ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​រដ្ឋសភា​អាមេរិក​ថា លោក​នឹង​ជំរុញ​ឱ្យ​អនុម័ត​ជំនួយ​សម្រាប់​អ៊ីស្រាអែល​និង​អ៊ុយក្រែន


រូបឯកសារ៖ ប្រធានសភាអាមេរិក​លោក Mike Johnson ថ្លែង​នៅ​ក្នុងសន្និសីទ​សារព័ត៌មាន​មួយ នៅ​វិមាន​សភា​ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។
រូបឯកសារ៖ ប្រធានសភាអាមេរិក​លោក Mike Johnson ថ្លែង​នៅ​ក្នុងសន្និសីទ​សារព័ត៌មាន​មួយ នៅ​វិមាន​សភា​ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។

ប្រធាន​រដ្ឋសភា​អាមេរិក​លោក Mike Johnson បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា លោក​នឹង​ព្យាយាម​ជំរុញ​ឱ្យ​អនុម័ត​ជំនួយ​ពេល​សង្គ្រាម​សម្រាប់​ប្រទេស​អ៊ីស្រាអែល​នៅ​ក្នុង​សប្ដាហ៍​នេះ ខណៈ​ពេល​លោក​ព្យាយាម​ធ្វើ​កិច្ចការ​ដ៏​លំបាក​ក្នុង​ការ​ធ្វើ​យ៉ាងណា​ឱ្យ​រដ្ឋសភា​អនុម័តកញ្ចប់​ជំនួយ​សន្តិសុខ​ជាតិ​ដែល​រួម​មាន​ទាំង​ជំនួយ​សម្រាប់​ប្រទេស​អ៊ុយក្រែន​និង​សម្ព័ន្ធមិត្ត​របស់​អាមេរិក​នៅ​អាស៊ី​ផងដែរ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

លោក Johnson ដែល​តំណាង​រដ្ឋ Louisiana មកពី​គណបក្ស​សាធារណរដ្ឋ កំពុង​រងសម្ពាធ​នយោបាយ​ដ៏​ធំ​មហិមា​របស់​សមាជិក​រដ្ឋសភា​ខាង​បក្ស​សាធារណរដ្ឋ​ដទៃទៀត នៅ​ពេល​លោក​ព្យាយាម​ទាញ​រវាង​ការ​គាំទ្រ​ខ្វែង​គំនិត​គ្នា​របស់​សមាជិក​គណបក្ស​សាធារណដ្ឋ​សម្រាប់​ការ​ជួយ​អ៊ុយក្រែន​ការពារ​ខ្លួន​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។

លោក Johnson បាន​ខកខាន​អស់ ២ ខែ​មក​ហើយ​ក្នុង​ការ​លើក​យក​មក​បោះឆ្នោត​នូវ​សំណើច្បាប់​មួយ​ដែល​មាន​ជំនួយ​បន្ថែម​ចំនួន ៩៥ ពាន់​លាន​ដុល្លារ​សម្រាប់​ផ្ដល់​ការ​គាំទ្រ​ដល់​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក ផ្ដល់​ជំនួយ​មនុស្សធម៌​ដល់​ជន​ស៊ីវិល​នៅ​អ៊ុយក្រែន​និង​តំបន់​ហ្កាហ្សា (Gaza) និង​ផ្ដល់​ការ​បំពេញ​ឡើងវិញ​នូវ​សព្វាវុធ​របស់​អាមេរិក​ដែល​ផ្ដល់​ឱ្យ​តៃវ៉ាន់។

ការ​វាយ​ប្រហារ​របស់​អ៊ីរ៉ង់​លើ​អ៊ីស្រាអែល​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​បាន​បង្កើន​បន្ថែមទៀត​នូវ​សម្ពាធ​លើ​លោក Johnson ប៉ុន្តែ​ក៏​ផ្ដល់​ឱ្យ​លោក​ផងដែរ​នូវ​ឱកាស​ក្នុង​ការ​សង្កត់ធ្ងន់​អំពី​ភាព​បន្ទាន់​នៅ​ក្នុង​ការ​អនុម័តកញ្ចប់​ថវិកា​សន្តិសុខ​ជាតិ​នេះ។

លោក Chuck Schumer មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​នៃ​ព្រឹទ្ធសភា ដែល​ជា​គណបក្ស​សំឡេង​ភាគច្រើន បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ថា ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​សន្ទនា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អាទិត្យ​ជាមួយ​នឹង​សមាជិក​កំពូលៗ​នៃ​គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋសភា​និង​ព្រឹទ្ធសភា ដែល​ក្នុង​នោះ​រួម​ទាំង​លោក Johnson ផងដែរ។

លោក Schumer ដែល​តំណាង​រដ្ឋ New York បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា មាន​ការ​ឯកភាព​គ្នា «ក្នុង​ចំណោម​មេដឹកនាំ​ទាំងអស់​ថា យើង​ត្រូវតែ​ជួយ​អ៊ីស្រាអែល​និង​អ៊ុយក្រែន ហើយ​ឥឡូវ​នេះ​សង្ឃឹម​ថា​យើង​អាច​ធ្វើការ​លើ​រឿង​នេះ​និង​សម្រេច​លើ​រឿង​នេះ​នៅ​សប្ដាហ៍​ក្រោយ»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG