ហ្សាការតា ឥណ្ឌូណេស៊ី៖ របាយការណ៍របស់ក្រុមផ្តល់ជំនួយផ្លូវច្បាប់មានមូលដ្ឋាននៅក្រុងហ្សាការតា បង្ហាញថា ប៉ូលិសឥណ្ឌូនេស៊ី និងមន្ត្រីគ្រប់គ្រងពន្ធនាគារបានធ្វើទារុណកម្មអ្នកទោសជាទៀងទាត់ និងមានលក្ខណៈជាប្រព័ន្ធ។
របាយការណ៍នេះផ្អែកតាមបទសម្ភាសន៍ជាច្រើនជាមួយអុ្នកទោស មន្ត្រីប៉ូលិស ចៅក្រម និងសកម្មជនសិទ្ធិមនុស្ស។
អ្នកស្រី រ៉េស្តារា ហ៊ុតាបារ៉ាត (Restaria Hutabarat) ធ្វើការនៅវិទ្យាស្ថានជំនួយផ្នែកច្បាប់ ដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតាបានចំណាយពេលមួយឆ្នាំកន្លងទៅ ដឹកនាំការស៊ើបអង្កេតអំពីការធ្វើទារុណកម្មទូទៅក្នុងពន្ធនាគារតាមទីក្រុងសំខាន់ៗចំនួន៤នៅប្រទេសឥណ្ឌូនេស៊ី។ អ្នកស្រីបានរកឃើញថា ការវាយដំ ការបំភិតបំភ័យ ហើយនិងការរំលោភផ្លូវភេទជារឿងធម្មតា ដែលគេចាត់ទុកថា ជាទម្លាប់មួយ។ លោកស្រីមានប្រសាសន៍ថា៖
«យើងសន្និដ្ឋានថា ទារុណកម្មមានជាប្រព័ន្ធនៅក្នុងប្រព័ន្ធតុលាការព្រហ្មទ័ណ្ឌ ពីព្រោះអ្នកផ្តល់បទសម្ភាសន៍ទាំងអស់ ដែលយើងបានសាកសួរ បាននិយាយថា គេធ្លាប់បានឆ្លងកាត់ទម្រង់ធ្វើទារុណកម្មយ៉ាងតិចម្តងតាមរយៈប្រព័ន្ធតុលាការព្រហ្មទ័ណ្ឌ»។
ការរកឃើញនេះផ្អែកតាមបទសម្ភាសន៍ជនសង្ស័យ និងអ្នកទោសជាង១ពាន់នាក់ ព្រមទាំងមានចម្លើយពីមន្ត្រីប៉ូលិស រដ្ឋអាជ្ញា ចៅក្រម អ្នកយាម និងសកម្មជនសិទ្ធិមនុស្សចំនួន៤០០នាក់។
អ្នកស្រី Hutabarat និយាយថា ភាគច្រើនគឺប៉ូលិសជាអ្នកប្រព្រឹត្តអំពើធ្វើទារុណកម្ម ដែលច្រើនធ្វើឡើងដើម្បីទទួលបានចម្លើយសារភាព។ ប៉ុន្តែអ្នកស្រីមានប្រសាសន៍ថា រដ្ឋអាជ្ញា និងចៅក្រមរីករាយនិងលើកទឹកចិត្ត ហើយបណ្តោយឲ្យមានការប្រើកម្លាំងបង្ខំក្នុងការសួរចម្លើយនេះ។
អ្នកស្រី រ៉េស្តារា ហ៊ុតាបារ៉ាត និយាយថា ប៉ូលិសមានអំណាចច្រើនណាស់ទៅលើជនសង្ស័យ ប៉ុន្តែមានការទទួលខុសត្រូវតិចតូច។ ក្នុងករណីខ្លះ ប៉ូលិសអាចឃុំឃាំងជនសង្ស័យដល់ទៅ៦០ថ្ងៃមុនធ្វើការចោទប្រកាន់។ លោកស្រីនិយាយថា នៅឥណ្ឌូនេស៊ី ទារុណកម្មដែលប្រព្រឹត្តដោយប៉ូលិសមិនត្រូវបានគេចាត់ទុកថា ជាបទឧក្រិដ្ឋទេ ហើយចំណុចនេះត្រូវតែផ្លាស់ប្តូរ។
អ្នកស្រី រ៉េស្តារា ហ៊ុតាបារ៉ាត និយាយថា «រដ្ឋាភិបាលគួរកំណត់ដោយយោងតាមច្បាប់ថា ទារុណកម្មគឺជាបទឧក្រិដ្ឋនៅឥណ្ឌូនេស៊ី។ ត្រូវមានច្បាប់ជាធរមានដែលកំណត់និយមន័យដោយរដ្ឋាភិបាល ដើម្បីកំណត់ទោសឧក្រិដ្ឋចំពោះអ្នកប្រព្រឹត្តទារុណកម្ម។ នេះជាជំហានដែលត្រូវធ្វើ ទីមួយ និងបន្ទាន់បំផុត»។
ឥណ្ឌូនេស៊ី ដែលមានប្រជាជន២៣៧លាននាក់ទើបងើបចេញពីអំពើផ្តាច់ការច្រើនទសវត្សរ៍ កាលពីឆ្នាំ១៩៩៨។ ថ្វីបើប្រទេសនេះមានប្រជាធិបតេយ្យហើយក្តី ក៏ឥណ្ឌូនេស៊ីនៅទទួលការរិះគន់ថា មានប្រព័ន្ធច្បាប់ទន់ខ្សោយនៅឡើយ។
មានរបាយការណ៍មួយចំនួយថា មានទាហានធ្វើទារុណកម្មអ្នកផ្តាច់ខ្លួនដែលជាប់សង្ស័យ ហើយកងទ័ពនិយាយថា គេបានប្រើតុលាការសឹកកាត់ទោសជនសង្ស័យមួយចំនួន។
អ្នកនាំពាក្យប៉ូលិសឥណ្ឌូនេស៊ីនិយាយថា ទីភ្នាក់ងារប៉ូលិសនឹងសិក្សាអំពីរបាយការណ៍នេះ ហើយថា មន្ត្រីដែលរំលោភបំពានជនស៊ីវិលនឹងត្រូវប្រឈមនឹងទណ្ឌកម្ម៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