អង្គការសិទ្ធិមនុស្ស Human Rights Watch ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានទទូចដល់ប្រទេសផ្តល់ជំនួយ និងអង្គការសហប្រជាជាតិឲ្យប្រឆាំងនឹងការកាត់ទោសក្រុមមន្ត្រីសិទ្ធិមនុស្សនៃអង្គការអាដហុក និងការប៉ុនប៉ងបិទការិយាល័យសិទ្ធិមនុស្សអ.ស.បប្រចាំកម្ពុជា។
មន្ត្រីសមាគមអាដហុក៤រូប រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងលោកស្រី លឹម មុនី ហើយនឹងលោក នី ចរិយា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួនអស់រយៈពេលជិត៨ខែមកហើយ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយកោះ ហៅពួកគេទៅសាកសួរពាក់ព័ន្ធនឹងបទសូកប៉ាន់សាក្សី ក្នុងសំណុំរឿងអាស្រូវស្នេហារបស់លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិជាមួយនារីកាត់សក់វ័យក្មេងម្នាក់ឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ កាលពីចុងខែមេសា ដែលគេចាត់ទុកថាជារឿងនយោបាយនោះ។
ថ្មីៗនេះ តុលាការកំពូលច្រានចោលបណ្ដឹងសុំនៅក្រៅឃុំរបស់មន្ត្រីសិទ្ធិមនុស្ស និងគ.ជ.បនេះដែលអង្គការសិទ្ធិមនុស្ស Human Rights Watch បាននិយាយថា នេះជាការរំលោភសិទ្ធិតាមផ្លូវច្បាប់នៃច្បាប់អន្តរជាតិ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១ ខែធ្នូ លោក Brad Adams នាយកអង្គការ Human Rights Watch ដែលសុំឲ្យដោះលែងជនទាំង៥នាក់នោះ បានចាត់ទុកថា ការកាត់ទោសលើមន្ត្រីសិទ្ធិមនុស្សជារឿងគំរាមកំហែង និងកៀបសង្កត់កិច្ចការសិទ្ធិមនុស្ស។ ហើយការគំរាមបិទការិយាល័យឧត្តមស្នងការអ.ស.បផ្នែកសិទ្ធិមនុស្សនៅកម្ពុជា គឺជាយុទ្ធនាការដើម្បីបន្ថយសកម្មភាពឃ្លាំមើលផ្នែកសិទ្ធិមនុស្សជាតិ និងអន្តរជាតិក្នុងប្រទេសកម្ពុជា ដោយលោកបានទទូចថា ប្រទេសផ្តល់ជំនួយដល់កម្ពុជានិងស្ថាប័នអ.ស.បត្រូវតែបញ្ចេញប្រតិកម្មប្រឆាំងនឹងការកាត់ទោស និងសកម្មភាពផ្សេងទៀត ដែលគាំទ្រដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ហើយនឹងគណបក្សគ្រប់គ្រងប្រទេស ដែលមានបំណងគំរាមកំហែងនិងគាបសង្កត់កិច្ចការសិទ្ធិមនុស្ស។
លោកបានបញ្ជាក់តាមប្រសាសន៍ដើមថា៖
«តុលាការកំពូលបានបង្ហាញពីភាពលម្អៀងផ្នែកនយោបាយរបស់ខ្លួន ក្នុងការបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់សកម្មជនការពារសិទ្ធិមនុស្សទាំង៥រូបដែលត្រូវបានចោទប្រកាន់ពីបទព្រហ្មទណ្ឌដោយគ្រាន់តែបំពេញកិច្ចការរបស់ពួកគេ ហើយដែលរដ្ឋាភិបាលមិនពេញចិត្ត។ គេមិនគួរយល់ច្រឡំទេថា ការកាត់ទោសនេះគឺដើម្បី អ្វីផ្សេងក្រៅតែពីកិច្ចប្រឹងប្រែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបំផ្លាញកិច្ចការជាច្រើនទសវត្សរ៍ ដែលក្រុមអ្នកការពារសិទ្ធិមនុស្សកម្ពុជា និងអ.ស.ប បានធ្វើដើម្បីលើកកម្ពស់សិទ្ធិមនុស្សសម្រាប់ពលរដ្ឋកម្ពុជាទាំងអស់នោះ»៕