របាយការណ៍ថ្មីមួយបានប្រាប់ឲ្យដឹងថា ថ្វីបើមានកំណែទម្រង់ច្បាប់នៅក្នុងប្រទេសចិនចាប់តាំងពីឆ្នាំ២០០៩មក ក៏ការរំលោភបំពានលើអ្នកជាប់ឃុំឃាំងរបស់ប៉ូលីសទៅលើអ្នកទោស នៅតែជាបញ្ហាដ៏សំខាន់មួយពីព្រោះតែមន្រ្តីពង្រឹងច្បាប់ កំពុងស្វែងរកវិធីធ្វើការទៅតាមច្បាប់ថ្មី។
អង្គការសិទ្ធិមនុស្ស Human Rights Watchបានប្រាប់ឲ្យដឹងនៅក្នុងរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃពុធនេះថា ប៉ូលីសនៅតែពឹងផ្អែកយ៉ាងខ្លាំងលើការសួរចម្លើយ ជួនកាលទាញយកចម្លើយបន្ថែមតាមរយៈការធ្វើទារុណកម្ម ពីព្រោះតែពួកគេខ្វះបុគ្គលិកស៊ើបអង្កេតឧក្រិដ្ឋកម្មឲ្យបានត្រឹមត្រូវ។
របាយការណ៍នៅថ្ងៃពុធនេះប្រាប់ឲ្យដឹងថា ប៉ូលីស បានធ្វើការសួរចម្លើយនៅពីមុខម៉ាសីនថតរូប ក៏ប៉ុន្តែ បានយកអ្នកទោសចេញពីមុខម៉ាស៊ីនថតដើម្បីធ្វើទារុណកម្ម ដែលមានន័យថា ជាការបង្ខំដើម្បីសួរចម្លើយ។
អង្គការសិទ្ធិនមនុស្សនោះប្រាប់ឲ្យដឹងទៀតថា របាយការណ៍របស់ខ្លួនបានធ្វើតាមរយៈការសម្ភាសជាមួយក្រុមអ្នកទោសថ្មីៗចំនួន៤៨នាក់ សមាជិកក្រុមគ្រួសារ មេធាវី និងអតីតមន្រ្តីប្រាប់ឲ្យដឹងថា ជនសង្ស័យអាចត្រូវគេដាក់ខ្នោះ ចងភ្ជាប់នឹងកៅអី ចងកដៃពន្យួរឡើងលើ និងបង្អត់ម្ហូបអាហារនិងទឹកខណៈពេលដែលសួរចម្លើយ។
អង្គការសិទ្ធិមនុស្ស Human Rights Watch បានប្រាប់ឲ្យដឹងទៀតថា ខ្លួនបានរកឃើញថា ចាប់តាំងពីការកត់ត្រារបស់តុលាការតម្រូវឲ្យចុះផ្សាយក្នុងប្រព័ន្ធ Internet នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៤មក រឿងក្តីជាង៤០០នៃរឿងក្តីទាំងអស់ចំនួន១៥៨០០០ បានចោទប្រកាន់ប៉ូលីស ថាបានអនុវត្តការធ្វើទារុណកម្ម។
ក៏ប៉ុន្តែក្នុងរឿងក្តីទាំងអស់នោះ មានតែ២៣ករណីគត់ដែលតុលាការបានច្រានចោលថា គ្មានភស្តុតាងហើយគ្មានរឿងក្តីណា បានកាត់ទោសឲ្យរួចខ្លួនទេ៕