ទីក្រុងហ្សឺណែវ៖ ការរំលោភលើសិទ្ធិមនុស្សជាបទបញ្ញ័ត្តិជាជាងការលើកលែងក្នុងឆ្នាំ២០១០។ អ.ស.ប.ឲ្យដឹងថា ឧក្រិដ្ឋកម្មដូចជាការរំលោភសេពសន្ធវៈដោយបុរសច្រើននាក់ ការធ្វើទារុណកម្ម, ការប្រហារជីវិតក្រៅប្រព័ន្ធតុលាការ ការចាប់មនុស្សឃុំឃាំងតាមតែអំពើចិត្តនិងការបាត់ខ្លួននៅតែមានច្រើននៅទូទាំងពិភពលោក។ទោះណាជាសង្គមប្រជាធិបតេយ្យក៏មានការថមថយនៃសិទ្ធិមនុស្សដែរដោយសារអ្វីដែលហៅថាសង្គ្រាមប្រឆាំងនឹងភេរវកម្មនិងកំណើននៃការស្អប់ជនបរទេស។
«សូមអរគុណដល់លោក Bob Marley ដែលបានអនុញ្ញាតឱ្យយើងប្រើប្រាស់ភ្លេងបណ្តុះគំនិតនេះ ជាផ្នែកមួយនៃយុទ្ធនាការរបស់យើងប្រឆាំងនឹងការប្រកែប្រកាន់។ នេះជាការលើកទឹកចិត្តពិតប្រាកដ»។
លោកស្រី Navi Pillay មេអង្គការសិទ្ធិមនុស្សរបស់អ.ស.ប. បញ្ចប់ឆ្នាំមួយប្រកបដោយភាពច្របូកច្របល់ដោយបានប្រារព្ធការប្រកាសជាសាកលនៃសិទ្ធិមនុស្ស។ ក្នុងរយៈពេល៦២ឆ្នាំកន្លងទៅនេះ សេចក្តីប្រកាសនេះ បានបម្រើការជាការណែនាំមួយសម្រាប់សេចក្តីថ្លៃថ្នូរនៃសិទ្ធិមនុស្ស និងជាភ្លើងនាំផ្លូវមួយនៃសេចក្តីសង្ឃឹមសម្រាប់មនុស្សរាប់លាននាក់ដែលបានត្រូវសង្កត់សង្កិន និងត្រូវរំលោភ។
លោកស្រី Pillay កត់សម្គាល់សមិទ្ធិនៃសេចក្តីប្រកាសនេះនៅទិវាសិទ្ធិមនុស្សដោយផ្តល់កិត្តិយសជូនអ្នកការពារសិទ្ធិមនុស្សរាប់សែននាក់ដែលបាននិយាយប្រឆាំងនឹងការប្រកែប្រកាន់ដែលជាញឹកញយនាំឱ្យមានការបង់ខាតច្រើនដល់ពួកគេផ្ទាល់និងពួកជនជាទីស្រទ្បាញ់របស់ពួកគេ។
«នៅពេលដែលពួកគេប្រយុទ្ធប្រឆាំងនឹងការប្រកែប្រកាន់ និងបុព្វហេតុសិទ្ធិមនុស្សសំខាន់ឯទៀតៗ ជាញឹកញយពួកគេផ្ទាល់បានរងគ្រោះដោយសារការប្រកាន់។ ជាការពិតជាក់ស្តែង ជារៀងរាល់ឆ្នាំ ពួកអ្នកការពារសិទ្ធិមនុស្សរាប់ពាន់នាក់បានត្រូវធ្វើទុក្ខបុកម្នេញ ត្រូវរំលោភ ត្រូវជាប់ឃុំឃាំងដោយអយុត្តិធ៌មនិងត្រូវធ្វើឃាតថែមទៀតផង»។
លោកស្រី Julie de Rivero នាយិកាអង្គការ Human Rights Watch ប្រចាំក្រុង ហ្សឺណែវ(Geneve) និយាយថា ជាការពិបាកនឹងនិយាយថា ស្ថានភាពសិទ្ធិមនុស្សនៅពេលនេះល្អប្រសើរជាងមុនឬអាក្រក់ជាងកាលពីប៉ុន្មានឆ្នាំមុននេះ។ ក៏ប៉ុន្តែគេអាចដឹងអំពីលំនាំខ្លះៗ។ លោកស្រីថ្លែងថា លំនាំមួយក្នុងបណ្តាលំនាំទាំងនេះគឺភាពគ្មានទោសពៃរ៍សម្រាប់ការរំលោភធំៗ។ លោកស្រីពោលថា ប្រទេសសិរីលង្កាជាឧទាហរណ៍មួយ។
«យើងបានឃើញសង្គ្រាមចប់នៅក្នុងប្រទេសសិរីលង្កា ក៏ប៉ុន្តែដោយមានការបង់ខាតច្រើនណាស់សម្រាប់ពួកជនស៊ីវិលដែលបានត្រូវបាញ់លើដោយភាគីទាំងពីរ។ ហើយគ្មានការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាមក្នុងប្រទេសនោះទេ...ហើយនៅចុងក្រោយបង្អស់ខ្ញុំចង់និយាយអំពីករណីនៃការធ្វើទារុណកម្មក្នុងសម័យលោក Bush ដែលបានត្រូវធ្វើនៅក្រោមអាការៈក្រៅនៃសង្គ្រាមប្រឆាំងនឹងភេរវកម្មដែលនៅតែគ្មានការទទួលខុសត្រូវហើយដែលនៅតែគ្មានភាពមានទោសពៃរ៍»។
លោកស្រី De Rivero និយាយថា សង្គ្រាមប្រឆាំងនឹងភេរវកម្មនិងការកើនកង្វល់អំពីសន្តិសុខជាតិបាននាំឱ្យមានការថមថយថែមទៀតដល់សេចក្តីថ្លៃថ្នូរខាងសិទ្ធិមនុស្ស ទោះណាជានៅក្នុងសង្គមប្រជាធិបតេយ្យក៏ដោយ។ លោកស្រីថ្លែងថា ការព្រួយបារម្ភដូចគ្នាបានបង្កើនមនោសញ្ចេតនាប្រឆាំងនឹងជនបរទេសក្នុងប្រទេសនានាក្នុងទ្វីបអឺរ៉ុប។
លោកស្រី De Rivero ពោលថា លំនាំមួយទៀតដែលនាំឱ្យព្រួយបារម្ភគឺ អំពើហិង្សាខាងកាមតណ្ហាប្រឆាំងនឹងពួកស្ត្រី ជាពិសេសនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យ Congo។
«ខ្ញុំយល់ថាទំហំនៃបាតុភូតនេះ តែងតែតម្រូវឱ្យយើងផ្តោតការយកចិត្តទុកដាក់លើស្ថានការណ៍ពិសេសនេះពីព្រោះការបង្ខិតបង្ខំសេពសន្ធវៈបានត្រូវប្រើប្រាស់ជាអាវុធមួយនៃសង្គ្រាមនៅក្នុងប្រទេសនោះដែលជាការទង្គុកចិត្តនិងការធ្វើឱ្យខ្ទិចខ្ទីដែលវាបានបណ្តាលឱ្យមានយ៉ាងខ្លាំងក្លានៅក្នុងជីវិតពួកបុគ្គលនិងសហគមន៍»។
លោក Rupert Colville ជាអ្នកនាំពាក្យរបស់អគ្គស្នងការអ.ស.ប.ទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស។
«ខ្ញុំយល់ថាលោកអ្នកមានការរំលោភលើសិទ្ធិមនុស្សដែលមានតទៅទៀតពីមួយឆ្នាំទៅមួយឆ្នាំទៀត»។
លោក Rupert Colville បន្ថែមទៀតថា៖
«លោកអ្នកមានការជឿនលឿនខ្លះហើយបន្ទាប់មកលោកអ្នកមានការប្រព្រឹត្តិអាក្រក់ទ្បើងវិញដូចជាការធ្វើទារុណកម្មជាដើម។ រដ្ឋសឹងតែទាំងអស់មានច្បាប់ហាមប្រាមការធ្វើទារុណកម្មនិងប្រកាសថាការធ្វើទារុណកម្មជាឧក្រិដ្ឋកម្មមួយ...ក៏ប៉ុន្តែមានរដ្ឋជាច្រើនដែលនៅតែប្រព្រឹត្តការធ្វើទារុណកម្ម ហើយរដ្ឋជាច្រើនមិនយកពួកអ្នកធ្វើទារុណកម្មទៅឱ្យតុលាការកាត់ទោសទេ»។
លោក Colville ថ្លែងថាការគ្មានទោសពៃរ៍សម្រាប់ឧក្រិដ្ឋកម្មជាច្រើនជាការខ្វល់ខ្វាយធំមួយដូចជាការប្រកែប្រកាន់ដែរ។
«ការប្រកាន់ប្រឆាំងនឹងស្ត្រី ការប្រកាន់ប្រឆាំងនឹងមនុស្សស្រទ្បាញ់មនុស្សមានភេទដូចគ្នា ការប្រកាន់ប្រឆាំងនឹងមនុស្សកាយវិកល ប្រឆាំងនឹងពួកមនុស្សចាស់ប្រឆាំងនឹងក្រុមជាច្រើន--ដូចជាក្រុមជនអំបូរភាគតិចនិងក្រុមមនុស្សដើមរបស់ប្រទេសជាដើម។ ដូច្នេះការណ៍នេះជាបញ្ហាទៀងទាត់មួយមានពិតប្រាកដនៅលើទ្វីបទាំងអស់ ដោយមានរួមបញ្ចូលទាំងពួកប្រទេសអភិវឌ្ឍផងដែរដែលនៅទីនោះខ្ញុំយល់ថាការប្រព្រឹត្តិទៅលើពួកជនផ្លាស់ប្តូរទីលំនៅឬក្រុមជនបរទេសបានចុះថមថយពិតប្រាកដក្នុងមួយទសវត្សរ៍កន្លងទៅនេះ»។
លោក Colville កត់សម្គាល់ថាជាញឹកញយការស្វែងរកយុត្តិធ៌មមានដំណើរការយឺត។ លោកនិយាយថាគេអាចចំណាយពេលជាច្រើនឆ្នាំសម្រាប់ឱ្យពួកជនរងគ្រោះទទួលដំណើរការកែខៃឱ្យត្រូវវិញ ក៏ប៉ុន្តែការណ៍នេះបានកើតទ្បើងមែន។
«ដូចដែលយើងឃើញក្នុងប្រទេស Chili និង ប្រទេស Argentine ជាឧទាហរណ៍ស្រាប់។ លោកអ្នកមិនគួរអស់សង្ឃឹមទេ។ ២០-៣០ឆ្នាំបន្ទាប់មកនៅតែមានមនុស្សត្រូវនាំខ្លួនទ្បើងតុលាការហើយត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋធ្ងន់ធ្ងរ។ លោកអ្នកនៅតែឃើញមនុស្សត្រូវនាំខ្លួនទ្បើងតុលាការចំពោះឧក្រិដ្ឋកម្មក្នុងសង្គ្រាមលោកលើកទីពីរ។ ដូច្នេះ នេះប្រហែលជាកម្លាំងនៃប្រព័ន្ធនេះ។ ជាមួយឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរខ្លាំងណាស់ទាំងនេះ គ្មានអាជ្ញាយុកាលច្បាប់ទេ។ កាលៈទេសៈប្រែប្រួល ហើយពួកមនុស្សដែលគិតថាពួកគេគេចផុតពីការរកយុត្តិធម៌ ជួនកាលឃើញថាការណ៍នេះមិនមែនដូច្នេះទេក្នុងរយៈពេលយូរ»។
កិច្ចខិតខំប្រឹងប្រែងរបស់ពួកមនុស្សដែលប្រយុទ្ធដើម្បីសិទ្ធិមនុស្សបានត្រូវគាំទ្រដោយអង្គការមួយនៃច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ សន្ធិសញ្ញាអន្តរជាតិស្នូល ៩ អំពីសិទ្ធិមនុស្សបង្ហាញអំពីសិទ្ធិនិងកិច្ចការពារផ្តល់ឱ្យពួកបុគ្គលប្រឆាំងនឹងការរំលោភជាក់លាក់។ សន្ធិសញ្ញាទាំងនេះបញ្ជាក់ច្បាស់លាស់អំពីកាតព្វកិច្ចនិងការទទួលខុសត្រូវរបស់រដ្ឋដល់ប្រជាពលរដ្ឋរបស់ពួកគេ។ ច្បាប់គ្មានការធានារ៉ាប់រងអំពីអាកប្បកិរិយាល្អទេ។ ក៏ប៉ុន្តែ ពពួករដ្ឋដែលបានចុះហត្ថលេខាលើសន្ធិសញ្ញាទំនងត្រូវបញ្ចុះបញ្ចូលជាងមុនឱ្យអនុវត្តសន្ធិសញ្ញាទាំងនោះ។
ប្រែសម្រួលដោយ ឈឹម សុមេធ