ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៅកែ​រោងចក្រ​កាត់ដេរ​និង​សកម្មជន​សិទ្ធិ​ការងារ​ខ្វែង​គំនិត​អំពី​ការ​បង្កើន​ផលិតភាព​ ខណៈ​ការ​ប្រកួតប្រជែង​កាន់​តែ​ខ្លាំង


សកម្មភាព​កម្មករ​រោងចក្រ​នៅប្រទេស​​កម្ពុជា។​
សកម្មភាព​កម្មករ​រោងចក្រ​នៅប្រទេស​​កម្ពុជា។​

ខណៈ​ដែល​កម្មករ​នៅ​ត្អូញត្អែរ​ពី​ការ​ទទួល​បាន​ប្រាក់​ឈ្នួល​ទាប​ ថៅកែ​រោងចក្រ​ប្រាប់​ឲ្យ​កម្មករ​បង្កើន​ផលិតភាព​ ដើម្បី​យក​ប្រៀប​លើ​ដៃ​គូ​ប្រជែង​ក្នុង​តំបន់។​ ប៉ុន្តែ​អ្នក​ធ្វើ​ការ​ខាង​សិទ្ធិ​កម្មករ​និយាយ​ថា ថៅកែ​មិន​ត្រូវ​បន្ទោស​តែ​លើ​កម្មករ​ប៉ុណ្ណោះ​ទេ។

ខណៈ​ដែល​កម្មករ​នៅ​ត្អូញត្អែរ​ពី​ការ​ទទួល​បាន​ប្រាក់​ឈ្នួល​ទាប​ ថៅកែ​រោងចក្រ​ប្រាប់​ឲ្យ​កម្មករ​បង្កើន​ផលិតភាព​ ដើម្បី​យក​ប្រៀប​លើ​ដៃ​គូ​ប្រជែង​ក្នុង​តំបន់។​ ប៉ុន្តែ​អ្នក​ធ្វើ​ការ​ខាង​សិទ្ធិ​កម្មករ​និយាយ​ថា ថៅកែ​មិន​ត្រូវ​បន្ទោស​តែ​លើ​កម្មករ​ប៉ុណ្ណោះ​ទេ។

ថៅកែ​រោងចក្រ​កាត់​ដេរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ព្រមាន​ដល់​កម្មករ​ឲ្យ​ខិតខំ​បង្កើនផលិតភាព​ដែល​កំពុង​ធ្លាក់​ចុះ​ ដើម្បី​ទប់​ទល់​នឹង​ការ​កើន​ឡើង​នៃ​ការ​ប្រកួត​ប្រជែង​ ក្នុង​វិស័យឧស្សាហកម្ម​កាត់​ដេរ​នៅ​ក្នុង​តំបន់​អាស៊ី។​ នេះ​បើ​យោង​ទៅ​តាម​សេច​ក្តី​ប្រកាស​ព័ត៌មាន​របស់សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ​ហៅ​កាត់​ថា​ GMAC​ ដែល​ VOA ​ទទួល​បាន​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅនេះ។​

ការ​ព្រមាន​នេះ​ កើត​មាន​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​ក្រុម​អ្នក​ការពារ​សិទ្ធិ​កម្មករ បាន​រៀបចំ វេទិកាកម្មករ​ស្តី​ពី​ «ការ​ស្វែងយល់​ពី​វិស័យ​វាយនភណ្ឌ​កាត់​ដេរ»​ នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​អាទិត្យ។​ នៅ​ក្នុង​ពិធី​នោះ​ ក្រុម​កម្មករ​បាន​សម្ដែង​ពី​ទុក្ខ​កង្វល់​របស់​ពួកគេ​ ពាក់ព័ន្ធ​នឹង​ប្រាក់​ឈ្នួល​តិចតួច​ ការ​បង្ខំឲ្យ​ធ្វើ​ការ​ថែម​ម៉ោង និង​ស្ថានភាព​រស់​នៅ​ទូទៅ​របស់​ពួកគេ​ដែល​ពុំ​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សមាគម​ GMAC​ បាន​ឲ្យ​ដឹង​ថា​ ការ​ធ្លាក់​ចុះ​នៃ​ផលិតភាព​ក្នុង​វិស័យ​កាត់ដេរ​របស់​កម្ពុជា​ គួបផ្សំ​នឹង​ការ​ចំណាយ​ដែល​ចេះ​តែ​បន្ត​កើន​ឡើង​ ប្រហែល​ជា​ធ្វើ​ឲ្យ​កម្ពុជាចាញ់​ប្រៀប​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​បណ្តា​ប្រទេស​ផលិត​សម្លៀក​បំពាក់​ ផ្សេងទៀត​ ដូច​ជា​វៀតណាម​ បង់ក្លាដេស​ និង​មីយ៉ាន់មា។​

លោក​ ខេន​ លូ​ អគ្គលេខា​របស់​ GMAC បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ ដដែល​នោះ​ថា៖​

«ទាំង​អស់​គ្នា​ត្រូវ​ជួយ​ចូលរួម​ចំណែក​ធ្វើ​យ៉ាង​ណា​ថែ​រក្សា​ឧស្សាហកម្ម​របស់​យើង​ឲ្យ​មាន​សមត្ថភាព​ឈរ​ជើង​ក្នុង​បរិយាកាស​ប្រកួតប្រជែង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​ លើ​ទី​ផ្សារ​ពិភពលោក។​ ក្នុង​នាម​ជា​និយោជក​ យើង​បាន​ប្រឹងប្រែង​រួមចំណែក​ដោយ​បាន​វិនិយោគ​លើ​ការ​កសាង​សមត្ថភាព​ជំនាញ​ដល់​កម្មករ​និង​កម្មការិនី»។​


នៅ​មុន​ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ GMAC នេះ​ ក្រុម​អ្នក​ការពារ​សិទ្ធិ​កម្មករ​ ដែល​ជា​មេ​ដឹកនាំ​សមាគម​ និង​សហជីព​កម្មករ​ ​បាន​លើក​ឡើងពី​ការទាមទារ​របស់ថៅកែ​រោងចក្រ​ ​ឲ្យ​មាន​ការ​បង្កើន​ចំនួន​ការ​កាត់ដេរ​ខោអាវ​ ក្រោយ​ពី​ការ​តំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ។​ ក្រុម​អ្នក​ការពារ​សិទ្ធិ​កម្មករ​អះអាង​ថា​ ការ​ដំឡើង​ចំនួន​ការ​កាត់​ដេរនេះ​ ​គឺ​ហួស​ពី​កម្លាំង​របស់កម្មករ។​

ពួក​គេ​បាន​លើកឡើង​ផង​ដែរ​ថា ​ថៅកែ​រោងចក្រ​ បាន​កេង​ប្រវ័ញ្ច​កម្មករ​ដោយ​ការ​ប្រើប្រាស់​កិច្ចសន្យា​ការងារ​ខ្លីៗ​រយៈ​ពេល​បី​ខែ​ជាមួយ​កម្មករ​ ហើយ​កម្មការិនី​អាច​នឹង​បាត់បង់​ការងារ​នៅ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ។ ​ពួក​គេ​សង្កត់​ធ្ងន់​ថា​ ​ប្រាក់​ឈ្នួល​អប្បបរមា១៤០ដុល្លារ​ ដែល​កម្មករ​ទទួល​បាន​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​ មិន​ទាន់​អនុញ្ញាត​ ឲ្យ​កម្មករ​រស់​នៅ​បានសមរម្យ​នោះ​ទេ។​

​ទាក់ទិន​នឹង​ការ​លើក​ឡើងរបស់​ GMAC ​អំពី​ការ​ធ្លាក់​ចុះ​ផលិតភាព​ក្នុង​វិស័យ​កាត់​ដេរ​របស់​កម្ពុជា​ អ្នកស្រី​ ម៉ាក​ ច័ន្ទស៊ីថា​ ប្រធាន​សមាគម​មណ្ឌល​ព័ត៌មាន​កម្មករ​ ​បាន​ប្រាប់​ VOA​ ថា​ ថៅកែ​រោងចក្រ​មិន​ត្រូវបន្ទោស​ចំពោះ​តែកម្មករ​នោះ​ទេ។​ អ្នកស្រី​បន្ត​ថា​ ការ​ធ្លាក់​ចុះ​នេះ​ បណ្តាល​មក​ពី​ការ​បង្កើនចំនួន​ក្រណាត់​ខោអាវ​ដេរ ដល់​កម្មករ​ច្រើន​ហួសហេតុ បន្ទាប់​ពីថៅកែ​យល់​ព្រម​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​១៤០​ដុល្លារក្នុង​មួយ​ខែ។​

អ្នកស្រី​ ម៉ាក ច័ន្ទស៊ីថា​ ប្រធាន​សមាគម​មណ្ឌល​ព័ត៌មាន​កម្មករ​ និយាយ​ពីស្ថានភាព​វិស័យ​កាត់​ដេរ​ នៅ​ក្រៅ​វេទិកាកម្មករ​ស្តីពី​ «​ការ​ស្វែងយល់​ពីវិស័យ​វាយនភណ្ឌកាត់ដេរ»​ រៀបចំឡើង​នៅ​រាជធានី​ភ្នំពេញ​ កាល​ពីថ្ងៃ​អាទិត្យ​ទី​ ២២​ ខែឧសភា​ ឆ្នាំ​២០១៦​។ (ហ៊ុល រស្មី/VOA)
អ្នកស្រី​ ម៉ាក ច័ន្ទស៊ីថា​ ប្រធាន​សមាគម​មណ្ឌល​ព័ត៌មាន​កម្មករ​ និយាយ​ពីស្ថានភាព​វិស័យ​កាត់​ដេរ​ នៅ​ក្រៅ​វេទិកាកម្មករ​ស្តីពី​ «​ការ​ស្វែងយល់​ពីវិស័យ​វាយនភណ្ឌកាត់ដេរ»​ រៀបចំឡើង​នៅ​រាជធានី​ភ្នំពេញ​ កាល​ពីថ្ងៃ​អាទិត្យ​ទី​ ២២​ ខែឧសភា​ ឆ្នាំ​២០១៦​។ (ហ៊ុល រស្មី/VOA)

អ្នកស្រី​ ម៉ាក​ ច័ន្ទស៊ីថា បញ្ជាក់​ប្រាប់ VOA ថា៖

«បើ​យើង​និយាយ​អំពី​ថា​ គាត់​ធ្វើ​ការ​ធ្លាក់​ដៃ​អត់ទេ​ ប៉ុន្តែ​នៅ​ពេល​ដែល​ឡើង​ប្រាក់​ឈ្នួល​ហ្នឹង​ កូតា​វា​ឡើង។​ ចង់​និយាយ​ថា ​អា​ការ​កំណត់​ចំនួន​ វា​ឡើង​អញ្ចឹង​គឺ​អត់​អាច​ធ្វើ​ឲ្យ​ដល់​កំណត់​ចំនួន​ទេ»។

អ្នកស្រី​បន្ថែម​ថា ថៅកែ​រោងចក្រ​ ត្រូវ​ពិនិត្យ​ទៅ​លើ​ការ​ផ្លាស់ប្តូរ​សង្វាក់​ផលិតកម្ម​ និង​សុខភាព​កម្មករ​ ដើម្បី​បញ្ជាក់​ពី​ការ​ថយ​ចុះ​ផលិតភាព​របស់​កម្មករ។​

លោក​ ខេន​ លូ​ អគ្គលេខា​របស់​ GMAC​ បាន​បន្ត​បញ្ជាក់​នៅ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មានរបស់​ GMAC​ ថា​ ឧស្សាហកម្ម​កាត់ដេរ​ក៏​ប្រឈម​នឹង​ការ​ចំណាយ​ដែល​ចេះ​តែ​បន្ត​កើន​ឡើង​ ដូច​ជា​ ការ​ចំណាយលើ​អគ្គិសនី​ និង​ការ​ដឹកជញ្ជូន​ ជាដើម​ ដែល​ជា​កត្តា​ជំរុញ​ឲ្យ​រោងចក្រ​នានា​ ងាក​ទៅ​ធ្វើ​អាជីវកម្ម​នៅ​ប្រទេសផ្សេងទៀត។ លោក​បន្ថែម​ថា​ ថៅកែ​រោងចក្រ​ ត្រូវ​ការ​ឲ្យ​មាន​ការ​កាត់​បន្ថយ​បន្ថែម​ទៀត​ ​ចំពោះ​តម្លៃ​ឯកសារ​ ជា​ពិសេស​គឺ​តម្លៃ​ក្រៅ​ផ្លូវការ។

ទាក់ទិន​នឹង​ការ​ចំណាយ​របស់​ថៅកែ​រោងចក្រ​ដែល​ GMAC ​អះអាង​ថា ​បាន​កើន​ឡើង​ អ្នកស្រី​ ម៉ាក ច័ន្ទស៊ីថា​ ប្រធាន​សមាគម​មណ្ឌល​ព័ត៌មាន​កម្មករ​ទទួល​ស្គាល់​ថា​ ការ​ចំណាយ​នៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​នៅ​ប្រទេស​កម្ពុជា​ មាន​កម្រិត​ខ្ពស់​ជាង​ប្រទេស​ក្បែរ​ខាង​មួយ​ចំនួន ហើយ​ថា​ GMAC ត្រូវ​បន្ត​ការ​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​បន្ថែម​ទៀត​ ដើម្បី​កែសម្រួល​បញ្ហា​នេះ។​ ​

​ក៏ប៉ុន្តែ​លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ ​បាន​មាន​ប្រសាសន៍​ថា​ ​កម្ពុជា​នៅ​តែ​មាន​សក្តានុពល​ ​សម្រាប់​ការ​វិនិយោគ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ។ លោក​បាន​លើក​ឡើង​អំពី​លក្ខខណ្ឌ​វិនិយោគ​តឹងរ៉ឹង​ក្នុង​ឧស្សាហកម្ម​កាត់ដេរនៅប្រទេស​ភូមា​(មីយ៉ាន់ម៉ា) ​ ​យ៉ាង​ដូច្នេះ​ថា៖​

«ពាក់ព័ន្ធ​វិនិយោគ​ទៅ​ភូមា​ បាន​ទាល់​តែ​មាន​ដើម​ទុន​ជិត​៦០​ភាគរយ​ មិនមែន​ដូច​ស្រុក​យើង​អាច​ឲ្យ​វិនិយោគ​ណា​មក​ចេះ​តែ​ដាក់​ឲ្យ​តែ​បាន​ ឬ​ក៏​ចេះ​តែ​អនុគ្រោះ​ទេ​ គឺ​ថា​មាន​ច្បាប់​គេ​តឹង​តែង​ ស្ថានភាព​តវ៉ា​ ស្ថានភាព​នយោបាយ​នៅ​ភូមា​ហ្នឹង ​ក៏​រួម​ទាំង​សាសនា​ ​ក៏​នៅ​មាន​បញ្ហា​ដែរ»។​

VOA ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក​ ហេង សួ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ តែ​នៅ​មិន​ទាន់​អាច​ទាក់​ទង​បាន​ទេ​ កាលពី​ល្ងាច​ថ្ងៃ​អង្គារ​កន្លង​ទៅ។​ ​

​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​មាន​ភាព​ចម្រូងចម្រាស​នៅ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​ ដោយ​សារ​មាន​ការ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ឲ្យ​បាន​សមស្រប​ទៅ​នឹង​ការ​កើន​ឡើង​នូវ​តម្លៃ​ទំនិញ​នានា​ក្នុង​ប្រទេស​កម្ពុជា ​ដែល​បាន​បន្ត​កើន​ឡើង​លឿន​ជាង​ប្រាក់​ខែ ​កម្មករ។​

​យ៉ាងណា​ក៏ដោយ​ កម្ពុជា​នាំ​ចេញ​ផលិតផល​សម្លៀកបំពាក់​របស់​ខ្លួន​ប្រមាណ​៤៦​ភាគរយ​ទៅ​កាន់​សហភាព​អឺរ៉ុប​ ៣០​ភាគរយ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ និង​២៤​ភាគរយ​ផ្សេង​ទៀត​ទៅ​កាន់​ប្រទេស​កាណាដា​និង​ជប៉ុន។ ចំណូល​ដែល​បាន​មក​ពី​ការ​នាំ​ចេញ​នេះ​ គឺ​មាន​ជាង​៦.០០០​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៥។​ នេះ​បើ​យោង​ទៅ​តាម​ទិន្នន័យ​ដែល​ផ្តល់​ដោយ​សមាគម​មណ្ឌល​ព័ត៌មាន​កម្មករ៕

XS
SM
MD
LG