ​ប្រព័ន្ធ ដោយ​មាន​យន្តការ​ត្រួត​ពិនិត្យ​ឯករាជ្យ និងយក​ព័ត៌មាន​ដែល​ប្រមូល​បាន ​ដើម្បី​ឆ្លើយ​តប​។ លោក​បញ្ជាក់​ថា​ការ​ធ្វើ​បែប​នេះ​ទើប​មាន​ប្រសិទ្ធ​ភាព​យូរ​អង្វែង​។

លោក មាស នី មើល​ឃើញ​ថា​ មន្ត្រី​ថ្នាក់​ក្រោម​មួយ​ចំនួន​ខិតខំ​បិទ​បាំង​ភាព​អវិជ្ជ​មាន​ នៅ​ពេល​ថ្នាក់ដឹក​នាំ​ចុះ​ទៅ​មូលដ្ឋាន​ម្តងៗ។​

លោក​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​នៅ​តែ​គាំទ្រ​នូវ​ការ​ចង់​ដឹង​រឿង​ពិត​ ប៉ុន្តែ​វា​មាន​ឧបសគ្គ​មួយ​ចំនួន​ដែល​ខ្ញុំគិត​ថា​សម្តេច​នាយក​រដ្ឋមន្ត្រី ​គាត់​នៅ​តែ​យល់​អំពី​វប្បធម៌​មួយ​ហ្នឹង​ដែរ ​គឺ​វប្បធម៌​នៃ​ការ​ខំបិទ​បាំង​របស់​មន្ត្រី​ថ្នាក់​ក្រោម។ យើង​ដឹង​ហើយ​ថាកាលណាមាន​សកម្ម​ភាព​ទៅ​ទីណា មន្ត្រី​ថ្នាក់​ក្រោម ​ខំ​ប្រឹង​ណាស់ ឱ្យ​តែ​មាន​អ្នក​ធំ ចុះ​ទៅ​ហ្នឹង គឺ​ខំប្រឹង​រៀប​ចំ​ខ្លួន ​រៀប​ចំ​បង្ហាញ​អ្វី​ផ្សេងៗ​ដែលវិជ្ជមាន ហើយ​បិទ​បាំង​នូវ​អំពើ ឬ​បិទ​បាំងនូវសកម្ម​ភាព ​ឬភស្តុតាង​អវិជ្ជមាន​នានា​»។

បើ​តាម​ លោក មាស នី ​អតីត​នាយក​រដ្ឋមន្ត្រី ​លោក ហ៊ុន សែន ​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធ​សភា ​ក៏​ធ្លាប់​បាន​ប្រើ​វិធីសាស្ត្រ​ចុះ​ទៅ​ពិនិត្យ​មើល​ដោយ​សម្ងាត់​ផង​ដែរ។

លោក មាស នី ក៏​បង្ហាញ​ការ​ងឿង​ឆ្ងល់​ថា​ បញ្ហា​មួយ​ចំនួន​ទាល់​តែ​ថ្នាក់​ដឹកនាំ​បញ្ជា ទើប​មន្រ្តី​ថ្នាក់​ក្រោម​អនុវត្ត​។ លោក​មើល​ឃើញ​ថា​ នេះ​ប្រហែល​ជា​មន្រ្តី​ថ្នាក់​ក្រោម​ខ្លាច​ប៉ះ​ពាល់​អ្នក​មាន​អំណាច​ខ្ពស់​ជាង​ខ្លួន និង​ខ្លាច​បាត់​បង់​អំណាច ទើប​រង់ចាំ​បញ្ជា​ពី​មន្រ្តី​ជាន់​ខ្ពស់។​

​លោក​ ប៉ា ចន្ទរឿន ​ប្រធាន​វិទ្យា​ស្ថាន​ប្រជា​ធិប​តេយ្យ​កម្ពុជា​ បញ្ចេញ​មតិ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក ​នាថ្ងៃ​ព្រហស្បតិ៍​នេះថា ​ប្រសិន​បើ​សង្គម​មួយមាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯក​រាជ្យ​និង​បង្ហាញ​ការណ៍ពិត​ច្រើនជ្រុង​នៅក្នុង​សង្គម​បានល្អ ​មេដឹក​នាំកំពូល​នឹង​មិន​ពិបាក​ចុះ​ទៅមើល​ស្ថាន​ភាព​ដោយ​ខ្លួនឯង​ឡើយ​។​

លោក​ ប៉ា ចន្ទរឿន​ ប្រាប់​វីអូអេ​បន្ថែម​ថា ការ​ពង្រឹង​អភិបាល​កិច្ច​ល្អ​តាម​មូលដ្ឋាន និង​ការបើក​លំហ​សេរីភាព​សារព័ត៌​មាន​ឱ្យ​បាន​ទូលាយ គឺ​ជារឿង​ចាំបាច់​ ​ដើម្បី​ឱ្យថ្នាក់​ដឹកនាំ​អាច​ទទួល​បាន​ពត៌មានពិត ​តាម​រយៈ​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន​។

លោក​ប្រាប់​វីអូអេ​នៅថ្ងៃព្រហស្បតិ៍នេះ​ថា៖ ​«ដូច្នេះ​លំហ​ប្រជាធិប​តេយ្យ ​និង​ការ​លើក​កម្ពស់​សេរីភាព​សារព័ត៌​មាន ​គឺជា​រឿង​ចាំបាច់​ដើម្បី​ធ្វើឱ្យ​ទាំង​រាស្ត្រ ទាំង​រដ្ឋ ​ទាំង​ប្រជា​ពល​រដ្ឋ​ទូទៅ ​ទាំង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ហ្នឹង ដើម្បី​ទទួល​បាន​ព័ត៌មាន​ពិត ​ដើម្បី​ជាប្រយោជន៍​ក្នុងការ​គិតគូរ ​និង​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​សង្គម​ជាក់ស្តែង​។​ កាលណា​ពត៌មាន​ផ្សាយ​តែមួយ​ជ្រុងណាមួយ ដោយ​មិន​បាន​ក្តោប​ទិដ្ឋភាព​រូប​នៃ​សង្គម ឬ​បញ្ហា​ទេ វាអាច​ធ្វើ​ឱ្យ​អ្នក​នយោបាយ ​ឬ​ថ្នាក់ដឹក​នាំ​ជាន់ខ្ពស់​វាយ​តម្លៃ​ស្ថាន​ការណ៍​មិនត្រូវ ហើយ​អាច​ចាត់វិធានការ​មិន​មាន​ប្រសិទ្ធិ​ភាព​»។

​លោក​ ប៉ា ចន្ទរឿន​ ប្រាប់​វីអូអេ​បន្ថែម​ថា ការ​ចុះមូល​ដ្ឋាន​ផ្ទាល់​របស់​ថ្នាក់​ដឹកនាំគឺ​ជារឿងល្អ ប៉ុន្តែ​បញ្ហា​សង្គម​មា​នច្រើន ​ដូច្នេះ​ថ្នាក់​ដឹកនាំ​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​នោះ​ទេ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG