មេដឹកនាំកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំងបានបន្តឌឺដងដាក់គ្នា លើសេរីភាពរបស់លោកកឹម សុខាដោយលោក សម រង្ស៊ីបានហៅលោក ហ៊ុន សែន នៅថ្ងៃពុធនេះ ថាជាជន «កំសាកញី»។
ការចំអករបស់លោកសម រង្ស៊ី ដែលថា លោកហ៊ុន សែនជាបុគ្គល កំសាកញីនោះ បានធ្វើឡើង នៅចំពេលមានការចោទប្រកាន់របស់លោកហ៊ុន សែន ដែលបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយដែលស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជាថា លោកសម រង្ស៊ី កំពុងដាក់អន្ទាក់រូបលោកឲ្យធ្លាក់ក្នុងការភ្នាល់ ទៅលើការដោះលែងលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយចោលទៅតាមសំណើរបស់រដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ២០១៧។
លោក ហ៊ុន សែន ត្រូវបានអង្គភាពព័ត៌មាន Fresh News ស្រង់ប្រសាសន៍ដើមរបស់លោកថា៖
«យោងតាមច្បាប់ជាធរមានទោះ១០០០ឆ្នាំទៀត ក៏មិនអាចកើតបានដែរ សម្រាប់ ការលើកលែងទោសឲ្យអ្នកដែលមិនមានទោស ឬតុលាការមិនទាន់កាត់ឲ្យមានទោស ឬកាត់ហើយតែសាលក្រមមិនទាន់ចូលជាស្ថាពរ កុំថាឡើយត្រឹមសេះដុះស្នែង។ តែមនុស្សដែលចូលចិត្តវាយប្រហារខ្ញុំគេអត់ចេះស្តាប់ និងសិក្សាពីសម្តីដែលបង្កប់ដោយន័យនយោបាយនិងផ្លូវច្បាប់ដែលខ្ញុំបាននិយាយនោះទេ ដូចនេះទើបគេរៀបអន្ទាក់ដាក់ខ្ញុំ ពេលនេះគេដើរជាន់អន្ទាក់ខ្លួនឯងហើយ។ ដោយសារការភ្នាល់លើកនេះជាការភ្នាល់ដាក់ជីវិត នយោបាយ ដែលអ្នកបបួលខ្ញុំភ្នាល់គឺជាជនពាលខាងនយោបាយ ដូចនេះតម្រូវឲ្យខ្ញុំត្រូវមានភស្តុតាង និងសូមស្នើឲ្យមេធាវីខ្ញុំរក្សាទុកភស្តុតាងនេះតាមផ្លូវច្បាប់»។
លោក ហ៊ុន សែន បានប្រាប់អង្គភាពព័ត៌មាន Fresh News បន្ថែមថា៖
«ក្រុមអ្នកច្បាប់ និងមេធាវីដែលគាំទ្រជនពាលខាងនយោបាយ ត្រូវរៀនស្តាប់សម្តីរបស់ខ្ញុំឲ្យច្បាស់ មុនធ្វើការបកស្រាយទាំងមិនដឹងខ្យល់អី។ អ្នកឯងមិនត្រឹមតែខ្វះសមត្ថភាពផ្នែកផ្លូវច្បាប់ធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែជាបុគ្គលគ្មានកាយសម្បទារគ្រប់គ្រាន់ក្នុងការស្តាប់យល់ និងវិភាគឲ្យបានត្រឹមត្រូវនូវភាសារបស់នាយករដ្ឋមន្ត្រី»។
