លោក Zeid Ra'ad al Hussein ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានលើកឡើងពីរូបភាពដ៏ខ្មៅងងឹតនៃការកើនឡើងអំពើហិង្សា និងការបំពាននៅទូទាំងពិភពលោក នៅក្នុងសុន្ទរកថាមួយទៅកាន់គណៈប្រតិភូ ក្នុងពិធីបើកកិច្ចប្រជុំលើកទី៣៦នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ។
ខណៈថ្កោលទោសទៅលើសកម្មភាពនៃអំពើហិង្សាជ្រុលនិយមនិងអំពើភេរវកម្ម លោកក៏បានព្រមានអំពីគ្រោះថ្នាក់ធំជាងនេះចំពោះសង្គម ពីសំណាក់រដ្ឋាភិបាលនានាដែលឃ្លាតចាកឆ្ងាយពីការការពារសិទ្ធិមនុស្ស និងមើលឃើញសង្គមនានាប្រែប្រួល ទៅជាកើនឡើងរបបផ្តាច់ការនិងការគាបសង្កត់។
កិច្ចប្រជុំនេះត្រូវបានគេរំពឹងថានឹងសកម្ម។ ក្នុងរយៈពេលជាង៣សប្តាហ៍ខាងមុខនេះ សមាជិកទាំង៤៧នៃក្រុមប្រឹក្សានេះនឹងពិភាក្សាទៅលើប្រធានបទនិងរបាយការណ៍នានាជាង៨០ ដែលនឹងធ្វើបទបង្ហាញដោយអ្នកជំនាញខាងសិទ្ធិមនុស្សនិងស្ថាប័នស៊ើបអង្កេតទៅលើបញ្ហាសិទ្ធិមនុស្សយ៉ាងហោចណាស់២៥នាក់។ បទបង្ហាញទាំងនោះនឹងផ្តោតទៅលើបញ្ហានានា រួមទាំងការធ្វើទារុណកម្ម ការឃុំខ្លួនតាមទំនើងចិត្ត និងការបង្ខំឲ្យបាត់ខ្លួនជាដើម។
ការជជែកដេញដោលជាទូទៅនានានឹងត្រូវធ្វើឡើងដើម្បីវែកញែកទៅលើការរកឃើញនៃរបាយការណ៍ទាំងនោះ ដែលត្រូវបានប្រគល់ជូនដោយគណៈកម្មការអង្គការសហប្រជាជាតិស្តីពីប្រទេសស៊ីរីនិងប្រទេសប៊ូរុនឌី។
លោក Hussein ក៏បានថ្កោលទោសចំពោះប្រតិបត្តិការសន្តិសុខដ៏ឃោរឃៅនៅក្នុងរដ្ឋ Rakhine នៃប្រទេសមីយ៉ាន់ម៉ា ដែលយោងតាមរបាយការណ៍ចុងក្រោយបង្អស់ពីអង្គការទេសន្តរប្រវេសន៍អន្តរជាតិបានឲ្យដឹងថា ជនជាតិភាគតិច រ៉ូហ៊ីងយ៉ា កាន់សាសនាឥស្លាមជាង៣សែននាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែសក្នុងរយៈពេលមិនដល់៣សប្តាហ៍ផង៕