អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បាននិយាយថា ក្រុមប្រដាប់អាវុធឬអតីតសមាជិកនៃក្រុមប្រដាប់អាវុធ បានចេញមុខទទួលខុសត្រូវនៅក្នុងករណីជាច្រើន។ ជាធម្មតា ជនរងគ្រោះត្រូវបានដោះលែង បន្ទាប់ពីបានបង់ប្រាក់លោះខ្លួន។
ក្រុមសិទ្ធិមនុស្សនិយាយថា មន្រ្តីម្នាក់បានប្រាប់ថា មេដឹកនាំនៃក្រុមចាប់ជំរិតមួយ «អាចធ្លាប់ធ្វើការ ជាមួយអ្នកនៅក្នុងក្រុមយោធា»។ មេដឹកនាំរបស់ក្រុមមួយនេះ ត្រូវបានជំនុំជម្រះនៅក្នុងខែមេសា ប៉ុន្តែការចោទប្រកាន់របស់គាត់ ទៅលើការសមគំនិតរបស់ទាហាន ហាក់ដូចជាមិនបាននាំឱ្យមានការស៊ើបអង្កេតរបស់តុលាការណាមួយឡើយ ហើយតាំងពីពេលនោះមកគ្មានអ្នកចាប់ជំរិតណាមួយ ធ្លាប់ត្រូវបានស៊ើបអង្កេតឡើយ។
VOAបាននិយាយទៅកាន់ជនរងគ្រោះពីការចាប់ជំរិតម្នាក់ដែលជាបុគ្គលិកសង្គ្រោះបឋម លោក Amboko Kitungiro ។ លោកត្រូវបានគេចាប់ជំរិតកាលពីខែមុន រួមជាមួយនឹងមិត្តរួមការងារ ១៣នាក់ផ្សេងទៀត ដោយបុរសប្រដាប់អាវុធប្រហែល១២នាក់។
លោកបាននិយាយថា «វាគឺជាទុក្ខលំបាកមួយ»។ ក្រុមចាប់ជំរិតបាននាំជនរងគ្រោះរបស់ខ្លួនដើរតាមព្រៃ តាំងពីថ្ងៃត្រង់រហូតដល់ម៉ោង ១០: ៣០ យប់។ គាត់និយាយថា នៅថ្ងៃបន្ទាប់ ក្រុមចាប់ជំរិត ដែលបានអះអាងថាជាក្រុមឧទ្ទាម FDLR ពីប្រទេស Rwanda បានយកបុគ្គលិកសង្គ្រោះបឋមដែលអស់កម្លាំងដោយសារគ្មានអ្វីបរិភោគឬទឹកផឹក ត្រលប់ទៅផ្លូវមួយហើយដោះលែងពួកគេ។
លោក Kitungiro បាននិយាយថា «ប៉ុន្មាននាទីក្រោយ បន្ទាប់ពីពួកយើងត្រូវបានដោះលែង ពួកយើងបានជួបជាមួយទាហានរដ្ឋាភិបាល»។
«ពួកគេបានសួរយើងថា តើយើងមកពីណា?» គាត់បន្តថា «ពួកយើងបានប្រាប់ពួកគេថា យើងត្រូវបានគេចាប់ជំរិត ហើយពួកគេបានសួរយើងថា ពិតមែនឬ? ពួកយើងកំពុងតែស្វែងរកអ្នក»។
កងទ័ពកុងហ្កោបានរាយការណ៍ថា ទាហានរបស់ខ្លួនបានដេញចាប់ ពួកចាប់ជំរិតទាំងនោះនិងបានដោះលែងចំណាប់ខ្មាំង។
ប៉ុន្តែលោក Kitungiro និយាយថា គ្មានការរុករកនិងគ្មានការដេញបាញ់ បើទោះបីជាជនរងគ្រោះបានប្រាប់ពួកទាហានថា ពួកចាប់ជំរិតទាំងនោះស្ថិតនៅចម្ងាយប្រហែលជា២ឬ៣ម៉ែត្រប៉ុណ្ណោះ។
នៅពេលសួរថា តើការបង្ហាញខ្លួនរបស់ទាហាន នៅពេលពួកគេត្រូវបានដោះលែង វាជារឿងចៃដន្យឬយ៉ាងណា លោកបានថ្លែងថា លោកមិនអាចធ្វើអត្ថាធិប្បាយបានទេ។
ប្រភពក្នុងស្រុកបាននិយាយថា ប្រាក់លោះខ្លួនត្រូវបានចំណាយឲ្យបុគ្គលិកសង្គ្រោះបឋមនោះ។
អ្នកនាំពាក្យរបស់បេសកម្មអង្គការសហប្រជាជាតិ លោក Felix Basse បានប្រាប់ VOAថា ចំនួននៃការចាប់ជំរិតបានធ្លាក់ចុះ ចាប់តាំងពីអ.ស.បនិងកងទ័ពកុងហ្គោបានឯកភាពលើយុទ្ធសាស្រ្តប្រឆាំងនឹងការចាប់ជំរិត។
លោកបានបន្ថែមថា បញ្ហាគឺថាជាញឹកញាប់មនុស្សត្រូវបានល្បួងឱ្យបង់ប្រាក់លោះខ្លួន ដែលមិនបានជួយកាត់បន្ថយចាប់ជំរិតនោះទេ។
យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស យ៉ាងហោចណាស់ជនរងគ្រោះចំនួន៤នាក់ពីការចាប់ជំរិត ត្រូវបានគេសម្លាប់ និងជនរងគ្រោះផ្សេងទៀតបានបាត់ខ្លួន នៅឆ្នាំនេះ៕
ប្រែសម្រួលដោយ ឆាយ គីមហ៊ង