អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានទាមទារឱ្យមានការស៊ើបអង្កេតអំពីការសម្លាប់សកម្មជនឡាវល្បីឈ្មោះម្នាក់រស់នៅនិរទេសខ្លួនក្នុងប្រទេសថៃ។
ក្រុមការពារសិទ្ធិមនុស្សនេះបាននិយាយថា សាកសពលោក Bounsuan Kitiyano ត្រូវបានរកឃើញក្នុងព្រៃមួយក្នុងប៉ែកឦសានប្រទេសថៃនៅជាប់ព្រំដែនឡាវ។ ការស៊ើបអង្កេតដំបូងមួយរបស់ប៉ូលិសបញ្ជាក់ថា លោក Kitiyano ត្រូវបានបាញ់សម្លាប់ នៅពេលលោកជិះម៉ូតូតែម្នាក់ឯង។
លោក Bounsuan អាយុ ៥៦ ឆ្នាំ ជាអតីតសមាជិកក្រុមឡាវសេរីមានទាក់ទិននឹងការធ្វើបាតុកម្មមួយចំនួនខាងមុខស្ថានទូតឡាវក្នុងក្រុងបាងកក ទាមទារឱ្យមានការគោរពសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាន។ អង្គការ Human Rights Watch និយាយថា លោកត្រូវបានទទួលស្គាល់ថា ជាជនភៀសខ្លួនម្នាក់ដោយទីភ្នាក់ងារខាងជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។
អ្នកស្រី Elaine Pearson នាយិកាផ្នែកទ្វីបអាស៊ីរបស់អង្គការ Human Rights Watch បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធនេះថា៖ «ការសម្លាប់ដោយគ្មានមេត្តានូវសកម្មជននយោបាយឡាវល្បីឈ្មោះនិរទេសខ្លួននៅប្រទេសក្រៅនេះ ទាមទារឱ្យមានការឆ្លើយតបជាបន្ទាន់ពីអាជ្ញាធរថៃ»។
អង្គការ Human Rights Watch ថ្លែងថាប្រទេសថៃ «បានខកខានជាបន្តបន្ទាប់ក្នុងការបញ្ចៀសឬឆ្លើយតបឱ្យបានគ្រប់គ្រាន់ដល់ការវាយប្រហារប្រឆាំងនឹងក្រុមអ្នករិះគន់ខាងនយោបាយលើរដ្ឋាភិបាលសង្កត់សង្កិននៃប្រទេសឡាវ កម្ពុជា វៀតណាមនិងប្រទេសមីយ៉ាន់ម៉ា ដែលនៅជិតខាងប្រទេសថៃ»។
អង្គការ Human Rights Watch ក៏បាននិយាយដែរថា ការធ្វើឃាតលោក Bounsuan «បញ្ជូនសារមួយថា គ្មានកន្លែងណាដែលសុវត្ថិភាពសម្រាប់ក្រុមអ្នករិះគន់រដ្ឋាភិបាលឡាវទេ» ដោយនិយាយយោងដល់ការបាត់ខ្លួនសកម្មជនសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ លោក Od Sayavong នៅក្នុងប្រទេសថៃកាលពីខែសីហា ឆ្នាំ ២០១៩ និងការបាញ់លោក Anousa Luangsuphom សកម្មជនរិះគន់រដ្ឋាភិបាលឡាវតាមអនឡាញនៅក្នុងរដ្ឋធានីវៀងចន្ទន៍ កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំនេះ។
លោក Luangsuphom ត្រូវបានរាយការណ៍ដំបូងថា ត្រូវបានសម្លាប់ក្នុងការវាយប្រហារ តែនៅពេលបន្ទាប់មកគ្រួសារលោកបាននិយាយប្រាប់អង្គការ Human Rights Watch ថា ពួកគេបានរាយការណ៍ខុសអំពីការស្លាប់របស់លោក ដើម្បីការពារលោកនៅពេលលោកកំពុងធូរស្បើយវិញ៕