ដោយមានទឹកមុខញញឹម រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ បាញ់ និងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានព្រមព្រៀងគ្នាកាលពីខែមីនា ឆ្នាំ២០១៨ លើកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន ក្នុងនោះមានការបញ្ជូនអ្នកប្រឆាំងនឹងរដ្ឋាភិបាលទាំងពីរទៅប្រឈមមុខនឹងការកាត់ទោសក្នុងប្រទេសកំណើត។
ប៉ុន្តែស្នាមញញឹមរបស់ថ្នាក់ដឹកនាំទាំងពីរ បានបង្កើនការភ័យខ្លាចបន្ថែមដល់អ្នករិះគន់ប្រឆាំងការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅកម្ពុជា ដែលតែងតែគេចខ្លួនទៅប្រទេសថៃដើម្បីជៀសវាងការធ្វើទុក្ខបុកម្នេញ ឬការចោទប្រកាន់តាមផ្លូវច្បាប់ដែលមានលក្ខណៈនយោបាយ។ ចាប់តាំងពីពេលនោះមក មានសកម្មជននយោបាយ និងសហជីពយ៉ាងហោចណាស់៧នាក់ ត្រូវបានបញ្ជូនមកកម្ពុជាវិញ ក្នុងនោះមានទាំងអ្នកដែលទទួលបានឋានៈជាជនភៀសខ្លួនពីអង្គការសហប្រជាជាតិផងដែរ។
ក្នុងខែវិច្ឆិកា ឆ្នាំនេះសកម្មជន និងអតីតមន្ត្រីថ្នាក់មូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិចំនួន៤នាក់ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនឲ្យប្រឈមមុខនឹងការកាត់ទោសនៅកម្ពុជាពាក់ព័ន្ធនឹងបទចោទប្រកាន់ជាច្រើន ក្នុងនោះមានបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និង«រួមគំនិតក្បត់»ដែលជាបទចោទពេញនិយមលើអ្នករិះគន់រដ្ឋាភិបាលកម្ពុជា។ អ្នកទាំងនោះមានអ្នកស្រី ឡាញ់ ថាវរី អតីតមេឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលបានរស់នៅភៀសខ្លួនក្នុងប្រទេសថៃជាង៤ឆ្នាំ។ លោក វឿន វាសនា និងលោក វឿង សំណាង បានភៀសខ្លួនទៅប្រទេសថៃក្នុងឆ្នាំ២០២០។ អ្នកទាំងបី ទទួលបានឋានៈជាជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។ អ្នកទី៤ គឺលោក ម៉ិច ហ៊ាង ជាពលករដែលគាំទ្រគណបក្សសង្គ្រោះជាតិ និងកំពុងស្វែងរកសិទ្ធិជ្រកកោនជាជនភៀសខ្លួន។
ចំណាត់ការនេះ បាននាំឲ្យមានការរិះគន់ និងថ្កោលទោសពីអង្គការសហប្រជាជាតិដោយចាត់ទុកថា បានផ្ទុយនឹងគោលការណ៍អន្តរជាតិដែលមិនបញ្ជូនដោយបង្ខំនូវអ្នករត់ភៀសខ្លួនត្រឡប់ទៅប្រទេសកំណើតដោយសារជីវិត ឬសេរីភាពរបស់ពួកគេត្រូវរងការគំរាមកំហែង។
អ្នកស្រី Catherine Stubberfield អ្នកនាំពាក្យស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក បានថ្លែងប្រាប់ VOAខេមភាសាតាមសារអេឡិកត្រូនិកថា៖
«ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បន្តតស៊ូមតិនឹងរដ្ឋាភិបាលថៃឲ្យធានាសុវត្ថិភាពជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោនក្នុងប្រទេសថៃនិងគោរពគោលការណ៍មិនបញ្ជូនដោយបង្ខំត្រឡប់ទៅប្រទេសកំណើតវិញ។ យើងស្វែងរកការបកស្រាយបន្ទាន់ពីអាជ្ញាធរថៃពាក់ព័ន្ធនឹងហេតុការណ៍ដែលឈានទៅដល់ការបណ្តេញចេញ និងហេតុអ្វីបានជារឿងនេះកើតឡើង»។
