ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស​សុំ​ឱ្យ​តុលាការ​កំពូល​បង្ហាញ​ឯករាជ្យ​ភាព


រូបឯកសារ៖ តុលាការ​កំពូល​និង​មហាអយ្យការ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី២៥ ខែតុលា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា VOA)
រូបឯកសារ៖ តុលាការ​កំពូល​និង​មហាអយ្យការ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី២៥ ខែតុលា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា VOA)

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​(Human Rights Watch)​ ​នៅ​ថ្ងៃ​ពុធ​នេះ​ ​បាន​ស្នើ​ឲ្យ​តុលាការ​កំពូល​របស់​កម្ពុជា​ ​ប្រើ​អំណាច​ឯករាជ្យ​របស់​ខ្លួន​ប្រឆាំង​នឹង​សម្ពាធ​របស់​រដ្ឋាភិបាល​ ​ដែល​បាន​ស្នើ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​បក្ស​ប្រឆាំង​ដ៏​សំខាន់​មួយ​របស់​កម្ពុជា។​ ​នេះ​បើ​យោង​តាម​សេច​ក្តី​ថ្លែង​ការណ៍​របស់​អង្គការ​ឃ្លំា​មើល​សិទ្ធិ​មនុស្ស​ ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក។​

ក្នុង​សេចក្តី​ថ្លែង​ការណ៍​ ​ដែល​បាន​បង្ហោះ​ក្នុង​ប្រព័ន្ធ​សង្គម​ ​Twitter​ ​នាថ្ងៃ​ពុធ​នេះ​ ​លោក​ ​ប្រេដ អាដាមស៍​ ​(Brad Adams)​ ​នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​ ​បាន​លើក​ឡើង​ថា​ តុលាការ​កំពូល​កម្ពុជា​ ​គួរ​តែ​ទប់ទល់​នឹង​សម្ពាធ​របស់​រដ្ឋាភិបាល​ ​ដើម្បី​ចេញ​សេចក្តី​សម្រេច​លើ​ការ​រំលាយ​គណបក្ស​ប្រឆាំង។​ ​លោក​ ​ប្រេដ អាដាមស៍​ ​ក៏​បាន​ស្នើ​ដល់​អ្នក​គាំទ្រ​ ​និង​ម្ចាស់​ជំនួយ​អន្តរជាតិ​របស់​កម្ពុជា​ ​នា​នា​គួរតែថ្លែង​ឲ្យបាន​ច្បាស់​ថា​ ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​ជាតិ​ដែលគ្រោង​នឹង​ធ្វើ​នៅ​ឆ្នាំ​ ២០១៨​ ​គ្មានភាព​ស្រប​ច្បាប់។​

លោក​ ​ប្រេដ អាដាមស៍​ ​ត្រូវបាន​ដកស្រង់​សម្តី​តាម​ន័យ​ដើម​ថា៖​

«លោក​នាយករដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​ដូចជា​មាន​ការ​ភ័យ​ខ្លាច​ថា​ ​លោក​នឹង​ចាញ់​ការ​បោះឆ្នោត​ដែល​គ្រោង​នឹង​ធ្វើឡើង​នៅ​ឆ្នាំ​ ​២០១៨​ ​ដូច្នេះ​គាត់​បាន​ប្រើ​ជម្រើស​ដ៏​ខ្លាំងក្លា​មួយ​ដើម្បី​បំផ្លាញ​គណបក្ស​ប្រឆាំង»។​

លោក​ត្រូវបាន​ដកស្រង់​សម្តី​បន្តថា​៖ «ទោះបី​តុលាការ​កំពូល​ជាផ្នែក​មួយ​ដ៏​មាន​ប្រសិទ្ធភាព​របស់​គណបក្ស​កាន់​អំណាច​កី្ត​ ក៏​តុលាការ​នេះ​ មាន​ឱកាស​ជា​ប្រវត្តិសាស្រ្ត​ដើម្បី​បង្ហាញ​ភាព​ឯករាជ្យ​ខ្លះៗ​ និង​តម្កល់​ទុក​នីតិរដ្ឋ»។​

