ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាស៊ាន​ចូល​អន្តរាគមន៍​ដើម្បី​បញ្ឈប់​ការកើនឡើង​នូវ​ការរឹតត្បិត​ការនាំចេញ​ស្បៀង​អាហារ​​រវាង​រដ្ឋ​សមាជិក​ខ្លួន


នាវា​ដឹក​ទំនិញ​មួយ​ធ្វើដំណើរ​លើ​ទន្លេ Saigon ក្នុង​ប្រទេស​វៀតណាម។

រូបភាព​មួយ​ចំនួន ដែល​អាច​រំឭក​ឡើង​វិញ​យ៉ាង​ច្បាស់​ក្រឡែត​អំពី​ទិដ្ឋភាព​អំឡុង​មហា​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ទសវត្សរ៍​១៩៣០ មាន​ដូចជា​មនុស្ស​ឈរ​តម្រង់​ជួរ​ចាំ​ទទួល​ស៊ុប​មក​បរិភោគ ខណៈពេល​ដែល​កសិករ​ចាក់​ចោល​ផលដំណាំ ដែល​ពួកគេ​លក់​មិន​ចេញ។ នោះ គឺ​ជា​សោកនាដកម្ម​មួយ ដែល​តំបន់​អាស៊ី​អាគ្នេយ៍ កំពុង​ព្យាយាមបញ្ជៀសឲ្យ​បាន​ថ្វីបើ ទិដ្ឋភាពកំពុង​ចាប់ផ្តើម​កើតឡើង​នៅ​តាម​តំបន់​ខ្លះៗ នៅ​ជុំវិញពិភព​លោក​នៅ​ក្នុង​ពេល​មាន​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​នេះ រួច​ទៅ​ហើយ។

ការបន្ទុចបង្អាក់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ ដែល​បង្ក​ឡើង​ដោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​នេះ មាន​ន័យ​ថា ផ្លែឪឡឹក​ត្រូវបាន​គេ​បោះចោល​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​ស្រូវអង្ករ​ត្រូវ​បាន​គេ​ទុកចោល​នៅ​កំពង់ផែ​ក្នុង​ប្រទេស​វៀតណាម កាលពី​ខែមុន។ ការ​បារម្ភចំពោះ​ការគាំពារ​និយម បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​នៅក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ចេញ​មុខ​កោះ​ហៅ​ការប្រជុំ​មួយ ដែល​ក្នុង​នោះពួកគេ​ប្តេជ្ញា​ថា នឹង​មិន​រឹតត្បិត​ការនាំចេញ​ស្បៀង​អាហារ​ឡើយ។ ការធ្វើ​អន្តរាគមន៍​នេះ ក៏​មាន​សារៈសំខាន់​សម្រាប់តំបន់​ដទៃ​ទៀត​ក្នុងពិភពលោក​ទាំងមូល​ផងដែរ ដែល​ពឹងផ្អែក​លើ​អាស៊ានជា​តំបន់​ផ្គត់ផ្គង់​អង្ករ អាហារ​សមុទ្រ និង​ផលិតផល​ដ៏​ធំ​បំផុត​មួយ។

រដ្ឋមន្ត្រី​កសិកម្ម​នៃ​ប្រទេស​ជា​សមាជិក​ទាំង១០​របស់​អាស៊ាន បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖

«យើង​កត់សម្គាល់​ថា ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​១៩​នេះ បាន​ទាក់ទាញ​ការយកចិត្ត​ទុកដាក់​របស់​យើង​ទៅលើ​គ្រោះថ្នាក់​ដែល​កើត​ឡើង​ភ្លាមៗ ដោយសារ​ការខ្វះ​ស្បៀង​អាហារ និង​ផលប៉ះពាល់​អវិជ្ជមាន​ទៅលើ​អាហារ​រូបត្ថម្ភ​ដោយសារ​ការកើនឡើង​នៃ​តម្រូវការ និង​ការបន្ទុចបង្អាក់​ដល់​សង្វាក់​ផ្គត់ផ្គង់»។

ពួកគេ​បាន​សន្យា​ថា នឹង«បញ្ជៀស​ការដាក់ចេញ​នូវ​ការត្រួតពិនិត្យ​ថ្មី​ទៅ​លើ​ការនាំ​ចេញ ការរឹតបន្តឹង​និង​ការហាមឃាត់ ការដាក់​ពន្ធ និង​ការដាក់​របាំងផ្សេង​ទៀត​ក្រៅ​ពីពន្ធលើ​ទំនិញ»។

ឥឡូវនេះ ពួកគេ​គ្រោងនឹង​ធ្វើការ​សិក្សា​រួមគ្នា​មួយ ស្តីពី​វិធី​ដើម្បី​ធានា​សន្តិសុខ​ស្បៀង​អាហារ តាមរយៈ​ការពិនិត្យ​ឡើងវិញ​ជាទៀងទាត់​នូវ​ស្ថានភាព​របស់​ប្រទេសសមាជិក​នីមួយៗ និង​ផ្តោត​លើ​ការធានា​ឲ្យ​មាន​ស្រូវ​អង្ករ ពោត និង​ស្ករគ្រប់គ្រាន់។

បញ្ហា​បង្កដោយ​ខ្លួនឯង

បញ្ហា​នេះ ធ្វើឲ្យ​អាស៊ាន​ប្រឈមនឹង​ស្ថានការណ៍​ផលលំបាក​មួយ​ដែល​តែង​តែកើត​ឡើង​ក្នុង​សេដ្ឋកិច្ច គឺ​ការភ័យខ្លាច អាច​បង្ក​ឲ្យ​មានបញ្ហា​វិល​ចុះឡើង​មក​ខ្លួន​ឯង​វិញ ប្រសិនបើ​រដ្ឋនានា​មិន​ស្រុះស្រួល​នឹងគ្នា ចាត់​វិធានការ​រួម​ទេ​នោះ។ ការភ័យខ្លាច​ចំពោះ​កង្វះខាត​ស្បៀង​អាហារ​អាច​ជំរុញ​ឲ្យ​មនុស្សម្នា ទិញ​ស្បៀងអាហារ​ស្តុកទុក ដែល​ជា​ហេតុធ្វើ​ឲ្យ​មាន​ការខ្វះខាត​ស្បៀងអាហារ។

ការ​ផ្អើល​ទិញ​ទំនិញ​ទុក គ្រាន់​តែ​ជា​កត្តា​មួយ​ក្នុង​ចំណោម​កត្តា​ជាច្រើន​ដែល​នៅពី​ក្រោយ​ស្ថានកាណ៍​ដែល​ជំងឺ​កូវីដ​១៩ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្វាក់​ផ្គត់ផ្គង់។ ទី១ អ្នក​ប្រើប្រាស់នៅ​ទូទាំង​ពិភពលោក​ប្រញាប់​ប្រញាល់​ទិញ​ស្បៀង​អាហារ​ចាំបាច់​ទុក គ្រាដែល​ការរាតត្បាត​ដោយ​វីរុស​កូរ៉ូណា បាន​បង្ខំ​មនុស្ស​ជាច្រើន​ឲ្យ​នៅ​ផ្ទះ​រយៈពេល​ជាច្រើន​សប្តាហ៍ ឬ ច្រើន​ខែ។ ទី២ បណ្តា​ប្រទេស​នានា មាន​ការព្រួយ​បារម្ភ​ថា វា​អាច​កាត់បន្ថយ​ការផ្គត់ផ្គង់​ក្នុង​ស្រុក​របស់​ពួកគេ ដូច្នេះ​ពួកគេ​បាន​ចេញ​បទបញ្ញត្តិ​រឹតត្បិតការនាំចេញ។ នោះ​រាប់បញ្ចូល​ទាំង​ការផ្អាក​ការនាំ​ស៊ុត​ពី​ប្រទេស​ថៃ ដែល​បាន​ចាប់ផ្តើម​កាលពី​ខែមីនា និង​ការនាំចេញ​អង្ករ​ពី​ប្រទេស​វៀតណាម និង​មីយ៉ាន់ម៉ា​ផងដែរ។ ទី៣ ការវិធានការរឹតត្បិត​ទាំងនេះ បាន​បង្ក​ឲ្យ​មាន​ការព្រួយ​បារម្ភ​ថា ប្រទេស​នានា នឹង​ចាត់​វិធានការ​តបវិញ ដោយដាក់​ការ​វិធានការ​រឹតត្បិត​បន្ថែម​ទៀត។