អ្នកនាំពាក្យរបស់លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា អ្វីដែលអាជ្ញាធរថៃធ្វើ គឺស្របតាមគោលការណ៍កិច្ចការបរទេស ហើយមានប្រទេសជាច្រើនក៏កំពុងតែធ្វើដូចនេះដែរ ដូច្នេះគេមិនគួរធ្វើអ្វីឲ្យប៉ះពាល់ផលប្រយោជន៍របស់ថៃទេ។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍ ដែលបានចេញផ្សាយកាលពីថ្ងៃទី២៣ ខែវិច្ឆិកា។
អង្គការសិទ្ធិមនុស្ស Human Rights Watch បានវាយតម្លៃថា ការបញ្ជូនជនភៀសខ្លួនកម្ពុជាត្រឡប់ទៅប្រទេសកំណើតវិញ ធ្វើឡើងតាមស្មារតីនៃការព្រមព្រៀងគ្នាកាលពីខែមីនា ឆ្នាំ២០១៨នោះ។ ការណ៍នេះ ដោយសារតែភាគីថៃ ត្រូវការកិច្ចសហប្រតិបត្តិការរបស់កម្ពុជាដើម្បីចាប់ខ្លួនសកម្មជននយោបាយអាវក្រហមដែលបានតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធាឆ្នាំ២០១៤ ហើយខ្លះបានរត់ទៅលាក់ខ្លួននៅប្រទេសកម្ពុជា។ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលថៃកាលពីជិត៤ឆ្នាំនោះបញ្ជាក់ថា ប្រទេសទាំងពីរ យល់ព្រមតាមឃ្លាំមើលជនទាំងឡាយណាដែលរត់គេចពីច្បាប់ដោយឆ្លងព្រំដែនដើម្បីរារាំងពួកគេមិនឲ្យប្រើប្រាស់ទឹកដីថៃ និងកម្ពុជាដើម្បីបង្កើតភាពវឹកវរ និងជម្លោះ។
ទំនាក់ទំនងរវាងប្រទេសថៃនិងកម្ពុជា មិនសូវជាល្អទេចាប់តាំងពីក្រុមយោធាថៃបានធ្វើរដ្ឋប្រហារឆ្នាំ២០០៦ ទម្លាក់លោកនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលជាមិត្តភក្តិជិតស្និទ្ធរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែកិច្ចព្រមព្រៀងនេះត្រូវបានគេមើលឃើញថា ជារបត់ថ្មីមួយដើម្បីធ្វើឲ្យទំនាក់ទំនងកាន់តែល្អប្រសើរឡើង។ លោក ហ៊ុន សែន និងលោក ប្រាយុទ្ធ ចាន់អូចា មានប្រវត្តិស្រដៀងគ្នា ដោយមានប្រវត្តិជាយោធា និងធ្លាប់ដឹកនាំធ្វើរដ្ឋប្រហារដូចគ្នា ហើយត្រូវបានគេមើលឃើញថា មិនញញើតនឹងប្រើកណ្តាប់ដៃដែកដើម្បីបង្ក្រាបអ្នកប្រឆាំង។
អង្គការ Human Rights Watch បានថ្លែងដោយផ្អែកលើព័ត៌មានដែលអង្គការនេះទទួលបានថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានការតាមឃ្លាំមើលកាន់តែច្រើនឡើងលើពលរដ្ឋកម្ពុជាដែលកំពុងលាក់ខ្លួននៅប្រទេសថៃ ហើយគេជឿថា អ្នកឃ្លាំមើលទាំងនោះ គឺជាមន្ត្រីដែលមកពីប្រទេសកម្ពុជា។
ជនរងគ្រោះលេចធ្លោដំបូងគេពីកិច្ចសហប្រតិបត្តិការថៃនិងកម្ពុជា គឺលោក រ៉ាត់ រត្នមុនី សកម្មជនសហជីព ដែលត្រូវបានបញ្ជូនមកវិញពាក់ព័ន្ធនឹងការផលិតភាពយន្តឯកសារដែលបើកបង្ហាញការជួញដូរផ្លូវភេទនៅកម្ពុជា។ លោកត្រូវបានប្រទេសថៃបញ្ជូនមកកម្ពុជាវិញនៅខែធ្នូ ឆ្នាំ២០១៨ ក្នុងខណៈពេលកំពុងស្នើសុំឋានៈជនភៀសខ្លួនពីអង្គការសហប្រជាជាតិ។ រីឯសកម្មជនគណបក្សសង្គ្រោះជាតិមួយរូបទៀត គឺនាង សំ សុខា ត្រូវបានបញ្ជូនមកកម្ពុជាក្នុងខែកុម្ភៈ ឆ្នាំ២០១៨ គឺមុនពេលដែលភាគីទាំងពីរ បានស្រុះស្រួលព្រមព្រៀងគ្នាជាផ្លូវការ។ នាង សំ សុខា ត្រូវបានចោទប្រកាន់និងកាត់ទោសពាក់ព័ន្ធនឹងការជេរប្រមាថថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។
អ្នករិះគន់រដ្ឋាភិបាលកម្ពុជា នៅបន្តរងការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរថៃដូចជា ព្រះសង្ឃព្រះនាម បូរ បេត ជាសង្ឃសកម្មបរិស្ថានត្រូវបានអាជ្ញាធរថៃចាប់ និងត្រូវបានផ្សឹក កាលពីដើមខែធ្នូ ប៉ុន្តែ បានដោះលែងវិញក្រោយពីមានអន្តរាគមន៍ពីអង្គការសហប្រជាជាតិ។ ព្រះអង្គមានឋានៈជាជនភៀសខ្លួន និងត្រូវបានបញ្ជូនបន្តទៅប្រទេសស្វីស។
ចំណាត់ការជាបន្តបន្ទាប់នេះ បានបង្កការភ័យខ្លាចកាន់តែខ្លាំងដល់ជនភៀសខ្លួន និងអ្នករិះគន់រដ្ឋាភិបាលដែលកំពុងលាក់ខ្លួននៅប្រទេសថៃ។
លោក តោ និមល សកម្មជនគណបក្សសង្គ្រោះជាតិ និងប្រពន្ធ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនខ្លួនទៅប្រទេសកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០២០ បើទោះជាអ្នកទាំងពីរមានឋានៈជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិក៏ដោយ។ លោកត្រូវបានចោទប្រកាន់ពីបទឧទ្ទាមក្រៅច្បាប់ និងរួមគំនិតក្បត់។ ប៉ុន្តែលោក និងប្រពន្ធ បានរត់គេចរួចខ្លួនមកប្រទេសថៃវិញ ក្រោយពីត្រូវប៉ូលិសឃុំខ្លួនបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះនិងបានដោះលែងវិញ។
បច្ចុប្បន្ន លោក តោ និមល ត្រូវបានអង្គការសហប្រជាជាតិរក្សាការពារ ប៉ុន្តែលោកនៅតែមានការព្រួយបារម្ភ។ លោកបានប្រុងប្រយ័ត្នក្នុងការចេញទៅទិញម្ហូបដោយពឹងគេជួយទិញឲ្យក្នុងមួយសប្តាហ៍ម្តង និងកម្របើកទូរស័ព្ទនិយាយ ខ្លាចមានអ្នកតាមដានដឹងទីតាំងស្នាក់នៅ។
លោក តោ និមល បានរៀបរាប់បន្ថែមប្រាប់វីអូអេថា៖
«ខ្ញុំនៅតែមានអារម្មណ៍ភ័យខ្លាច។ ការភ័យខ្លាចនោះ គឺភាពអយុត្តិធម៌ក្នុងការចាប់បញ្ជូនទាំងរំលោភច្បាប់ បំពានច្បាប់ហ្នឹង។ ប៉ុន្តែបើឲ្យភ័យខ្លាចលោក ហ៊ុន សែន គឺខ្ញុំមិនភាពភ័យខ្លាចតក់ស្លុតទេ បើសិនជា តតាំងគ្នាតាមរដ្ឋធម្មនុញ្ញដោយសន្តិវិធី»។
អតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំនៅប្រទេសថៃ គឺលោក លី រតនៈរស្មី បានភៀសខ្លួនទៅដល់ប្រទេសហ្វីលីពីនក្នុងឆ្នាំ២០១៨ ដោយសារបារម្ភពីសុវត្ថិភាព។ លោកបានប្រាប់វីអូអេថា៖
«ករណីទាំងអស់នៅក្នុងប្រទេសថៃ គឺយើងអត់មានសុវត្ថិភាពទេ។ អ៊ីចឹង អ្វីដែលខ្ញុំសម្រេចចិត្តមកប្រទេសហ្វីលីពីន គឺជាការសម្រេចចិត្តដ៏ត្រូវមួយ។ បើមិនអ៊ីចឹងទេ ខ្ញុំនឹងជួបហេតុផលដូចបងប្អូនគេបញ្ជូនទៅប្រទេសកម្ពុជាអ៊ីចឹង»។
លោក រតនៈ រស្មី រិះគន់រដ្ឋាភិបាលថៃបច្ចុប្បន្នដែលមិនបានយកចិត្តទុកដាក់គោរពច្បាប់អន្តរជាតិលើផ្នែកជនភៀសខ្លួនទេ៖ «បើតាមការសហការគ្នារវាងរដ្ឋាភិបាលថៃនិងកម្ពុជា វាហាក់ដូចជារលូនរវាងគ្នានិងគ្នា ជាពិសេសយើងមើលឃើញថា ប្រទេសថៃហាក់ដូចជាមិនបានផ្តល់សិទ្ធិដល់អ្នកដែលមានសិទ្ធិជាជនភៀសខ្លួនក្នុងប្រទេសថៃនោះទេ»។
