ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទិវា​សិទ្ធិ​មនុស្ស ផ្តល់​ការប្តេជ្ញា​ជាថ្មី​ដល់​សកម្មជន​ឲ្យ​បន្ត​ទាមទារ​សិទ្ធិ​ជូន​ពលរដ្ឋ​នៅ​កម្ពុជា


សកម្មជន​ខ្មែរអាមេរិកាំង ចូលរួម​ក្នុង​ពិធី​ដុតទៀន​នៅមុខ​ស្នាក់ការ​អង្គការ​សហ​ប្រជាជាតិ ក្នុង​ទីក្រុង New Yorkនៅ​ទិវា​សិទ្ធិ​មនុស្ស​កាលពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​អ្នកទោស​នយោបាយ។ (រូបថត​ផ្តល់​ឲ្យ​ដោយ CNRPA)
សកម្មជន​ខ្មែរអាមេរិកាំង ចូលរួម​ក្នុង​ពិធី​ដុតទៀន​នៅមុខ​ស្នាក់ការ​អង្គការ​សហ​ប្រជាជាតិ ក្នុង​ទីក្រុង New Yorkនៅ​ទិវា​សិទ្ធិ​មនុស្ស​កាលពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​អ្នកទោស​នយោបាយ។ (រូបថត​ផ្តល់​ឲ្យ​ដោយ CNRPA)

សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​អាមេរិកាំង ​បាន​យក​ឱកាស​រំឭក​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​កាលពី​ថ្ងៃសុក្រទី១០ ខែធ្នូ ដើម្បី​បង្ហាញ​នូវ​ការប្តេជ្ញា​ចិត្ត​របស់​ពួកគេ​ជាថ្មី​ក្នុង​ការធ្វើ​សកម្មភាព​ដើម្បី​ជួយ​ស្តារ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ​បន្ទាប់ពី​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ក្នុង​រយៈពេល​៤​ឆ្នាំ​ កន្លង​មក​នេះ។

នៅក្នុងការប្រារព្ធ​ពិធី​ដែល​ធ្វើឡើង​តាម​អនឡាញ​ដោយ​ប្រព័ន្ធ ​Zoom ​កាលពី​ថ្ងៃសុក្រ​ ទី១០ ខែធ្នូ ឆ្នាំ២០២១ ក្រុមសកម្មជន​ សម្តែង​ការសោកស្តាយ​ និង​ព្រួយ​បារម្ភ​ដែល​ការវិនិយោគ​របស់​សហគមន៍​អន្តរជាតិ​ជាង​៣០​ឆ្នាំ​លើ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ត្រូវ​បាន​ខូចខាត​ដោយសារ​រដ្ឋាភិបាល​កម្ពុជា​ មិន​គោរព​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែល​ជាផែនទី​បង្ហាញ​ផ្លូវ​ និង​សេចក្តី​ប្រកាស​ជា​សាកល​ស្តីពី​សិទ្ធិ​មនុស្ស​ ក៏ដូចជា​កតិកា​សញ្ញា​ស្តីពី​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិនយោបាយ​ជាដើម។

លោក យ័ប គឹមទឹង ​ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​បាន​ថ្លែង​ថា៖

លោក យ័ប គឹមទឹង ប្រធាន​សមាគមខ្មែរអាមេរិកាំង​ដើម្បីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ​ បានសម្តែងក្តីបារម្ភ​ពីការធ្លាក់ចុះនៃប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា។
លោក យ័ប គឹមទឹង ប្រធាន​សមាគមខ្មែរអាមេរិកាំង​ដើម្បីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ​ បានសម្តែងក្តីបារម្ភ​ពីការធ្លាក់ចុះនៃប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា។

«ឥឡូវ​នេះ​ នៅ​ស្រុកខ្មែរ​មាន​ចាប់​មនុស្ស​ទាំងហ្វូងៗ​យក​ទៅ​កាត់ទោស​ថា​ជាក្បត់ជាតិ​ ហើយ​ការសម្លាប់​មនុស្ស​ដូច​ជា​លោកបណ្ឌិត​ កែម ឡី​ លោក ឈុត វុទ្ធី​ លោក ស៊ិន ខុន ​ជាដើម​គឺ​ពិបាក​រក​មនុស្ស​យក​មក​កាត់ទោស​ហើយ​បើ​ចាប់​មនុស្ស​បាន ​គឺ​យើង​មើលពីក្រៅ​ទៅ​ថា​ មនុស្ស​នោះ​មិន​សមគួរថា ​ជា​ឃាតករ​ គឺ​ចាប់​យក​មក​ដើម្បី​លាបពណ៍»។

សកម្មជន ​បាន​ផ្តោត​ក្តី​សង្ឃឹម​មួយ​ចុងក្រោយ​នេះ ​គឺ​លើគណៈកម្មការ​ស៊ើបអង្កេត​សម្រាប់​កម្ពុជា​ដែល​ទើប​បាន​បង្កើត​ឡើង​ដោយ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ និង​ប្រកាស​ដំណើរការ​នៅ​ចំ​ថ្ងៃ​ខួប​លើក​ទី​៣០​នៃ​ការចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ គណៈកម្មការ​នេះ ​ផ្តួចផ្តើម​ដោយ​អង្គការ​ Save Cambodia​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ និង​ចូលរួម​គាំទ្រ​ដោយ​សមាគម​ជាច្រើន។

កិច្ចការ​ចម្បង​របស់​គណៈកម្មការ​ស៊ើបអង្កេត​សម្រាប់​កម្ពុជា​ គឺ​ចងក្រង​សកម្មភាព​រំលោភ​ច្បាប់​និង​សិទ្ធិមនុស្ស​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​រយៈពេល​៣ទសវត្សរ៍​ចុងក្រោយ​នេះ​សម្រាប់​ដាក់​ជូន​ដល់​អ្នកតាក់តែង​ច្បាប់​នៃ​បណ្តា​ប្រទេស​នានា​ ជាពិសេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​អង្គការ​សហប្រជាជាតិ​ និង​ស្ថាប័ន​អន្តរជាតិ​នានា​ដើម្បី​ជាទុន​សម្រាប់​ពួកគេ​ពិចារណា​ និង​ធ្វើ​សកម្មភាព។

អ្នកស្រី ​នីកូល អ៊ឹង​ (Nicole Ung) ប្រធាន​មូលនិធិ​មេបុណ្យ​ និង​ជា​អ្នកទំនាក់​ទំនង​ជាមួយ​នឹង​សហគមន៍​ខ្មែ​សម្រាប់​អង្គការ ​Save Cambodia បាន​ថ្លែង​ប្រាប់​ដល់​អ្នកចូលរួម​ពិធី​រំឭក​ខួប​នេះ​ថា ​គណៈ​កម្មការ​នេះ​ គឺ​ជា​ឧបករណ៍​ផ្លូវ​ច្បាប់​ដែល​សកម្មជន​ខ្មែរ​អាច​ធ្វើបាន​ដើម្បីជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​ចាប់​អារម្មណ៍​នឹង​ទុក្ខលំបាក​របស់​ពលរដ្ឋ​ខ្មែរ។

អ្នកស្រី​ នីកូល អ៊ឹង​ បាន​បន្ថែម​ថា៖ ​«ដោយសារ​អន្តរជាតិ​គេ​មិន​គិត​គូរ​ឲ្យ​យើង​ គឺ​យើង​ជាអ្នកនាំ​កិច្ចការ​ហ្នឹង​ទៅ​ឲ្យ​អន្តរជាតិ​គេ​មក​ជួយ​មើល​យើង​វិញ»។

រូបឯកសារ៖ រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០២១។ (ម៉ែន គឹមសេង/វីអូអេ)
រូបឯកសារ៖ រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០២១។ (ម៉ែន គឹមសេង/វីអូអេ)

លោក វិបុល តាន់ ​អ្នកនាំពាក្យ​នៃ​គណៈកម្មការ​ស៊ើបអង្កេត​សម្រាប់​កម្ពុជា ​និង​ជា​តំណាង​របស់​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​ បាន​អំពាវនាវ​ដល់​សកម្មជន​នៃ​សហគមន៍​ខ្មែរ​នៅក្រៅ​ប្រទេស​ និង​ក្នុង​ប្រទេស​ឲ្យ​ចូលរួម​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ។

លោក វិបុល បាន​បន្ថែម​ថា៖ «បើសិនជា​យើង​ជាខ្មែរ​ជាអ្នករងគ្រោះ​ មិន​អើពើ​នឹង​រឿង​ហ្នឹង​ទេ​ វាអត់​មាន​តម្លៃ​អី​ទេ​ចំពោះ​គណៈកម្មការ​ហ្នឹង។ ដូច្នេះ​ហើយ​ នេះ​គឺជា​រឿង​ធំ​មួយ​ដែល​យើង​ត្រូវ​យក​ទៅ​គិត​ពិចារណា​ឲ្យ​បាន​ទាំងអស់​គ្នា»។

អ្នកដែល​ចាប់​អារម្មណ៍​ អាច​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​ធ្វើសកម្មភាព​នានា​និង​ផ្សព្វផ្សាយ​ពី​យុទ្ធនាការ​នេះ ​ដោយ​ចូលទៅគេហទំព័រ​ savecambodia.org

សហគមន៍​ខ្មែរ​ ក៏​បាន​បោះ​មួយ​ជំហាន​ទៀត​ក្នុង​ការរួមកម្លាំង​គ្នា​ជាមួយ​នឹង​សហគមន៍​ដទៃ​ទៀត​ដែល​កំពុង​ទាមទារ​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​នៅ​ប្រទេស​របស់​ពួកគេ​ផងដែរ​ក្នុងនោះ​មាន​ ហុងកុង ទីបេ​ ​ភូមា​ តៃវ៉ាន់​ និង​ម៉ុងហ្គោលី​ជាដើម​តាម​រយៈ​ការប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ឆ្នាំ​នេះ​ដោយ​មាន​ការដុតទៀន​នៅ​ពី​ខាងមុខ​ទីស្នាក់ការ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ញូយ៉ក​កាលពីថ្ងៃសុក្រ។

អ្នកស្រី ​ធិត គឹមហ៊ុន ​ប្រធាន​កិច្ចការ​ស្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​អាមេរិក​ បាន​ដឹកនាំ​ក្រុមការងារ​ទៅចូលរួម​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖​

«នៅ​ក្នុង​ការដុត​ទៀន​នេះ​ គឺ​ទីមួយ​ចង់​ឲ្យ​មាន​ការដោះលែង​ជនទាំងឡាយ​ណា​ដែល​មាន​ការចោទ​ប្រកាន់​នៅក្នុង​បណ្តា​ប្រទេស​ដែល​ចូលរួម​ទាំងអស់​នោះ​ និង​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ​ដោយ​ឈរ​លើ​ទិវា​សិទ្ធិមនុស្ស​នេះ»។

បច្ចុប្បន្ន​នេះ​ តុលាការ​រាជធានី​ភ្នំពេញ​កំពុង​ដំណើរការ​កាត់ទោស​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ និង​អ្នកគាំទ្រ​ជិត​១៤០​នាក់​ពាក់ព័ន្ធ​នឹង​ការប្រឆាំង​ការដឹកនាំ​របស់​លោក ហ៊ុន សែន។ សហរដ្ឋ​អាមេរិក​ ក៏​បាន​កត់​សម្គាល់​ថា​ ស្ថានភាព​សិទ្ធិ​មនុស្ស​នៅតែ​មាន​បញ្ហា​ ក្នុង​នោះ​មាន​ការធ្វើ​ទារុណកម្ម​ និង​អំពើ​ឃោរឃៅ ​អមនុស្សធម៌។ មាន​ការឃុំខ្លួន​តាម​អំពើ​ចិត្ត​ដោយ​រដ្ឋាភិបាល ​អ្នកនយោបាយ​នៅ​តែ​ត្រូវ​បាន​ដាក់ទោសទណ្ឌ​ ប្រព័ន្ធ​តុលាការ​គ្មាន​ឯករាជ្យភាព​ ការជ្រៀតជ្រែក​តាមអំពើចិត្ត​ក្នុង​ជីវិត​ឯកជន​របស់​ប្រជាពលរដ្ឋ ​រួមទាំង​ការឃ្លាំមើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អេឡិចត្រូនិក។ នេះ​ បើ​យោងតាម​របាយការណ៍​របស់​ក្រសួង​ការបទេស​សហរដ្ឋ​អាមេរិក​អំពី​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ២០២០​ ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃទី​៣០​ ខែមីនា​ ឆ្នាំ​២០២១​កន្លង​ទៅនេះ។

ទិដ្ឋភាព​នៃ​ការប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ​ បាន​បង្ហាញ​រូបភាព​ខុសគ្នា​រវាង​សកម្មជន​ដែល​នៅ​ក្រៅ​ប្រទេស ​និង​រដ្ឋាភិបាល​កម្ពុជា។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ​បានប្រៀបធៀប​ស្ថានភាពខុសគ្នានៃ​ការរស់រាន​មាន​ជីវិត​និង​សិទ្ធិសេរីភាព​ក្នុង​ពេល​បច្ចុប្បន្ន​ទៅ​នឹង​សម័យ​ខ្មែរ​ក្រហម។ លោក ហ៊ុន សែន​ ដែល​ជា​អតីត​មេបញ្ជាការ​ជាន់ទាប​មួយ​របស់​ក្រុមខ្មែរក្រហម​ មុន​ពេល​លោក​បាន​រត់ភៀសខ្លួន​ទៅ​វៀតណាម ​បាន​រំឭក​ដល់​ពលរដ្ឋ​កម្ពុជា​ថា​ សិទ្ធិ​ដែល​ពួកគេ​កំពុង​មាន​សព្វថ្ងៃ​នេះ ​គឺ​ត្រូវ​បាន​រំដោះ​យក​មក​វិញ​ពី​របប​ ប៉ុល ពត ​នៅ​ខែមករា​ ឆ្នាំ​១៩៧៩។

លោក ហ៊ុន សែន ​បាន​ថ្លែង​បន្ថែម​នៅ​ក្នុង​សារ​តាម​ហ្វេសប៊ុកថា៖ «បច្ចុប្បន្ន​ សិទ្ធិសេរីភាព​ គឺ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​រស់នៅ​ និង​ប្រកប​ការងារ​តូចធំ​ ជ្រើសរើស​ជំនឿ​សាសនា​ និង​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ដែល​ខ្លួន​ពេញ​ចិត្ត​ដោយ​សេរី​ ហើយ​សិទ្ធិ​សេរីភាព​ ក៏បាន​ធ្វើ​ឲ្យ​កម្ពុជា​កាន់តែ​រីកចម្រើន​ជឿនលឿន​ទៅមុខ»។ ​

ប៉ុន្តែ​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ មិនយល់​ស្រប​ទេ។ ពួកគេ​យល់​ថា​ ក្រោយ​ការដួល​រលំ​នៃ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​ ក្រោយការចូល​ឈ្លានពាន​របស់​កងទ័ព​វៀតណាម​ គឺ​កម្ពុជា​ប្រកាន់​របប​កុម្មុយនិស្ត​និយម ​និង​ថែម​ទាំង​ស្ថិត​ក្រោម​នឹម​បរទេស​ និង​មាន​ការវាយប្រហារ​គ្នា​មិនឈប់ឈរ​រវាង​ភាគី​ខ្មែរ​នានា។ សកម្មជន​យល់​ថា​ គឺ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ខែតុលា​ ឆ្នាំ​១៩៩១​ទេ​ ដែល​បាន​នាំ​មក​នូវ​សិទ្ធិមនុស្ស​ពិត​ប្រាកដ ​ហើយ​សិទ្ធិ​ទាំងនេះ​ ក៏​កំពុង​តែ​រង​ការគាប​សង្កត់​ដោយ​របប​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ជាពិសេស​ក្នុង​រយៈពេល​៤​ឆ្នាំ​ចុងក្រោយ​នេះ។

