គណៈកម្មាធិការសភាដ៏មានអំណាចមួយឥឡូវនេះដឹកនាំដោយគណបក្សប្រជាធិបតេយ្យកំពុងបើកការស៊ើបអង្កេតមួយទៅលើនីតិវិធីនៃការផ្តល់សិទ្ធិក្នុងការទទួលបានព័ត៌មានសម្ងាត់ដែលធ្វើឡើងដោយសេតវិមាន និងការផ្ទេរតំណែងប្រធានាធិបតីកាលពីឆ្នាំ២០១៦។
ការចោទសួរដោយគណៈកម្មាធិការត្រួតពិនិត្យនិងកែទម្រង់នៃរដ្ឋសភាបានចាត់វិធានការពិនិត្យមើលបុគ្គលមួយចំនួនដែលជិតស្និតបំផុតទៅនឹងលោកប្រធានាធិបតីកាលពីប៉ុន្មានឆ្នាំមុន រួមទាំងលោក Michael Flynn អតីតទីប្រឹក្សាសន្តិសុខជាតិ លោក Jared Kushner កូនប្រសារប្រុសរបស់លោក Trump និងជាទីប្រឹក្សាជាន់ខ្ពស់ និងលោកRob Porter អតីតជំនួយការសេតវិមាន។
ការពិនិត្យឡើងវិញនេះក៏បង្កើតការប្រឈមមុខដាក់គ្នាជាលើកទីមួយរវាងគណៈកម្មាធិការសភាដឹកនាំដោយគណបក្សប្រជាធិបតេយ្យ និងការទប់ទល់របស់សេតវិមានចំពោះការស៊ើបអង្កេតនានាទៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតីកាលពីឆ្នាំមុនដែលបានធ្វើឲ្យគណបក្សសាធារណរដ្ឋធ្លាក់ចុះការគ្រប់គ្រងរបស់ខ្លួន។
លោក Elijah Cummings សភាតំណាងរាស្រ្តប្រចាំរដ្ឋ Maryland ជាប្រធានគណៈកម្មាធិការបានថ្លែងតាមរយៈលិខិតមួយច្បាប់ដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃពុធថា លោកកំពុងធ្វើការស៊ើបអង្កេតឆ្លើយតបទៅនឹងការរំលោភបំពានសន្តិសុខជាតិ ដែលមានជាប់ពាក់ព័ន្ធនឹងលោក Flynnនិងអ្នកផ្សេងៗទៀត។
លោក Flynn នៅរក្សាសិទ្ធិទទួលបានព័ត៌មានសម្ងាត់របស់លោក ទោះបីជាបន្ទាប់ពីសេតវិមានបានដឹងថាលោកបាននិយាយកុហកភា្នក់ងារ FBI អំពីការសន្ទនាររបស់លោកជាមួយនឹងអគ្គរដ្ឋទូតរស្ស៊ីក៏ដោយ។ ក្រោយមកលោកបានសារភាពកំហុសនិងកំពុងរង់ចាំការកាត់ទោស។
គណៈកម្មាធិការក៏កំពុងស្វែងរកព័ត៌មានអំពីលោក Kushner ដែលបានព្យាយាមបិទបាំងកិច្ចប្រជុំនៅក្រៅប្រទេសរបស់លោកមួយចំនួន និងលោក Porterដែលអ្នកដែលមានសិទ្ធិទទួលបានព័ត៌មានសម្ងាត់ បើទោះបីជាភ្នាក់ងារ FBIបានជូនដំណឹងដល់សេតវិមានអំពីការចោទប្រកាន់នានាកាលពីអតីតកាលទៅលើលោកPorter ថាមានជាប់ពាក់ព័ន្ធនឹងការប្រើអំពើហិង្សាយ៉ាងណាក៏ដោយ៕