អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានរិះគន់ការមិនអនុញ្ញាតឱ្យមេធាវីបានជួបកូនក្តី គឺលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងសហការីរបស់លោកពីរនាក់ភ្លាមៗ ខណៈអ្នកទាំង៣ស្ថិតក្នុងស្នងការដ្ឋាននគរបាលខេត្តរតនគិរី គិតត្រឹមម៉ោង៣រសៀលថ្ងៃសុក្រ ទី១៩ ខែឧសភា។
ពួកគេត្រូវបានឃាត់ខ្លួនចាប់តាំងពីព្រឹកថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយនាថ្ងៃសុក្រនេះ លោក Phil Robertson នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានលើកឡើងថា ការឃាត់ខ្លួនសាកសួរលោក ថេង សាវឿន និងសហការី២នាក់របស់លោក «ជាការបំពានយ៉ាងច្បាស់»នូវមាត្រា៩៨នៃច្បាប់ស្ដីពីក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា ដែលចែងថា ប៉ូលិសមិនត្រូវរារាំងមេធាវីមិនឱ្យចូលទៅសន្ទនាជាមួយកូនក្តី បន្ទាប់ពីឃាត់ខ្លួនរយៈពេល២៤ម៉ោង។
លោកបញ្ជាក់ថា៖ «ភាពអយុត្តិធម៌នេះ គឺជាឧទាហរណ៍ថ្មីមួយដែលអាជ្ញាធរកម្ពុជាបំពានយ៉ាងធ្ងន់ធ្ងរលើសេរីភាពជាមូលដ្ឋាននៃការប្រមូលផ្តុំ និងការបញ្ចេញមតិ ហើយមិនគោរពទាំងស្រុងលើកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់កម្ពុជា»។
អង្គការអន្តរជាតិមួយនេះជំរុញឱ្យកម្ពុជាដោះលែងពួកគេទាំង៣នាក់ភ្លាមៗនិងគ្មានលក្ខខណ្ឌ ហើយ«បញ្ឈប់នូវយុទ្ធនាការនៃការយាយី និងរំលោភបំពានលើសមាគមសម្ព័ន្ធកសិករ និងអង្គការក្រៅរដ្ឋាភិបាលកម្ពុជាផ្សេងទៀត ដែលហ៊ានក្រោកឈរនិងអនុវត្តសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់ពួកគេ»។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) និងសហការីរបស់លោក២នាក់ ត្រូវបានសមត្ថកិច្ចខេត្តក្រចេះ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃពុធ ក្រោមការបញ្ជារបស់ស្នងការនគរបាលខេត្តរតនគិរី។ ការឃាត់ខ្លួននេះ ធ្វើឡើង ខណៈលោកនិងក្រុមការងារកំពុងធ្វើដំណើរមករាជធានីភ្នំពេញវិញ កាត់តាមខេត្តក្រចេះ កាលពីម៉ោងប្រមាណ១១ព្រឹក ថ្ងៃពុធ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល និងការដើរលេងកម្សាន្តនៅក្នុងខេត្តរតនគិរី។ នេះបើតាមភរិយារបស់លោក ថេង សាវឿន គឺអ្នកស្រី ញូង សុខហៀង និងមន្ត្រីសិទ្ធិមនុស្ស។
គិតត្រឹមម៉ោង៥រសៀលថ្ងៃសុក្រនេះ មិនទាន់មានព័ត៌មានលម្អិតថាតើពួកគេទាំង៣ត្រូវបានសមត្ថកិច្ចសង្ស័យពីបទចោទប្រកាន់អ្វី និងក្នុងអង្គហេតុអ្វីពិតប្រាកដឡើយ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី និងពីលោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបាននៅឡើយទេ។
ភរិយារបស់លោក ថេង សាវឿន អ្នកស្រី ញូង សុខហៀង អាយុ៣៣ឆ្នាំ ប្រាប់វីអូអេថា កាលពីថ្ងៃទី១៣ ដល់១៤ ខែឧសភា ឆ្នាំ២០២៣ ស្វាមីរបស់អ្នកស្រីបាននាំគ្នាប្រជុំ ដើម្បីពង្រឹង ក៏ដូចជាកសាងសមត្ថភាពរបស់បុគ្គលិក និងវិភាគអភិក្រមសិទ្ធិជាមូលដ្ឋាន ដែលធ្វើឡើងនៅក្នុងខេត្តរតនគិរី។
អ្នកស្រីដែលធ្វើដំណើរទៅខេត្តជាមួយស្វាមីដែរ បន្តថា អាជ្ញាធរខេត្តក្រចេះមិនបានបញ្ជាក់ហេតុផលនៃការឃាត់ខ្លួនឡើយ ខណៈពួកគេកំពុងធ្វើដំណើតាមផ្លូវពីខេត្តរតនគិរីមកកាន់រាជធានីភ្នំពេញវិញ។
បើតាមភរិយា មិត្តរួមការងារ២នាក់ទៀតរបស់លោក ថេង សាវឿន រួមមានលោក ញិល ភាព មន្ត្រីជាន់ខ្ពស់ចងក្រងនិងតស៊ូមតិ និងលោក ថាន់ ហាច មន្ត្រីចងក្រង ក៏ត្រូវបានឃាត់ខ្លួនផងដែរ។
អ្នកស្រីចាត់ទុកការឃាត់ខ្លួនស្វាមីថាជារឿងមិនសមហេតុផល ដោយសារមិនមានបង្ហាញដីកា ហើយសមត្ថកិច្ចឃាត់រថយន្តតែម្តង។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ដែលកំពុងតាមដានករណីឃាត់ខ្លួននេះ ប្រាប់វីអូអេថា មេធាវីគួរត្រូវបានអនុញ្ញាតឱ្យចូលជួបកូនក្តីតាំងពីថ្ងៃព្រហស្បតិ៍។ ប៉ុន្តែនគរបាលទើបអនុញ្ញាតនៅរសៀលថ្ងៃសុក្រនេះ។
លោកថ្លែងថា៖ «បើយើងគិតរាប់អំពីនីតិវិធីក្នុងការឃាត់ខ្លួនពួកគាត់តាំងពីស្នងការខេត្តក្រចេះ គឺ២៤ម៉ោង ពីមិ្សលមិញនេះឯង ដែលជាម៉ោងសម្រាប់អនុញ្ញាតឱ្យមេធាវីអាចជួបកូនក្តីរបស់ខ្លួនហ្នឹងបាន»។
បណ្តាញសហគមន៍ប្រមាណ១០០នាក់ នៅថ្ងៃសុក្រនេះ បានប្រមូលផ្តុំនៅមុខក្រសួងមហាផ្ទៃ ដើម្បីទាមទារឲ្យដោះលែងពួកគេទាំង៣នាក់ផងដែរ។ នេះបើតាមអង្គការសង់ត្រាល់។
គួរបញ្ជាក់ថា កាលពីដើមឆ្នាំ ២០១៤ លោក ថេង សាវឿន ធ្លាប់ត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធនាគារ នៅក្នុងករណីបង្ក្រាបបាតុកម្មរបស់កម្មកររោងចក្រ នៅជាយរាជធានីភ្នំពេញ៕