បច្ចុប្បន្ននេះសកម្មជននិងអតីតមន្ត្រីរបស់គណបក្សសង្គ្រោះជាតិជាង៦០នាក់នៅកំពុងលាក់ខ្លួននៅក្នុងប្រទេសថៃនៅឡើយ។ ចំនួននេះ បានថយចុះច្រើនធៀបនឹងចំនួនអ្នកភៀសខ្លួន ក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ ដែលមានដល់ទៅពីរ ឬបីរយនាក់។ ការណ៍នេះ ដោយសារអ្នកខ្លះ បានវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ហើយរក្សាភាពស្ងប់ស្ងៀមមិនធ្វើសកម្មភាពនយោបាយអ្វី និងអ្នកខ្លះទៀតទទួលបានសិទ្ធិទៅស្នាក់នៅប្រទេសទី៣ដែលមានដូចជាកាណាដា និងសហរដ្ឋអាមេរិកជាដើម។
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានសម្តែងការព្រួយបារម្ភចំពោះការបញ្ជូនដោយបង្ខំនេះ និងផលប៉ះពាល់ដល់អ្នកដែលហ៊ានរិះគន់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រោះវាហាក់ដូចជាការបិទច្រកដែលកំពុងតែតូចចង្អៀតស្រាប់។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់វីអូអេថា៖
«យើងមើលឃើញថា រដ្ឋាភិបាលថៃបច្ចុប្បន្នហាក់ដូចជាមិនអនុវត្តតាមរដ្ឋាភិបាលថៃមុនៗ គឺហាក់ដូចជាឃុបឃិតជាមួយនឹងរបបលោក ហ៊ុន សែន។ នេះ ជាការព្រួយបារម្ភមែនទែន។ នេះ ជាការប៉ះពាល់ដល់សេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋដែលគាត់រត់គេចខ្លួនពួនអាត្មានៅប្រទេសថៃ»។
ក្នុងពេលកន្លងមក គឺធ្លាប់មានករណីចម្រូងចម្រាសដែលអាជ្ញាធរថៃបានចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងដែលទទួលបានឋានៈជនភៀសខ្លួនដែរ គឺ លោក សុខ យឿន នៅខែធ្នូ ឆ្នាំ១៩៩៩ ខណៈលោករត់ទៅប្រទេសថៃដើម្បីគេចចេញពីការចោទប្រកាន់ដែលមានលក្ខណៈនយោបាយរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ពាក់ព័ន្ធនឹងការវាយប្រហារដោយគ្រាប់រ៉ុក្កែតក្នុងឆ្នាំ១៩៩៨ ដែលលោក ហ៊ុន សែន អះអាងថាសំដៅលើរូបលោក។ លោកសុខ យឿន គឺជាសកម្មជននៃគណបក្ស សម រង្ស៊ី។ ប៉ុន្តែរដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ឈួន លីផៃ នៃគណបក្សប្រជាធិបតេយ្យ បានបដិសេធសំណើជាបន្តបន្ទាប់របស់កម្ពុជា។ លោក សុខ យឿនត្រូវបានបញ្ជូនបន្តទៅប្រទេសហ្វាំងឡង់ ក្រោយពីដោះលែងពីពន្ធនាគារ។
លោក អេង ឆៃអ៊ាង បានបន្ថែមទៀតថា គណបក្សប្រឆាំងកំពុងតែខិតខំប្រឹងប្រែងដើម្បីដោះស្រាយស្ថានការណ៍បច្ចុប្បន្ននេះ៖
«ចំណុចនេះ គឺយើងបានធ្វើការជាមួយនឹងអង្គការសិទ្ធិមនុស្សនានាដើម្បីឲ្យគេធ្វើការជាមួយនឹងរដ្ឋាភិបាលប្រទេសថៃ។ យើងក៏ធ្វើការជាមួយនឹងអ្នកនយោបាយថៃមួយចំនួនដែរ ពីព្រោះយើងដឹងហើយថា ប្រទេសថៃ ជាប្រទេសដែលរក្សាមុខមាត់នៅលើឆាកអន្តរជាតិ ជាពិសេសជុំវិញបញ្ហាជនភៀសខ្លួនហ្នឹង»។
ប្រទេសថៃ មិនមែនជាភាគីនៃអនុសញ្ញាស្តីពីឋានៈសិទ្ធិជនភៀសខ្លួនឆ្នាំ១៩៥១ ទេ ប៉ុន្តែ តម្រូវឲ្យគោរពតាមគោលការណ៍អន្តរជាតិស្តីពីការមិនបញ្ជូនដោយបង្ខំត្រឡប់ទៅប្រទេសដើមវិញដែលមានចែងក្នុងអនុសញ្ញាប្រឆាំងការធ្វើទារុណកម្ម និងការប្រព្រឹត្តិមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប ដែលថៃជាភាគី។ ដោយឡែកប្រទេសកម្ពុជា គឺជាភាគីនៃអនុសញ្ញាទាំងពីរនេះ។
ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានសម្តែង«ការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីសុវត្ថិភាព»នៃជនភៀសខ្លួនទាំងបីនាក់ ជាពិសេសពាក់ព័ន្ធនឹងការធ្វើទុក្ខអ្នកដែលត្រូវបានគេចាត់ទុកថា ជាអ្នកប្រឆាំងនឹងរដ្ឋាភិបាល។ អង្គការសហប្រជាជាតិ ក៏អំពាវនាវឲ្យរដ្ឋាភិបាលថៃ គោរពតាមកាត្វកិច្ចអន្តរជាតិដោយបញ្ឈប់ការបណ្តេញចេញបន្តទៀតក្នុងពេលអនាគត។
អ្នកស្រី Catherine Stubberfield បានបន្ថែមថា៖
«ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ក៏ទទូចរាជរដ្ឋាភិបាលថៃប្រាប់ឲ្យរដ្ឋាភិបាលកម្ពុជាយល់ថា សិទ្ធិមនុស្សរបស់អ្នកដែលបញ្ជូនត្រឡប់ទៅវិញ ត្រូវតែគោរព»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងអ្នកនាំពាក្យប៉ូលិសជាតិនៃប្រទេសកម្ពុជា មិនបានឆ្លើយតបនឹងការស្នើសុំអត្ថាធិប្បាយតាមទូរស័ព្ទ និងសារដែល VOA បានបញ្ជូនទៅជាបន្តបន្ទាប់ទេ ក្នុងរយៈពេលជាង១សប្តាហ៍កន្លងមកនេះ។ ប៉ុន្តែលោក ខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់បានប្រាប់វីអូអេក្នុងពេលកន្លងមកដោយបដិសេធថា រដ្ឋាភិបាលមិនបានចាប់សកម្មជនគណបក្សប្រឆាំងទេ គឺចាប់តែអ្នកដែលធ្វើខុសច្បាប់ប៉ុណ្ណោះ។
ហេតុការណ៍ក្នុងពេលថ្មីៗនេះ និងអ្វីដែលបានកើតឡើងក្នុងរយៈពេលជិត៤ឆ្នាំនេះ បានផ្តល់ជាសញ្ញាមួយថា ប្រទេសថៃលែងជាទីកន្លែងមួយដែលអាចឲ្យសកម្មជននយោបាយប្រឆាំងនឹងការដឹកនាំរបស់លោក ហ៊ុន សែន យកជាទីលាក់ខ្លួនដោយសុវត្ថិភាពបានទៀតហើយ។ ក្នុងខណៈពេលដែលភាគីកម្ពុជា និងថៃ ខិតខំបំភ្លេចភាពជូរចត់ពេលអតីតកាល និងជំរុញទំនាក់ទំនងទៅមុខ អ្នកដែលត្រូវបង់តម្លៃ គឺអ្នកដែលហ៊ានបញ្ចេញមតិរិះគន់ការដឹកនាំរបស់មេដឹកនាំប្រទេសទាំងពីរ និងគុណតម្លៃនៃច្បាប់អន្តរជាតិ។
អ្នកវិភាគ និងក្រុមអ្នកនយោបាយប្រឆាំងយល់ថា និន្នាការបញ្ជូនអ្នករិះគន់ទៅប្រទេសកម្ពុជាវិញនេះ នឹងវិវត្តទៅមុខដោយសារនេះ ជាការពង្រឹងអំណាចរបស់គណបក្សប្រជាជនកម្ពុជា ក្នុងខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោតជាតិ ជិតចូលមកដល់ និងក្នុងពេលដែលគណបក្សប្រជាជនកម្ពុជាកំពុងតែត្រៀមផ្ទេរការដឹកនាំទៅអ្នកជំនាន់ក្រោយ។ រីឯស្ថានភាពនយោបាយក្នុងប្រទេសថៃ ក៏កំពុងតែប្រឈមនឹងការរំជើបរញ្ជួយដោយសារការតវ៉ាប្រឆាំងនឹងការដឹកនាំរបស់លោក ប្រាយុទ្ធ ចាន់អូចា ផងដែរ៕