រដ្ឋសភាសហរដ្ឋអាមេរិកបានអនុម័តកញ្ចប់ថវិកាសង្គ្រោះសេដ្ឋកិច្ចពីវិបត្តិកូវីដ១៩ ច្រើនជាងមុនឲ្យដល់ពលរដ្ឋអាមេរិកាំង ស្របតាមការទាមទាររបស់លោកប្រធានាធីបតី Donald Trump ឲ្យមានការផ្ដល់ជូនថវិកាជំនួយដល់ពលរដ្ឋពេញវ័យ ក្នុងម្នាក់ចំនួន ២.០០០ ដុល្លារ និងបានបោះឆ្នោតជម្នះអំណាចវ៉េតូលើថវិកាការពារជាតិរាប់ពាន់លានដុល្លាររបស់លោកប្រធានាធិបតី។
រដ្ឋសភាមិនឈប់សម្រាកក្នុងថ្ងៃឈប់សម្រាកពិធីបុណ្យណូអែលទេ ដោយបានត្រឡប់មកចូលធ្វើការវិញ ដើម្បីអនុម័តនីតិវិធីទាំងនេះកាលពីថ្ងៃច័ន្ទ មិនដល់មួយសប្ដាហ៍មុនពេលសមាជិករដ្ឋសភាថ្មីស្បថចូលកាន់តំណែង។
រដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យបានអនុម័តបន្ថែមចំនួនថវិកាជួយដល់ពលរដ្ឋក្នុងសំឡេង ២៧៥ ទល់នឹង ១៣៤។
រដ្ឋសភា និងព្រឹទ្ធសភាកន្លងមកអនុម័តទឹកប្រាក់ចំនួន ៦០០ ដុល្លារម្នាក់ដល់ពលរដ្ឋអាមេរិកដែលជួបការលំបាក ជាផ្នែកមួយនៃកញ្ចប់ថវិកាសង្គ្រោះសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ១៩ ចំនូន ២,៣ លានលានដុល្លារ និងកញ្ចប់ថវិកាចំណាយរបស់រដ្ឋសភានិងព្រឹទ្ធសភា ប៉ុន្តែលោកប្រធនាធិបតី Donald Trump បានរិះគន់យ៉ាងខ្លាំងចំពោះការអនុម័តនេះ។
លោកបានគំរាមមិនចុះហត្ថលេខាលើសំណើច្បាប់នេះ បើសិនជាសភា មិនដំឡើងទឹកប្រាក់ជំនួយដល់ពលរដ្ឋអាមេរិកាំងឲ្យបានម្នាក់ ២.០០០ ដុល្លារ និងកាត់បន្ថយការចំណាយផ្សេងទៀត។ ក៏ប៉ុន្តែនៅថ្ងៃអាទិត្យ ស្របពេលការបិទរដ្ឋាភិបាលជិតចូលមកដល់ លោក Trump បានចុះហត្ថលេខាលើសំណើច្បាប់នេះ។
ការគាំទ្ររបស់លោក Trump ចំពោះថវិកាជំនួយច្រើនជាងមុននេះ ត្រូវគេមើលឃើញថាជាការប្រឆាំងរបស់លោកទៅនឹងសមាជិកពីខាងគណបក្សសាធារណរដ្ឋដូចគ្នា៕