ស្ថានភាព​សិទ្ធិសេរីភាព​របស់​អ្នករិះគន់​រដ្ឋាភិបាល​កម្ពុជា​កាន់តែ​លំបាក ​សូម្បី​តែ​ពួកគេ​បាន​រត់ភៀស​ខ្លួន​ទៅដល់​ប្រទេស​ថៃ​ហើយ​ក៏ដោយ​ ក៏​បាន​ប្រឈម​នឹង​ការបញ្ជូនចេញ​ដោយ​បង្ខំ​មក​ប្រឈម​នឹង​ការកាត់​ទោស​នៅ​កម្ពុជា​វិញ​ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ។

និន្នាការ​គាប​សង្កត់​នេះ​កើត​ឡើង​ ខណៈ​មេដឹកនាំ​កម្ពុជា​ គឺ​លោក ​ហ៊ុន សែន ​បាន​ប្រកាស​ត្រៀម​ផ្ទេរ​តំណែង​កំពូល​នេះ​ទៅ​ឲ្យ​កូនប្រុស​របស់​លោក​ គឺ​លោក ហ៊ុន ម៉ាណែត។ សកម្មជន​ខ្មែរ​អាមេរិកាំង មិនមាន​ជំនឿ​ថា​ កូនប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នឹង​ដឹកនាំ​ខុស​ពី​ឪពុក​របស់​លោកទេ ​បើទោះបី​ជា​បាន​សិក្សា​នៅ​បស្ចិម​ប្រទេស​ក៏ដោយ។

អ្នកស្រី​ ធិត គឹមហ៊ុន បាន​ថ្លែងថា៖ «សូម​បងប្អូន​ប្រយ័ត្ន​ឲ្យ​មែនទែន។ លោក ហ៊ុន សែន​ បាន​ដឹកនាំ​ប្រទេស​ឲ្យ​ទៅជា​របប​ផ្តាច់ការ​ពេញលេញ​ដោយ​ជោគជ័យ​ សួរថា ​កូន​របស់​គាត់​ហ្នឹង ​នឹង​ដឹកនាំ​ខុស​ពី​លំនាំ​ឪពុក​ទេ? យើង​ឃើញ​ហើយ​ តែ​គាត់​បាន​ដឹកនាំ​ប្រទេស​ហើយ ​គឺ​គាត់​ដើរ​តាម​គន្លង​ឪពុក​គាត់​ដដែល​ហ្នឹង»។

សហរដ្ឋ​អាមេរិក​ បាន​ដាក់ទណ្ឌកម្ម​មន្ត្រី​យោធា​កម្ពុជា​ និង​អ្នកជំនួញ​មួយចំនួន​ដូចជា​លោកឧត្តម​សេនីយ៍ ​ហ៊ីង ប៊ុនហៀង ​លោកឧត្តមសេនីយ៍​គន់ គីម ​និង​លោកឧកញ៉ា​ ទ្រី ភាព ដោយសារ​ការរំលោភ​សិទ្ធិមនុស្ស ខណៈ​មន្ត្រី​ទាំងនោះ​ មិនរង​ការដាក់​ទោសទណ្ឌ​ពី​អាជ្ញាធរ​កម្ពុជា​ទេ​ ប៉ុន្តែ​បែរ​ជា​ទទួល​បាន​ការ​ការពារ​ពី​ស្ថាប័ន​រដ្ឋ​ និង​ត្រូវ​ដំឡើង​ឋានៈ​ជាដើម។ សហភាព​អឺរ៉ុប​ ក៏​បាន​ដកហូត​ឋានៈ​អនុគ្រោះពន្ធ​លើ​ទំនិញ​នាំចូល​ពី​កម្ពុជា​ចំនួន​២០%​ ក៏ដោយសារ​សកម្មភាព​រំលោភ​សិទ្ធិមនុស្ស​ និង​សិទ្ធិពលរដ្ឋ​នេះ។ រីឯ​សភា​សហរដ្ឋ​អាមេរិក​ ក៏​បាន​ស្នើច្បាប់​ចំនួន​ពីរ​ដើម្បី​ត្រៀម​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ និង​បុគ្គល​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ផងដែរ៕

XS
SM
MD
LG