ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​ថា រុស្ស៊ី​វាយ​ប្រហារ​ដោយ​ដ្រូន​ដ៏​ប្រល័យ​លើ​ទីក្រុង Kharkiv


រថយន្ត​​ពន្លត់​អគ្គិភ័យ​កំពុង​ឆាបឆេះ​បន្ទាប់​ពី​ដ្រូនរបស់​រុស្ស៊ី​បាន​វាយប្រហារ​លើ​សង្កាត់​លំនៅឋាន​មួយ​ក្នុង​ក្រុង Kharkiv ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៤។
រថយន្ត​​ពន្លត់​អគ្គិភ័យ​កំពុង​ឆាបឆេះ​បន្ទាប់​ពី​ដ្រូនរបស់​រុស្ស៊ី​បាន​វាយប្រហារ​លើ​សង្កាត់​លំនៅឋាន​មួយ​ក្នុង​ក្រុង Kharkiv ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៤។

មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការ​វាយ​ប្រហារ​ដោយ​ដ្រូន​របស់​រុស្ស៊ី​កាលពី​យប់មិញ​បាន​សម្លាប់​មនុស្ស​យ៉ាងតិច ៤ នាក់​និង​ធ្វើ​ឱ្យ​មនុស្ស ១០ នាក់​ទៀត​រង​របួស​នៅ​ក្នុង​ទីក្រុង Kharkiv នៅ​ភាគ​ខាងកើត។

អភិបាល​ក្រុង Kharkiv លោក Igor Terekhov បាន​និយាយ​ថា ដ្រូន​ទាំងនោះ​បាន​វាយ​ប្រហារ​ចំ​អគារ​ស្នាក់នៅ​ជាច្រើន។

អភិបាល​តំបន់ Kharkiv លោក Oleg Sinegubov បាន​និយាយ​ថា ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​នេះ​ក៏​បាន​ប៉ះ​ចំ​ទីក្រុង Lozova និង​ទីក្រុង Chuhuiv ផងដែរ។

ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ខ្លួន​បាន​រារាំង​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​របស់​អ៊ុយក្រែន​ដែល​សំដៅ​លើ​តំបន់​ពីរ​នៅ​ភាគ​ខាង​លិច​រុស្ស៊ី។

ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​បន្ថែម​ថា ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន ៣ គ្រឿង​នៅ​តំបន់ Belgorod ជាប់​ព្រំដែន​ជាមួយ​អ៊ុយក្រែន ក៏​ដូចជា​ដ្រូន ២ គ្រឿង​ទៀត​នៅ​តំបន់ Tulaផងដែរ។

សម្រាប់​រឿង​ដាច់​ដោយ​ឡែក​មួយ​ទៀត អ៊ុយក្រែន​និង​ហ្វាំងឡង់​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិសុខ​រយៈពេល ១០ ឆ្នាំ​កាលពី​ថ្ងៃ​ពុធ។

កិច្ច​ព្រមព្រៀង​នេះ​ធ្វើ​ឱ្យ​ហ្វាំងឡង់​ក្លាយជា​សមាជិក​ទី ៨ នៃ​អង្គការ​អូតង់ (NATO) នៅ​ក្នុង​ឆ្នាំ​នេះ ដែល​ឯកភាព​ចំពោះ​ការ​គាំទ្រ​ផ្នែក​សន្តិសុខ​និង​ការពារ​រយៈពេល​វែង​សម្រាប់​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​ការ​ប្រយុទ្ធ​របស់​អ៊ុយក្រែន​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។

ប្រធានាធិបតី​ហ្វាំងឡង់​លោក Alexander Stubb បាន​និយាយ​ថា ប្រទេស​របស់​លោក​ក៏​នឹង​បញ្ជូន​ជំនួយ​យោធា​បន្ថែម​ចំនួន ២០៣ លាន​ដុល្លារ​ផងដែរ​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន ដែល​ក្នុង​នោះ​រួមមាន​ទាំង​ប្រព័ន្ធ​ការពារ​ដែន​អាកាស​និង​គ្រាប់​កាំភ្លើងធំ​ផងដែរ។ ជំនួយ​បន្ថែម​នេះ​ធ្វើ​ឱ្យ​ការ​រួម​ចំណែក​ផ្នែក​ការពារ​សរុប​របស់​ប្រទេស​ហ្វាំឡង់​កើន​ដល់​ជិត ២,២ ពាន់​លាន​ដុល្លារ​ក្នុង​អំឡុង​ពេល​សង្គ្រាម៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

XS
SM
MD
LG