លោក Ashok Kumar Mirpuri ឯកអគ្គរដ្ឋ​ទូត​នៃ​ប្រទេស​សិង្ហបូរី​ប្រចាំ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ក្នុង​វេទិកា​មួយ​ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​អាស៊ី ឬ Asia Society កាលពី​ខែមេសា​ថា ការចាត់​វិធានការ​ផ្នែក​សេដ្ឋកិច្ច​តាម​បែប​មិន​គិតគូរ​ពី​ស្ថានការណ៍​នៅក្នុង​ប្រទេស​ជិតខាង​របស់​អ្នក​ដោយ​ការបិទ​ការនាំចេញ​របស់​អ្នក មាន​ន័យ​ថា ប្រទេស​ដទៃ ក៏​នឹង​បិទ​ការនាំចេញ​របស់​ពួកគេ ទៅ​ប្រទេស​អ្នក​វិញ​ដែរ»។

ទោះជាយ៉ាងនេះក្តី បន្ទាប់ពី​កិច្ចប្រជុំ​អាស៊ាន ការភ័យខ្លាច​អំពី​ការខ្វះ​ស្បៀងអាហារ បាន​ថយចុះ។ ប្រទេស​វៀតណាម និង​មីយ៉ាន់ម៉ា បាន​ដក​ការរឹតបន្តឹង​លើ​ការ​នាំចេញ​អង្ករ​នៅ​ខែឧសភា​នេះ ខណៈពេល​ដែល​ប្រទេស​ម៉ាឡេស៊ី និង​សិង្ហបូរី បាន​ព្រមព្រៀង​គ្នា​ដើម្បី​ដោះស្រាយ​ការរាំងស្ទះ​នៅ​តាម​ព្រំដែន​របស់​ពួកគេ ដែល​នោះ ជា​មូលហេតុ​ដែល​បណ្តាល​ឲ្យ​ផ្លែ​ឪឡឹក ដែល​មិន​បាន​លក់​ចេញ​នោះ ស្អុយរលួយ​ចោល។

កត្តា​ទីបួន​ដែល​នាំ​ឲ្យ​រំខាន​ដល់​សង្វាក់​ផ្គត់ផ្គង់ គឺជាកត្តា​ចៃដន្យមួយ៖ ដើម្បី​ទប់ស្កាត់​ការរាតត្បាត​ដោយ​ជំងឺ​កូវីដ​១៩ រដ្ឋាភិបាល​នានា បាន​ហាមប្រាម​ប្រជាពលរដ្ឋ មិន​ឲ្យ​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន ប៉ុន្តែ​វា​ក៏​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ការលំបាក​ក្នុងការ​ដឹកជញ្ជូន​ស្បៀងអាហារ​ដែរ។ នេះ​ជា​ករណី​ដែល​បាន​កើត​ឡើង នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ដែល​មិន​បាន​ហាមឃាត់​ការនាំ​ចេញ​ផ្លែឪឡឹក ប៉ុន្តែ​បាន​រឹតត្បិត​ចលនា​របស់​ប្រជាពលរដ្ឋ ដែល​វា​ប៉ះពាល់​ទៅលើ​ការដឹក​ជញ្ជូន​ស្បៀង​អាហារ។ ការរឹត​បន្តឹង​នេះ ក៏​ធ្វើ​ឲ្យ​មាន​ការលំបាក​ដល់​ម្ចាស់​កសិដ្ឋាន ក្នុងការ​ឲ្យ​កម្មករ​របស់​ពួកគេ​មក​ធ្វើការ និង​ការផ្គត់ផ្គង់​ទៅ​តាម​តម្រូវការ។

កត្តា​ទី ៥ ដែល​ជាកត្តា​ចុងក្រោយ គឺ​ថា រោគ​រាតត្បាត​នេះ បាន​លាត​ត្រដាង​អំពី​ភាព​ស៊ីសង្វាក់​គ្នារវាង​ការផ្គត់ផ្គង់ និង​តម្រូវការ។ ឧទាហរណ៍​កសិករ​នៅ​សហរដ្ឋ​អាមេរិក បាន​បោះចោលដំឡូង និង​ទឹកដោះគោ​របស់​ពួកគេ ពីព្រោះ​ការរាតត្បាត​ដោយ​ជំងឺ​កូវីដ​១៩ បាន​ធ្វើ​ឲ្យ​តំរូវការ​ពី​អតិថិជន​ធម្មតា ដូចជា​ភោជនីយដ្ឋាន​នោះ បាន​ធ្លាក់​ចុះ។ តម្រូវការ​ទំនិញ​សម្រាប់​ផ្សារ​ទំនើប​នៅ​តែ​មាន ក៏ប៉ុន្តែ តម្រូវ​ឲ្យ​មាន​ការវេច​ខ្ចប់​ខុស​ពី​មុន ដូច្នេះ​កសិដ្ឋាន​ដែល​មិន​អាច​បំពេញ​តាម​តំរូវការ​ទាំងនោះ ពួកគេ​មិន​អាច​លក់​ផលិតផល​របស់​ពួកគេ​បាន​ទេ។

ស្បៀងអាហារ​ឥត​គិត​ថ្លៃ

មេដឹកនាំ​អាស៊ាន​គិត​ថា ក្នុង​ពេល​ឥឡូវ​នេះ ពួកគេ​បានជៀសផុត​ពី​ហានិភ័យ​ទី​៥​គឺភាព​មិន​ស៊ីសង្វាក់​គ្នា​រវាង​ការ​ផ្គត់ផ្គង់​និង​តម្រូវការ ប៉ុន្តែ ពួកគេ​នៅតែ​មាន​ការព្រួយ​បារម្ភ​ថា មាន​អ្នកខ្លះ អាច​ជួប​ប្រទះនឹង​ភាពអត់​ឃ្លាន។ ប្រទេស​ខ្លះ បាន​ចូលរួម​ក្នុង​ការចែក​ស្បៀង​អាហារ ដូចជា​នៅ​ប្រទេស​វៀតណាម ពួកគេបាន​ចែក​ស្បៀង​អាហារ​នៅ​តាម​មណ្ឌល​ដែល​ដាក់​មនុស្ស​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​និង​នៅ​សិង្ហបុរី ពួកគេ​ចែក​ស្បៀង​អាហារនៅ​តាម​កន្លែង​ស្នាក់នៅ​របស់​ពលករ។ ក្រុមហ៊ុន​ដែល​បរិច្ចាគ​ចំណី​អាហារ​រួមមាន​ក្រុមហ៊ុន Dole ដែល​បាន​ផ្តល់​ផ្លែឈើ​កញ្ចប់ អាហារ និង​ទឹកផ្លែឈើ នៅក្នុង​ប្រទេស​ម៉ាឡេ​ស៊ី ហ្វីលីពីន សិង្ហបូរី និង​ប្រទេស​ថៃ។

លោក Aashim Malhotra អនុប្រធាន​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​ក្រុមហ៊ុន Dole Packaged Foods បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«ការស្តារសេដ្ឋកិច្ច​ឡើង​វិញ គឺ​អាច​ធ្វើ​ទៅ​បាន​លុះត្រាតែ​មនុស្ស​គ្រប់គ្នា​នៅក្នុង​សហគមន៍​មាន​សុខភាព​ល្អ»។

ប្រទេស​វៀតណាម ធ្លាប់​បានប្រើ​ប្រាស់​វិធី​ផ្សេងៗ​ទៀត​ដូចជា «ម៉ាស៊ីន​អេធីអឹម​អង្ករ» ដែល​ជា​ម៉ាស៊ីន​ចែកចាយ​អង្ករ​ដោយ​ឥត​គិតថ្លៃ និង​ហាងលក់​គ្រឿងទេស​«មិន​គិត​ថ្លៃ» ដែល​អនុញ្ញាត​ឲ្យ​អ្នក​ខ្វះខាត​ម្នាក់ អាច​យក​របស់​របរ៥មុខ​ដូច​ជា​មី ឬ ផ្លែចេក​ជាដើម។

អតីត​អ្នកការទូត​វៀតណាម​អ្នកស្រី Ton Nu Thi Ninh បាន​ថ្លែង​ថា អ្នកស្រី​សង្ឃឹម​ថា វិធី​ទាំងនេះ នឹង​មាន​ជា​បន្ត​ទៀត បន្ទាប់ពី​វិបត្តិ​ជំងឺ​កូវីដ​១៩ នេះ បាន​បញ្ចប់។

អ្នកស្រី Ninh ដែល​ឥឡូវ​នេះ ជា​ប្រធាន​មូលនិធិ​សន្តិភាព និង​អភិវឌ្ឍន៍​ទីក្រុង​ហូជីមិញ បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​អំពី​អ្វី​ដែល​មិន​ត្រឹមត្រូវ​នៅ​ក្នុង​សង្គម​របស់​យើង។ ទន្ទឹម​នឹង​នេះ​ផងដែរ វា​កំពុងតែ​បំផុស​នូវ​គុណធម៌​ដែលមនុស្ស​ជា​ច្រើន​មាន​ស្រាប់​និង​ជំរុញ​ឲ្យ​ពួក​គេ​ទៅ​ជួយ​សង្គ្រោះ និង​បង្កើតកម្មវិធីមនុស្សធម៌​នានា​៕

ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG