ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហ​ប្រជាជាតិ​ស្នើ​ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​លោក​គង់ រ៉ៃយ៉ា និង​លោក សួង នាគព័ន្ធ


លោក គង់ រ៉ៃយ៉ា​ (ឆ្វេង) និងលោក​ សួង នាគព័ន្ធ ត្រូវបានប៉ូលិសចាប់ខ្លួន នៅពេលដែលអ្នកទាំងពីរចូលរួមរំឭកខួបបីឆ្នាំនៃការបាញ់សម្លាប់លោកកែម ឡី នៅរាជធានីភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។
លោក គង់ រ៉ៃយ៉ា​ (ឆ្វេង) និងលោក​ សួង នាគព័ន្ធ ត្រូវបានប៉ូលិសចាប់ខ្លួន នៅពេលដែលអ្នកទាំងពីរចូលរួមរំឭកខួបបីឆ្នាំនៃការបាញ់សម្លាប់លោកកែម ឡី នៅរាជធានីភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។

ថ្ងៃ​សុក្រ​នេះ ក្រុម​អ្នកជំនាញ​អង្គការ​សហប្រជាជាតិ​ដែល​ជា​អ្នក​រាយការណ៍​ពិសេស​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​ចំនួន​ប្រាំ​រូប​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​បាន​​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​ដោះ​លែងបុរស​ពីរនាក់​ជុំវិញ​ពិធី​បុណ្យ​រំឭក​ខួប​មរណភាព​លោក កែម ឡី។

ក្រុម​អ្នក​ជំនាញ​អង្គការ​សហ​ប្រជាជាតិ​ នៅថ្ងៃ​សុក្រ​នេះ ​បាន​អំពាវនាវ​ដល់អាជ្ញាធរ​កម្ពុជា​ឲ្យ​ដោះ​លែង ​និង​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​លោក ​គង់ រ៉ៃយ៉ា និង​លោក ​សួង នាគព័ន្ធ ដោយ​ពួកគេ​បាន​ចាត់​ទុក​ថា ការ​ចាប់​ខ្លួន​បុរស​ទាំង​ពីរ​គឺ​ជា​ការ​កំណត់​គោលដៅ​របស់​រដ្ឋាភិបាល​លើ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​និង​ការ​ជួប​ជុំ​ដោយ​សន្តិវិធី។

លោក គង់ រ៉ៃយ៉ា​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពីថ្ងៃទី៩​ ខែកក្កដា ដោយសារ​លោក​បាន​លក់​អាវ​យឺត​ដែល​មាន​រូប​លោក​ កែម ឡី តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក ​ដើម្បី​ឧទ្ទិស​ដល់​ខួប​គម្រប់​បី​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម ឡី។​ អ្នកវិភាគ​នយោបាយ​ និង​សង្គម លោក កែម ឡី ត្រូវ​បាន​ឃាតករ​ដើរ​ចូល​ទៅ​បាញ់​សម្លាប់​ក្នុង​ម៉ាត​មួយ​នៅ​ស្ថានីយ៍​ប្រេង​កាល់តិច​ ស្តុប​បូកគោ រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី១០ ​ខែ​កក្កដា​ ឆ្នាំ​២០១៦។

ដោយ​ឡែក​លោក​ សួង នាគព័ន្ធ ត្រូវ​ចាប់​ខ្លួន​នៅ​ចំ​ថ្ងៃ​រំលឹក​ខួប​នៃ​ការ​បាញ់​សម្លាប់​រូប​លោក កែម ឡី នៅ​ពេល​ដែល​លោក សួង នាគព័ន្ធ ព្យាយាម​ចូលរួម​ក្នុង​ការ​រៀប​ចំ​ពិធី​រំឭក​ខួប​នោះ​ នៅ​ទីតាំង​នៃ​ឃាតកម្ម។

បុរស​ទាំង​ពីរ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍។ បទ​ចោទ​នេះ​អាចធ្វើ​ឲ្យ​ពួកគេ​ប្រឈម​នឹង​ការ​ដាក់​ទោស​ឲ្យ​ជាប់​ពន្ធនាគារពី៦​ខែ​ ដល់​២​ឆ្នាំប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​ពួកគេ​មាន​ទោស។

ក្រុម​អ្នក​ជំនាញ​របស់​អង្គការ​សហ​ប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ដែល​រួម​មាន​លោក​ស្រី រ៉ូណា ស្ម៊ីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក​ក្លេម៉ង់ នីយ៉ាឡិតសូស៊ី វូល (Clement Nyaletsossi Voule) លោក ដេវីដ ខេយ៍​ (DavidKaye) លោក​ស្រី អាញ៉េស កាល់ឡាម៉ា (Agnes Callamard) និង​លោក​មីសែល ហ្វ័ស (Michel Forst) (មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ទាំង​ប្រាំរូប) បាន​លើក​ពី​កង្វល់​របស់ខ្លួន​ ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​លើ​អ្នក​គាំ​ទ្រ​លោក​បណ្ឌិត ​កែម ឡី ទាំង​ពីរ​រូបខាង​លើ។ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​ប្រាំ​អះអាង​ថា លោក គង់ រ៉ៃយ៉ា និង​លោក សួង នាគព័ន្ធ​ បាន​អនុវត្ត​សិទ្ធិ​ស្រប​ច្បាប់​នៃ​សេរីភាព​បញ្ចេញ​មតិ​របស់​ពួកគេ។

ក្រុម​អ្នកជំនាញ​របស់​អង្គការ​សហ​ប្រជាជាតិ​ក៏​បាន​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​និង​ទម្លាក់​ចោល​បទ​ចោទ​លើ​បុរស​ទាំង​ពីរ ​និង​ស្នើ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​បង្កើត​គណៈ​កម្មការ​ឯករាជ្យមួយ​ដើម្បី​ស៊ើប​អង្កេត​ដោយ​តម្លាភាព​លើ​ឃាតកម្ម​លើ​លោក កែម ឡី។

លោក ជិន ម៉ាលីន អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌ និង​ជា​អនុ​ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជាប្រាប់ VOA ថាការ​ឃាត់​ខ្លួន​បុរសទាំង​ពីរ​រូបគឺ​ធ្វើ​ឡើង​ទៅ​តាម​នីតិវិធី​ច្បាប់។

«ប្រសិន​បើ​យើង​មើល​ពី​រូបភាព​ខាង​ក្រៅ គឺ​វា​ជា​ការ​ធ្វើ​បុណ្យ ជា​ការ​ជួបជុំ ជា​ការ​សម្តែង​មតិ។ ក៏​ប៉ុន្តែ​សមត្ថកិច្ច​មាន​មូលដ្ឋាន​ថា​តើ​មាន​អ្វី​នៅ​ពី​ក្រោយ​នោះ ហើ​យ​មាន​អ្វី​បង្កប់​នូវ​ចេតនា​ទុច្ចរិត​ដែល​បង្ក នាំ​ឲ្យ​មាន​ភាព​វឹកវរ និង​មាន​បាតុភាពប្រឆាំង​ទៅ​នឹង​រដ្ឋាភិបាល​ តាម​ការ​រៀបចំ​របស់​អង្គការ​ចាត់​តាំង​ផ្នែក​នយោបាយ​នៅ​ពី​ក្រោយ»។​

លោក សំ សុគង់ មេធាវី​ការពារ​ក្តី​ឲ្យលោក គង់ រ៉ៃយ៉ា និង​លោក សួង នាគព័ន្ធ មិន​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ។​

ក្រោយ​មាន​ការ​ចាប់​ខ្លួនលោក គង់ រ៉ៃយ៉ា​ និង​លោក​ សួង នាគព័ន្ធ​ ក្រុម​អង្គការ​សមាគម​ក្នុង​ស្រុក​ចំនួន​៨៧ ​រួមមាន​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​លីកាដូ ​(Licadho) និង​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ (Adhoc)​ រួម​ទាំង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស Human Rights Watch ស្នើ​សុំ​ឲ្យ​ដោះលែង​អ្នក​ទាំង​ពីរ​ឱ្យ​បាន​ឆាប់​ ដោយ​គ្មាន​លក្ខខណ្ឌ ព្រមទាំង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំងអស់​លើ​អ្នក​ទាំង​ពីរ។

​សហរដ្ឋ​អាមេរិក​ ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​សម្តែង​ពីកង្វល់​លើ​ការ​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន​ដែល​ចូលរួម​គោរពវិញ្ញាណក្ខន្ធ​របស់​លោក កែម ឡី ​នេះ​ផងដែរ។សហរដ្ឋ​អាមេរិក​បាន​បង្ហាញការ​ព្រួយ​បារម្ភ​ចំពោះ​ការណ៍​ដែល​«រដ្ឋាភិបាល​កម្ពុជា​បន្ត​ប្រើ​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​មូលដ្ឋាន ហើយ​មាន​លក្ខណៈ​នយោបាយ​ដើម្បី​យាយី​ពលរដ្ឋ​របស់​ខ្លួន»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG