ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ពង្រឹង​រចនា​សម្ព័ន្ធ​ថ្មី​ក្នុង​ការ​អនុវត្ត​កិច្ចការ​ក្រសួង ស្ថាប័ន​ជាតិ​និង​ក្រោម​ជាតិ


រូបឯកសារ៖ នាយករដ្ឋមន្ត្រី​កម្ពុជាលោក ហ៊ុន ម៉ាណែត ថ្លែង​នៅក្នុង​សម័យ​ប្រជុំ​របស់​សភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ (Facebook / Samdech Thipadei Hun Manet, Prime Minister of Cambodia)
រូបឯកសារ៖ នាយករដ្ឋមន្ត្រី​កម្ពុជាលោក ហ៊ុន ម៉ាណែត ថ្លែង​នៅក្នុង​សម័យ​ប្រជុំ​របស់​សភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ (Facebook / Samdech Thipadei Hun Manet, Prime Minister of Cambodia)

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សារាចរ​អំពី​ការ​រៀបចំ​ និង​កែ​សម្រួល​រចនា​សម្ព័ន្ធ​របស់​ក្រសួង​ស្ថាប័ន​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ ​ដើម្បី​ពង្រឹង​កំណើន​ការងារ ស្របពេល​ដែល​អ្នក​ជំនាញ​យល់​ថា​ សារាចរ​នេះ​ជា​រឿង​ចាំ​ចាច់​ក្នុង​ការ​កំណត់​តួនាទី​ និង​សមត្ថកិច្ច​មន្ត្រី​នៅ​ក្នុង​ក្រសួង​ ស្ថាប័ន​ ចៀស​វាង​ត្រួត​ឬ​ជាន់​រចនា​សម្ព័ន្ធ​គ្នា។​

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ មាណែត​ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​បាន​ចេញ​សារាចរ​រៀប​ចំ​ និង​ការ​កែ​សម្រួល​រចនា​សម្ព័ន្ធ​របស់​ក្រសួង​ស្ថាប័ន​ដើម្បី​ពង្រឹង​ប្រសិទ្ធ​ភាព​ ក្នុង​ន័យ​រៀប​ចំ​ផ្ទះ​ឱ្យ​មាន​របៀប​រៀប​រយ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​ ១២​ ខែ​មិថុនា​ ឆ្នាំ​ ២០២៤​ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ ម៉ាណែត ​បាន​ចេញ​សារាចរ​អំពី​ការ​រៀបចំ​ និង​កែ​សម្រួល​រចនា​សម្ព័ន្ធ​របស់​ក្រសួង​ស្ថាប័ន​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ ផ្អែក​លើ​ស្នូល​ «យុទ្ធ​សាស្រ្ត​បញ្ច​កោណ​ ដំណាក់​កាល​ទី​ ១»។​ យុទ្ធ​សាស្ត្រ​នេះ​មាន​គោល​ដៅ​ពង្រឹង​កំណើន​ការងារ​ ផ្តោត​លើ​អភិបាល​កិច្ច​ និង​ទំនើប​កម្ម​ស្ថាប័ន​សាធារណៈ។​

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ថែម​ថា​ សារាចរ​នេះ​ជា​ការ​រៀប​ចំ​រចនា​សម្ព័ន្ធ​ដែល​មាន​ស្រាប់​ ពោល​ត្រូវ​ពិនិត្យ​និង​រៀបចំ​រចនា​សម្ព័ន្ធ​ឱ្យ​បាន​រៀប​រយ​ និង​ឱ្យ​អស់​ពី​លទ្ធភាព​ និង​សម​ស្រប​ទៅ​តាម​ការ​អនុវត្ត​មុខ​ងារ​ ដោយ​មាន​ការ​កំណត់​គណនេយ្យ​ភាព​ និង​ការ​ទទួល​ខុស​ត្រូវ។​ សេចក្តី​ប្រកាស​បន្ត​ថា​ អង្គភាព​ក្រសួង​ ស្ថាប័ន​ «មិន​ត្រូវ​នាំ​ឱ្យ​មាន​ការ​បង្កើត​ចំនួន​អង្គភាព​ ​ទោះ​ក្នុង​កម្រិត​ណា​មួយ​ក៏​ដោយ» ​ដើម្បី​ធ្វើ​ការ​កែ​សម្រួល​ ឬ​ច្របាច់​បញ្ចូល​គ្នា ​ឬ​លុប​ចោល។​

លោក​ គិន​ ភា​ ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ប្រាប់​វីអូអេ​ថា​ ការ​រៀប​ចំ​និង​កែ​សម្រួល​រចនា​សម្ព័ន្ធ​ក្រសួង​ស្ថាប័ន​ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ជា​រឿង​ចាំ​បាច់​ ពីព្រោះ​ស្ថាន​ភាព​សង្គម​មាន​ការ​ប្រែ​ប្រួល​ច្រើន​ ដែល​ទាម​ទារ​ឱ្យ​មាន​ការ​កែ​សម្រួល​ឡើង​វិញ​ទៅ​តាម​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ សង្គម ​និង​ការ​វិវត្ត​របស់​ពិភព​លោក។​ លោក​បន្ថែម​ថា​ ក្រសួង​ស្ថាប័ន​ខ្លះ​អាច​មាន​រចនា​សម្ព័ន្ធ​ ឬ​សមត្ថ​កិច្ច​ជាន់​គ្នា​ដែល​ចាំ​បាច់​ទាម​ទារ​ឱ្យ​មាន​ការ​កែ​សម្រួល ​ទាំង​គុណ​ភាព​ក្រសួង​ស្ថាប័ន​ និង​មន្ត្រី​រាជ​ការ។​

លោក​ គិន​ ភា​ ថ្លែង​ថា៖​ «អ្វី​ជា​ការ​សង្កេត​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ បច្ចុប្បន្ន​នេះ​យើង​មាន​ក្រសួង​ស្ថាប័ន​ច្រើន​ ហើយ​រចនា​សម្ព័ន្ធ​ក្រសួង​ស្ថាប័ន​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ក៏ច្រើន​ដែរ។​ កន្លែង​ខ្លះ​អាច​ហួស​សមត្ថ​កិច្ច​គ្នា​ ត្រួត​រចនា​សម្ព័ន្ធ​គ្នា»។​

លោក​ គិន ភា​ បញ្ជាក់​ថា​ កំណែ​ទម្រង់​នេះ​ជា​អភិបាល​កិច្ច​មួយ​ដែល​អាច​ឆ្លើយ​តប​តម្រូវ​ការ​សេដ្ឋ​កិច្ច​ សង្គម​ នយោបាយ​ និង​តម្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ​ ដោយ​អនុវត្ត​ការ​ពង្រឹង​សមត្ថ​ភាព​ស្ថាប័ន ​និង​មន្ត្រី​រាជ​ការ​សាធារណៈ។​

លោក​ ប៉ា ច័ន្ទរឿន ​ប្រធាន​វិទ្យាស្ថាន​ប្រជា​ធិបតេយ្យ​កម្ពុជា ​ប្រាប់​វីអូអេ​ថា​ ការ​ដាក់​ចេញ​សារាចរ​នេះ​ជា​រឿង​ចាំ​បាច់​ដែល​ត្រូវ​តែ​ធ្វើ​ ដើម្បី​ធានា​រចនា​សម្ព័ន្ធ​ និង​ធនធាន​មនុស្ស​ អ្នក​ដឹក​នាំ​នៅ​ក្នុង​ក្រសួង​ ​ស្ថាប័ន។​ លោក​បន្ថែម​ថា​ មន្រ្តី​នៅ​ក្នុង​ស្ថាប័ន​ត្រូវ​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​អនុវត្ត​ផែន​ការ​យុទ្ធ​សាស្ត្រ​ និង​នយោបាយ​របស់​រដ្ឋាភិបាល​ថ្មី។​

លោក​ ប៉ា ច័ន្ទរឿន​ថ្លែង​ថា៖​ «​ជា​ការពិត​ ដើម្បី​ឱ្យ​រដ្ឋាភិបាល​ថ្មី​អាច​អនុវត្ត​យុទ្ធ​សាស្ត្រ​ថ្មី​ គោល​នយោបាយ​ថ្មី​បាន​ ទាល់​តែ​មាន​ការ​កែ​ទម្រង់​រចនា​សម្ព័ន្ធ​ស្ថាប័ន​សាធារណៈ​ ក៏​ដូច​ជា​ធនធាន​មនុស្ស​ដើម្បី​អនុវត្ត​យុទ្ធ​សាស្ត្រ​ ឬ​គោល​នយោបាយ​ឱ្យ​បាន​សម្រេច​ជោគ​ជ័យ»។​

លោក​ ប៉ា ច័ន្ទរឿន​ បន្ថែម​ថា​ ក្រសួង​ ស្ថាប័ន​គួរ​ពិនិត្យ​ឡើង​វិញ​លើ​តួនាទី​ ឬ​សមត្ថ​កិច្ច​ដែល​ជាន់​គ្នា​ ឬ​ប្រហាក់​ប្រហែល​គ្នា​ ដើម្បី​ធានា​ថា ​ក្រសួង​ស្ថាប័ន​ទាំង​អស់​ធ្វើ​កិច្ច​ការ​ងារ​ដោយ​មាន​ប្រសិទ្ធ​ភាព។​

គួរ​បញ្ជាក់​ថា​ ​រចនា​សម្ព័ន្ធ​ថ្មី​នេះ​ត្រូវ​ប្រើ​ប្រាស់​រចនា​សម្ព័ន្ធ​ដែល​មាន​ស្រាប់​របស់​ក្រសួង​ ស្ថាប័ន​ ដោយ​មិន​ត្រូវ​បង្កើត​ឱ្យ​មាន​រចនា​សម្ព័ន្ធ​គ្រប់​គ្រង​ និង​មុខ​តំណែង​អចិន្ត្រៃយ៍​ឡើយ​ លើក​លែង​រចនា​សម្ព័ន្ធ​ដែល​ត្រូវ​បង្កើត​អនុលោម​បញ្ញតិ​ដែល​មាន​កំណត់​ក្នុង​ច្បាប់៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG