ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិនិងក្នុងតំបន់អាស៊ាន បានអំពាវនាវឱ្យអាជ្ញាធរកម្ពុជា ដោះលែងនិងទម្លាក់បទចោទលើសកម្មជនយុវជនពីរនាក់គឺ លោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ ជាបន្ទាន់និងដោយឥតលក្ខខណ្ឌ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានដាច់ដោយឡែកពីគ្នារបស់អង្គការAmnesty International និងអង្គការសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) ដែលបានចេញផ្សាយនៅថ្ងៃច័ន្ទនេះ។
ការអំពាវនាវនេះ ធ្វើឡើង ក្រោយពីតុលាការកំពូលកម្ពុជា នៅថ្ងៃនេះ មិនបានសម្រេចអនុញ្ញាតឱ្យយុវជនគង់ រ៉ៃយ៉ា នៅក្រៅឃុំតាមការស្នើសុំ ឬអត់នោះទេ ដោយលើកពេលទៅសម្រេចនៅថ្ងៃទី៤ខែវិច្ឆិកាវិញ។ តុលាការកំពូលកម្ពុជា គ្រោងនឹងបើកសវនាការសម្រេចលើការស្នើសុំនៅក្រៅឃុំរបស់លោក សួង នាគព័ន្ធនៅថ្ងៃទី១៥ខែវិច្ឆិកា។ នេះបើយោងតាមអង្គការសិទ្ធិមនុស្សទាំងពីរនេះ។
លោក គង់ រ៉ៃយ៉ា និង លោក សួង នាគព័ន្ធ ត្រូវបានចាប់ខ្លួនកាលពីខែកក្កដា ហើយបច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួនរង់ចាំការជំនុំជម្រះទោស ក្រោមការចោទប្រកាន់ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ក្រោយពីយុវជនទាំងពីរនាក់ បានចូលរួមប្រារព្ធពិធីរំឭកខួបគម្រប់បីឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី ។
លោក គង់ រ៉ៃយ៉ា អាយុ២៨ឆ្នាំ ត្រូវបានចាប់ខ្លួននៅផ្ទះរបស់លោកនៅថ្ងៃទី៩ ខែកក្កដាឆ្នាំ២០១៩ បន្ទាប់ពីលោកបានផ្សព្វផ្សាយលក់អាវយឺតដែលមានរូបថតលោក កែម ឡី នៅតាមបណ្ដាញFacebook។
ចំណែកលោក សួង នាគព័ន្ធ អាយុ២៩ឆ្នាំ ត្រូវបានចាប់ខ្លួននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ក្នុងពេលលោកចូលរួមក្នុងការជួបជុំគ្នាដោយសន្តិវិធីមួយនៅហាងម៉ាតមួយចំកណ្ដាលក្រុងភ្នំពេញ ដែលជាទីកន្លែងនៃការបាញ់សម្លាប់លោក កែម ឡី ទាំងកណ្ដាលថ្ងៃ កាលពី៣ឆ្នាំមុន។
អង្គការ Amnesty International ដែលបានហៅយុវជនទាំងពីរនាក់ថាជាអ្នកទោសមនសិការ បានអំពាវនាវឱ្យអាជ្ញាធរខ្មែរ ដោះលែងអ្នកទាំងពីរជាបន្ទាន់និងដោយឥតលក្ខខណ្ឌ។
អង្គការសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ក៏បានសម្ដែងការខកចិត្តចំពោះការសម្រេចរបស់តុលាការកំពូលកម្ពុជានៅថ្ងៃនេះផងដែរ។ អង្គការនេះក៏បានអំពាវនាវឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ទៅលើយុវជនទាំងពីរនាក់ ដោយអង្គការនេះចាត់ទុកថាពួកគេទាំងពីរត្រូវបានឃុំខ្លួន ដោយសារពួកគេគ្រាន់តែអនុវត្តសេរីភាពនៃការបញ្ចេញមតិរបស់ពួកគេតែប៉ុណ្ណោះ៕