ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​អាមេរិក​បាន​អនុម័ត​សេចក្តី​សម្រេច​កំណត់​អំណាច​ប្រធានាធិបតី​ក្នុង​ការ​ធ្វើ​សង្គ្រាម


លោក​ស្រី Nancy Pelosi ប្រធាន​សភា​សហរដ្ឋ​អាមេរិក ជួប​ជាមួយ​អ្នក​សារព័ត៌មាននៅ​វិមាន​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​៩ មករា ២០២០ បន្ទាប់​ពី​មាន​ភាព​តាន​តឹង​នៅ​សប្ដាហ៍​នេះ​រវាង​សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់។
លោក​ស្រី Nancy Pelosi ប្រធាន​សភា​សហរដ្ឋ​អាមេរិក ជួប​ជាមួយ​អ្នក​សារព័ត៌មាននៅ​វិមាន​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​៩ មករា ២០២០ បន្ទាប់​ពី​មាន​ភាព​តាន​តឹង​នៅ​សប្ដាហ៍​នេះ​រវាង​សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់។

សភា​អាមេរិក​បាន​អនុម័ត​សេចក្តី​សម្រេច​កំណត់​អំណាច​របស់​ប្រធានាធិបតី​ក្នុង​ការ​ធ្វើ​សង្គ្រាម​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ដែល​នឹង​តម្រូវ​ឱ្យ​លោក​ប្រធានាធិបតី​ ដូណាល់ត្រាំ​ សុំ​ការ​យល់​ព្រម​ពី​សភា​មុន​ពេល​ធ្វើ​សកម្មភាព​យោធា​ប្រឆាំង​អ៊ីរ៉ង់។​

ការ​សម្រេច​នេះ​មាន​សំឡេង​គាំទ្រ​២២៤​ ទល់​នឹង​១៩៤​ ​ដោយ​មាន​សំឡេង​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​សម្រេច​ស្រប​តាម​គណបក្ស​ប្រជា​ធិបតេយ្យ​ដែល​មាន​សំឡេង​ភាគ​ច្រើន។

សេចក្តី​សម្រេច​នេះ​គឺ​ជា​ប្រតិកម្ម​ដោយ​ផ្ទាល់​របស់​សភា​ចំពោះ​ការ​សម្លាប់​ឧត្តម​សេនីយ៍​កំពូល​របស់​អ៊ីរ៉ង់​គឺ​លោក​ Qassem Soleimani ​កាល​ពី​សប្តាហ៍​មុន។​

សមាជិក​សភា​គណបក្ស​ប្រជាធិបតេយ្យ​ជា​ច្រើន​និង​សមាជិក​សភាគណបក្ស​សាធារណ​រដ្ឋមួយ​ចំនួន​បាន​និយាយ​ថា​ ពួកគេ​មិន​ពេញចិត្ត​ទាំង​ស្រុង​ជា​មួយ​នឹង​ការ​ពន្យល់​របស់​រដ្ឋបាល​លោក​ ត្រាំ​ អំពី​មូលហេតុ​សម្លាប់លោក​ Soleimani ​នៅ​ពេល​នេះ​ទេ។​

លោក​ Hogan Gidley ​អ្នក​នាំពាក្យសេត​វិមាន​បាន​ហៅ​សេចក្តី​សម្រេច​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ថា​ ជា​ការ​«បំភ័ន្ត​ភ្នែក​និង​គួរឲ្យ​អស់​សំណើច»។

លោក​និយាយថា៖ ​«សេចក្តី​សម្រេច​របស់​សភា​គឺ​ព្យាយាម​ធ្វើ​ឱ្យ​អន្តរាយ​ដល់​សមត្ថភាព​របស់​កង​កម្លាំង​អាមេរិក​ក្នុង​ការ​ទប់​ស្កាត់​សកម្មភាព​ភេរវកម្ម​ដោយ​អ៊ីរ៉ង់​ និង​គូកន​ ហើយជា​ការ​ប៉ុនប៉ង​រារាំង​សិទ្ធិ​អំណាច​របស់​ប្រធានាធិបតី​ដែល​ការពារ​អាមេរិក​និង​ផល​ប្រយោជន៍​របស់​យើង​នៅ​ក្នុង​តំបន់​ឲ្យ​រួច​ផុត​ពីការ​គំរាម​កំហែង​ជា​បន្តបន្ទាប់»។

ទោះបី​សេចក្តី​សម្រេច​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មិន​មាន​អំណាច​ដាច់​ណាត់​ក៏​ដោយ​ ​ក៏​ប្រធាន​សភា​លោកស្រី​ Nancy Pelosi ​បាន​និយាយ​នៅ​មុន​ពេល​បោះឆ្នោត​នោះ​ថា ​សេចក្តី​សម្រេច​នេះ​មាន​ «ធ្មេញ​ពិត​ប្រាកដ» ​មានន័យថា ​មាន​អំណាច។​

លោកស្រី​ បាន​មាន​ប្រសាសន៍​ថា ​«វា​គឺជា​សេចក្តី​សម្រេច​របស់​សភា​សហ​រដ្ឋអាមេរិក។ ​វានឹង​ការពារ​អាយុជីវិត​និង​គុណ​តម្លៃ​របស់​ជនជាតិ​អាមេរិក»។ សម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ​បំផុត​មួយ​ចំនួន​របស់​លោក​ ត្រាំ ​នៅក្នុង​សភា​បាន​និយាយ​ថា​ សេចក្តី​សម្រេច​នេះ​គ្មាន​ន័យ​ទេ ហើយ​វា​នឹង​មិន​ដាក់​កំហិត​អំណាច​របស់​ប្រធានាធិបតី​ដែល​មាន​ចែង​ក្នុងរដ្ឋ​ធម្មនុញ្ញ​ឡើយ៕

XS
SM
MD
LG