តុលាការ​កំពូល​របស់​កម្ពុជា​ កំពុង​ធ្វើ​ការ​លើ​រឿងក្តី​រំលាយ​គណបក្ស​ប្រឆាំង​ តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ ហើយ​គ្រោង​នឹង​បើក​សវនាការ​នៅ​ថ្ងៃ​ទី​១៦​ ​ខែវិច្ឆិកា​ស្អែកនេះ។​ ​លោក​ ​ហ៊ុន សែន​ ​ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា​ បាន​អះអាង​នៅ​មុនការ​ចេញសេចក្តី​សម្រេច​របស់​តុលាការ​នេះ​ថា​ ​បក្ស​សង្រ្គោះ​ជាតិ​នឹង​ត្រូវ​រំលាយ​នា​ពេល​នោះ។​ ​លោក​ ហ៊ុន សែន​ ក៏បាន​អំពាវនាវ​ឲ្យ​មន្ត្រី​គ្រប់​ជាន់​ថ្នាក់​របស់​គណបក្ស​ប្រឆាំង​ចូលរួម​ជាមួយ​គណបក្ស​កាន់​អំណាច​ ដើម្បី​រក្សា​មុខ​តំណែង​ និង​តួនាទី​របស់​ខ្លួន។​

លោក​ ​អ៊ុក គឹមសិទ្ធិ​ ​អគ្គ​ព្រះ​រាជអាជ្ញារង​តុលាការ​កំពូល​ ​បាន​ច្រាន​ចោល​សំណើ​របស់​លោក​ ​ប្រេដ​ អាដាមស៍​ ​ដោយ​បាន​ថ្លែង​តុលាការ​យល់​ពីតួនាទី​ក្នុង​ការ​កាត់​ក្តី​ដោយ​គ្មាន​ការ​ជ្រៀត​ជ្រែក​ពី​ភាគី​ណា​មួយ។

លោក​បាន​ប្រាប់​ ​VOA​ ​ក្នុង​ន័យ​ដើម​ថា៖​

«​ខ្ញុំបញ្ជាក់​ជូន​ត្រឡប់​ទៅវិញ​ ទៅ​លោក​ ​Brad Adams​ ​វិញ​គឺថា​ ​តុលាការ​លោក​យល់​ពី​ ​តួនាទី​ និង​ភារកិច្ច​របស់​លោក​ហើយ​ អីចឹង​មិន​បាច់​ខាង​ លោក​ Brad Adams នឹង​មក​ ណែនាំ​ទេ»។​

អគ្គ​ព្រះរាជអាជ្ញារង​តុលាការ​កំពូល​រូបនេះ​ បាន​ថ្លែង​បន្ត​ថា​ សវនាការ​ដែលគ្រោង​ធ្វើ​នៅថ្ងៃ​ទី​ ១៦​ ខែ​វិច្ឆិកា​ ពោល​គឺនៅ​ថ្ងៃ​ស្អែកនេះ​ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​គ្មានការ​កែប្រែ។ លោក​ អ៊ុក គឹមសិទ្ធិ​ បាន​មាន​ប្រសាសន៍​ទៀត​ថា​ តុលាការ​មិន​ព្រួយ​បារម្ភ​ពី​បញ្ហា​សន្តិសុខ​ និង​ការ​រិះគន់​ពី​មហាជន​ នៅក្នុង​កាលៈទេសៈ​ដែល​ តុលាការ​កាត់​ក្តីសម្រេច​រំលាយបក្ស​ប្រឆាំង។

លោក​ ​អ៊ុក គឹមសិទ្ធិ​ ​អគ្គ​ព្រះរាជ​អាជ្ញារង​តុលាការ​កំពូល​បាន​បន្ថែម​ថា៖​

«អានោះ​ជា​សិទ្ធិ​របស់​គាត់​ថា​បាទ។ ប៉ុន្តែ​តុលាការ​នឹង​បំពេញ​ការ​ងារ​របស់​ខ្លួន​ ទៅតាម​ក្រម​វិជ្ជាជីវៈ​ ទៅ​តាម​ច្បាប់»។​

ក្នុង​សេចក្តីថ្លែង​ការណ៍​របស់​លោក​ ប្រេដ អាដាមស៍​ មាន​ចំណង​ជើង​ថា​ «ប្រទេស​កម្ពុជា៖ លទ្ធិ​ប្រជា​ធិប​តេយ្យ​ប្រឈម​នឹង​ការ​ស្លាប់ អ្នក​ការទូត​ និង​ម្ចាស់​ជំនួយ​ចាំបាច់​ត្រូវ​ធ្វើ​សកម្មភាព​ ប្រសិនបើ​តុលាការ​រំលាយ​គណបក្ស​ប្រឆាំង»​ អ្នក​ការពារ​សិទ្ធិមនុស្ស​រូបនេះ​ បាន​លើក​ឡើង​ថា​ ការ​រំលាយ​គណ​បក្ស​ប្រឆាំង​ដែល​បាន​គ្រោង​ទុក ជា​ផ្នែកមួយ​នៃការ​បង្ក្រាប​ដ៏ធំ​របស់​លោក​ ​ហ៊ុន សែន​ ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រឆាំង​រាល់​ទម្រង់​នៃ​ការ​រិះ​គន់​ដោយ​សន្តិវិធី។​

សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​ ​នៅ​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ រដ្ឋាភិបាល​បាន​បង្ខំ​ឲ្យ​មាន​ការ​បិទ​កាសែត​ The Cambodia Daily​ ស្ថានីយ៍​វិទ្យុ​ក្នុង​ស្រុក​ឯករាជ្យ​ជា​ច្រើន​ និង​ស្ថានីយ៍​ FM ដែល​ផ្សាយ​បន្ត​ វិទ្យុ​អាស៊ី​សេរី​ និង​សំឡេង​សហរដ្ឋ​អាមេរិក​ ​(VOA) ជា​ភាសា​ខ្មែរ។ ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​បន្ត​ឲ្យដឹង​ទៀតថា​ ​យ៉ាងហោចណាស់​មាន​សកម្មជន​ប្រឆាំង​ និង​ស៊ីវិល​ ​២០នាក់​ ​នៃ​ក្រុម​ប្រឆាំង​ និង​ស៊ីវិល​ចំនួន​ប្រមាណ​ ៣០​នាក់​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​តាម​អំពើ​ចិត្ត​តាំងពី​ខែ​ឧសភា​ ​ឆ្នាំ​២០១៥​ នឹង​បន្ត​ជាប់​ឃុំ​ ​ហើយ​ពួកគេ​ជាច្រើន​នាក់​នោះ​ ត្រូវបាន​យក​មក​កាត់​ក្នុង​សវនាការ​មិន​ពេញ​លេញ​ ដែល​បាន​ចាក​ឆ្ងាយ​ពី​បទដ្ឋាន​អន្តរជាតិ​នានា។​

លោក​ ​ប្រេដ​ អាដាមស៍​ ត្រូវបាន​ដកស្រង់​សម្តី​បន្ថែម​ក្នុង​ន័យ​ដើម​ថា​៖

«​លោក​ ហ៊ុន សែន​ បាន​ស្ថិត​ក្នុង​ដំណើរការ​បំផ្លាញ​ សេរីភាព​នៃការ​និយាយ​ស្តី​ដែល​មាន​លក្ខណៈ​ពហុ​និយម​ និង​ផលប្រយោជន៍​ខាង​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត ​ចាប់​តាំងពី​ការ​ចុះ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ ឆ្នាំ​១៩៩១»។​

លោក​បាន​ថ្លែង​បន្តទៀត​ក្នុង​ន័យដើម​ថា៖​

«ម្ចាស់​ជំនួយ និង​អ្នក​ការទូត​ទាំងឡាយ មាន​ជម្រើស​មួយៈ​ មិន​ធ្វើ​អ្វី​ទាំងអស់​ ខណៈ​ដែល​ឱកាស​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​ត្រូវបាន​គេ​កម្ទេច​ចោល​ ឬក៏​ផ្ញើ​សារ​ថា​ នឹង​មាន​ផល​វិបាក​ខាង​ការទូត​ សេដ្ឋកិច្ច​ និង​នយោបាយ​ធ្ងន់​ធ្ងរ​ ប្រសិន​បើ​លោក​ ហ៊ុន សែន​ ទាញ​កម្ពុជា​ឲ្យ​ត្រឡប់​ទៅ​ រដ្ឋ​ដែល​ដំណើរ​ការ​ដោយ​គណបក្ស​តែមួយ»។​

រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)
រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ បាន​បដិសេធ​ ​មិន​ផ្តល់​ការ​អធិប្បាយ​ អំពី​វិធានការ​របស់​អាមេរិក​ ប្រសិន​បើ​គណបក្ស​ប្រឆាំង​ត្រូវ​តុលាការ​រំលាយ។​

លោក​ ​សុខ ឥសាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​បាន​ថ្លែង​ថា​ ​ការ​ថ្លែង​របស់​លោក​ ប្រេដ អាដាមស៍​ គ្រាន់​តែ​ជា​ការ​បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ ​ដែល​នឹង​មិន​មាន​ឥទ្ធិពល​អ្វីទាល់​តែសោះ​លើ​អំណាច​តុលាការ​ក្នុង​ប្រទេស​កម្ពុជា។​

«ជាមតិ​របស់​គាត់​ផ្ទាល់​ ក៏ប៉ុន្តែ​ វាមិន​បាន​គ្រប់ដណ្តប់​ មក​លើ​អធិបតេយ្យ​ភាព​ ឯករាជ្យភាព​របស់​តុលាការ​កម្ពុជា​ទេ។ ហើយ​ការ​អំពាវនាវ​របស់​គាត់​ ហើយ​ការ​អំពាវនាវ​របស់​គាត់​ឲ្យតុលាការ​ហ្នឹង​ ពង្រឹង​ជំហរ​ឯករាជ្យ​ភាព​ ក្នុងការ​កាត់​សេចក្តី​នាថ្ងៃ​ស្អែក​នេះ​ ខ្ញុំ​យល់​ថា​ ជាការ​ត្រឹម​ត្រូវ​ ក៏ប៉ុន្តែ​ដល់​ចេញ​លទ្ធផល​មក​ ដោយ​ការ​កាត់​ក្តី​ដោយ​ឯករាជ្យ​របស់​តុលាការ​ហ្នឹង​ សុំកុំ​ឲ្យគាត់​ថ្នាំង​ថ្នាក់​ បើ​ពេលណា​ ដែល​មិន​ពេញចិត្ត​គាត់​ចង់បាន​នោះ​បាទ»។​
អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច មិន​ផ្តល់​ការ​អធិប្បាយ​ ទាក់​ទិន​ការ​ថ្លែង​របស់​លោក​ ប្រេដ​ អាដាមស៍​ ដែល​អះអាង​ថា​ ការរំលាយ​គណបក្ស​ប្រឆាំង​ជា​ផ្នែក​មួយ​នៃ​ការ​បង្រ្កាប​លើ​សំឡេង​ជំទាស់​របស់​រដ្ឋាភិបាល​លោក​ ហ៊ុន សែន។​

ការ​ប៉ុន​ប៉ង​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ និង​តែ​មួយ​គត់​នៅ​សភា​ជាតិ​ខ្មែរ​នេះ​ នៅ​បន្ត​ជា​ក្តី​បារម្ភ​របស់​សហគមន៍​អន្តរជាតិ​ ក៏​ដូច​ជា​អង្គការ​ឃ្លាំមើល​សកម្មភាព​ ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ និង​សេរីភាព​ក្នុង​ការ​ធ្វើ​នយោបាយ​ផ្សេង​ទៀត។ ​កាលពីខែ​តុលា​ ក្រុម​សមាជិក​សភា​អាស៊ាន​ ដើម្បី​សិទ្ធិ​មនុស្ស​ (ASEAN Parliamentarians for Human Rights)​ ​ហៅកាត់​ថា APHR​ ​បាន​ថ្កោល​ទោស​ ការ​វិវត្ត​ចុង​ក្រោយ​នៃ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ ថា​ជា​ការ​នាំ​យក​កម្ពុជា​ទៅ​កាន់​ការ​ដឹកនាំ​បែប​ឯកបក្ស​ ដែល​ផ្ទុយ​ពី​គោលការណ៍​លទ្ធិ​ប្រជាធិប​តេយ្យ​ទាំង​ស្រុង៕

XS
SM
MD
LG