ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន Huawei ស្នើ​ឲ្យ​តុលាការ​សហព័ន្ធ​អាមេរិក​សម្រេច​ឲ្យ​បាន​ឆាប់​ប្រឆាំង​នឹង​ការ​ហាម​ឃាត់


រូបឯកសារ៖ ហាងលក់គ្រឿងអេឡិចត្រូនិចម៉ាក Huawei នៅក្រុងប៉េកាំង។ 
រូបឯកសារ៖ ហាងលក់គ្រឿងអេឡិចត្រូនិចម៉ាក Huawei នៅក្រុងប៉េកាំង។ 

ក្រុមហ៊ុន Huawei បាន​បដិសេធ​ថា ខ្លួន​មិន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អង្គភាព​ណា​មួយ​របស់​រដ្ឋាភិបាល​ចិន​នោះ​ទេ។

ក្រុមហ៊ុន Huawei ដែល​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ​បំផុត​របស់​ប្រទេស​ចិន បាន​ស្នើ​តុលាការ​សហព័ន្ធ​សហរដ្ឋ​អាមេរិក​ឲ្យ​សម្រេច​ដោយ​មិន​មាន​សវនាការ​ថា ច្បាប់​ដែល​ហាម​ឃាត់​ទីភ្នាក់ងារ​រដ្ឋាភិបាល ក្រុមហ៊ុន​កិច្ច​សន្យា​នានា និង​អ្នក​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​នានា មិន​ឲ្យ​ទិញ ឬ​ក៏​ប្រើ​ផលិតផល​ក្រុមហ៊ុន Huawei គឺ​ជា​ច្បាប់​ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ។

ក្រុម​មេធាវី​របស់​ក្រុមហ៊ុន Huawei បាន​ដាក់​ញត្តិ​ស្នើ​សុំ​ឲ្យ​ឲ្យ​តុលាការ​ចេញ​សេចក្ដី​វិនិច្ឆ័យ​សង្ខេប​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ដោយ​មាន​បំណង​ចង់​ឲ្យ​មាន​ការ​បញ្ចប់​ឲ្យ​បាន​ឆាប់​នូវ​ពាក្យ​បណ្ដឹង​ដែល​ក្រុមហ៊ុន​នេះ​បាន​ដាក់​ជូន​តុលាការ​ដំបូង​កាល​ពី​ខែ​មីនា​កន្លង​ទៅ​នេះ។

ញត្តិ​នេះ​បាន​បញ្ជាក់​ថា ខ​ដែល​ចែង​នៅ​ក្នុង​ច្បាប់​អនុញ្ញាត​ផ្នែក​ការពារ​ជាតិ​គឺ​ជា​ការ​រំលោភ​ទៅ​លើ​នីតិវិធី និង​ជា​ការ​ធ្វើ​ឲ្យ​សភា​សហរដ្ឋ​អាមេរិក​សម្រេច​ថា ក្រុមហ៊ុន​មាន​ទោស​កំហុស​ដោយ​មិន​បាន​ឆ្លង​កាត់​សវនាការ​របស់​តុលាការ និង​ដោយ​គ្មាន​ទុក​នូវ​វិធី​ណា​មួយ​ឲ្យ​ក្រុមហ៊ុន Huawei តតាំង​ជាមួយ​នឹង​ការ​សម្រេច​នេះ។

ក្រុមហ៊ុន Huawei បាន​បដិសេធ​ថា ខ្លួន​មិន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អង្គភាព​ណា​មួយ​របស់​រដ្ឋាភិបាល​ចិន​នោះ​ទេ។

ក្រុមហ៊ុន​នេះ​បាន​បន្ថែម​ថា ការ​ហាមឃាត់​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នេះ​បាន​បន្សល់​ស្លាកស្នាម​ឈឺចាប់​ដល់​ក្រុមហ៊ុន និង​បុគ្គលិក​របស់​ក្រុមហ៊ុន ដោយ​វា​បាន​បង្អាក់​ដល់​កិច្ច​សន្យា​នានា​ដែល​មាន​ស្រាប់​របស់​ក្រុមហ៊ុន​ជាមួយ​នឹង​ដៃគូ​ពាណិជ្ជកម្ម​នានា និង​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​លទ្ធភាព​ជា​បន្ត​របស់​ក្រុមហ៊ុន Huawei នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG