ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​សហរដ្ឋ​អាមេរិក​ត្រូវ​ឆ្លើយតប​ដល់​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​យ៉ាង​ដូចម្តេច?


រូបឯកសារ៖ កញ្ចក់​ទូរទស្សន៍​មួយ​នៅ​ស្ថានីយ​រថភ្លើង​មួយ​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ​បង្ហាញ​ពី​ការ​សាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​កាល​ពី​ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២២។
រូបឯកសារ៖ កញ្ចក់​ទូរទស្សន៍​មួយ​នៅ​ស្ថានីយ​រថភ្លើង​មួយ​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ​បង្ហាញ​ពី​ការ​សាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​កាល​ពី​ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២២។

សហរដ្ឋ​អាមេរិកបាន​ព្រមាន​ពី​ការឆ្លើយតប​យ៉ាង​ខ្លាំង ប្រសិនបើ​កូរ៉េ​ខាង​ជើង​ធ្វើ​ការសាក ល្បង​អាវុធ​នុយក្លេអ៊ែរ​នោះ។ ពួក​អ្នក​ជំនាញ​បាននិយាយ​ថា ប្រតិកម្ម​បែប​នេះ​ត្រូវតែ​រួម បញ្ចូល​ទាំងការជួយ​វិស័យ​ការពារ​ប្រទេស​កូរ៉េ​ខាង​ត្បូង ​ខណៈ​សំដៅ​ទៅ​លើ​អង្គភាព​របស់​ចិន រុស្ស៊ី​និង​បុគ្គល​នានា​ដែល​គាំទ្រ​កម្មវិធី​អាវុធ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នោះ។

នៅ​ក្នុង​រដ្ឋធានី​សេអ៊ូល​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ បន្ទាប់ពី​ជំនួប​ជាមួយ​អនុ​រដ្ឋមន្ត្រី​ការបរ ទេស​កូរ៉េ​ខាង​ត្បូង​លោក Cho Hyun-dong មក អនុ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក​ស្រី Wendy Sherman បាន​និយាយ​ថា «នឹង​មាន​ការឆ្លើយតប​យ៉ាង​ខ្លាំង​និង​ឆាប់រហ័ស»ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ។

នៅឯ​ជំនួប​ក្នុង​ទីក្រុង​វីយែន​ប្រទេស​អូទ្រីស​កាលពី​ថ្ងៃ​ចន្ទ លោក Rafael Grossi អគ្គនាយក​នៃ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​បាន​និយាយ​ថា កូរ៉េ​ខាង​ជើង​កំពុងបង្កើន​លទ្ធភាពដើម្បី​ធ្វើ​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​នៅពេល​ដែលច្រក​ទ្វារចូល​រូង​ក្រោមដី​មួយ​បាន​ត្រូវ​បើក​ឡើង​វិញ​នៅឯ​ទីកន្លែង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ Punggye-ri។

សញ្ញានៃ​ការប្រុងប្រៀប​ដើម្បី​ធ្វើ​តេស្ត​អាវុធ​នុយក្លេអ៊ែរ​នេះត្រូវបានមើលឃើញ​តាមរយៈ​ផ្កាយ​រណប​ចាប់តាំង​ពី​ខែ​មីនា​មក​នៅ​ឯ​កន្លែង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ Punggye-ri ដែល​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​បិទ​នៅ​ឆ្នាំ២០១៨ នៅ​ចំពោះ​មុខ​ពួក​អ្នក​កាសែត​បរទេស​ដែល​ត្រូវ​បាន​អញ្ជើញ​ឱ្យ​មក​មើល​ការរុះរើ​កន្លែង​សាកល្បង​នេះ។

នៅឯ​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ចន្ទ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោក Ned Price បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​មាន​ការ​ព្រួយកង្វល់​ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នឹង​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។

លោក Price បាន​ថ្លែង​ថា៖ «យើង​បាន​រៀបចំ​ផែនការ​យ៉ាង​ធំ​ជាមួយ​សម្ពន្ធមិត្ត​ និង​ដៃគូ​របស់​យើង»។

ភាព​តានតឹង​បាន​កើនឡើង​យ៉ាង​ខ្លាំង​នៅ​លើ​ឧបទ្វីប​កូរ៉េ ​បន្ទាប់ពី​ការបាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​វង់​ប្រតិបត្តិការ​ខ្លី​ចំនួន៨គ្រាប់​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​កាលពី​ថ្ងៃ​អាទិត្យ។ វា​ជា​ការសាកល្បង​អាវុធ​លើក​ទី១៨​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នៅ​ឆ្នាំ​នេះ។

យោធា​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​បាន​ឆ្លើយតបវិញ​ដោយ​ការបាញ់​កាំជ្រួច​មីស៊ីល​បាល់លីស្ទិកចំនួន៨គ្រាប់​កាលពី​ថ្ងៃ​ចន្ទ​ហើយ​បាន​ធ្វើការ​បង្ហាញ​កម្លាំង​ដោយ​ការធ្វើ​សម យុទ្ធ​យន្តហោះ​ចម្បាំង​នៅ​លើ​សមុទ្រ​លឿងកាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ៕

XS
SM
MD
LG