នៅមុនពេលលោក ហ៊ុន សែន ធ្វើការចោទប្រកាន់ថា លោក សម រង្ស៊ី ដែលជាគូប្រជែងនយោបាយដ៏សំខាន់របស់លោកបានរៀបចំអន្ទាក់ដាក់រូបលោកនោះ អតីតមេដឹកនាំគណបក្សប្រឆាំងលោកសម រង្ស៊ី បានប្រើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃពុធនេះ ដោយបានចាត់ទុកលោកហ៊ុន សែន មានស្មារតីមិននឹងនរ និងមិនមានការទទួលខុសត្រូវ។
លោក សម រង្ស៊ី បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៤ ខែវិច្ឆិកានេះថា៖
«ក្រោយពីហ៊ុន សែន បានសារភាពថា ខ្ញុំបានរុញគាត់ "ឲ្យផ្ទប់ជញ្ជាំង" ហើយ "បង្ខំ" គាត់ ព្រមទាំងធ្វើឲ្យគាត់ "គ្មានជម្រើស" ក្នុងការទទួលព្រមភ្នាល់ជាមួយខ្ញុំ ពីព្រោះគាត់មិនចង់ឲ្យគេថាគាត់ "កំសាកញី" យើងឃើញច្បាស់ហើយពេលនេះថា ហ៊ុន សែន ជាមនុស្សមានចរិកដូចកូនក្មេង គឺមិនមានស្មារតីទទួលខុសត្រូវទេ ហើយមិនសក្តិសមជានាយករដ្ឋមន្ត្រីឡើយ»។
ក្នុងការអធិប្បាយរបស់លោកប្រឆាំងនឹងលោក ហ៊ុន សែន អំពីការភ្នាល់លើសេរីភាពរបស់លោក កឹម សុខា ដដែលនោះ លោក សម រង្ស៊ី ក៏បានទាញយកសម្រង់សម្តីរបស់លោកពីសារព័ត៌មាន Asia Times ដែលលើកឡើងពីការរិះគន់នានា ចំពោះការណ៍ដែលលោកបានបបួលលោកហ៊ុន សែនមកភ្នាល់ ទៅលើលទ្ធភាពនៃការដោះលែងលោក កឹម សុខា ដែលលោកសម រង្ស៊ីស្មានជាមុនថា អាចនឹងកើតមានឡើងនៅថ្ងៃទី២៩ ខែធ្នូ ឬយ៉ាងយូរបំផុតនោះគឺនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩នោះ។
អតីតប្រធានគណបក្សប្រឆាំងរូបនេះ បានសរសេរថា៖
«អ្នកដែលទិទៀនខ្ញុំ ពីរឿងភ្នាល់ជាមួយ ហ៊ុន សែន នេះ ជា មនុស្សមួយក្តាប់តូចទេ ដែលបានប្រតិកម្មឆាប់ពេក ពីព្រោះពួកគេមិនទាន់យល់គ្រប់ជ្រុងជ្រោយ ពីការភ្នាល់គ្នានេះ។ ពួកគេជាក្រុមឯការ ដូច្នេះមិនអាចគិតគូរស៊ីជម្រៅ ហើយក៏មិនអាចក្តាប់ស្ថានការណ៍បានពេញលេញឡើយ»។
លោក សម រង្ស៊ី អះអាងថា លោក ហ៊ុន សែន កំពុងធ្លាក់ក្នុងអន្ទាក់របស់លោក។
លោកបានសរសេរបន្ថែមថា៖
«ហ៊ុន សែន បានធ្លាក់ក្នុងអន្ទាក់របស់ខ្ញុំ ពីព្រោះគាត់បានបង្ហាញយ៉ាងច្បាស់ ដោយខ្លួនគាត់ ថាគាត់ជាជនផ្តាច់ការ ដែលប្រើប្រាស់ប្រព័ន្ធតុលាការ ជាឧបករណ៍នយោបាយ»។
ក្រោយពេលលោក សម រង្ស៊ីបបួលលោកហ៊ុន សែន មកភ្នាល់អំពីការដោះលែងលោកកឹម សុខា ដែលពេលនេះកំពុងស្ថិតក្នុងការឃុំឃាំងនៅក្នុងគេហដ្ឋានរបស់លោកក្នុងទីក្រុងភ្នំពេញនោះ ក្រុមសហមេធាវីការពារក្តីលោកកឹម សុខា បានបញ្ចេញប្រតិកម្មធ្ងន់ៗទៅនឹងការភ្នាល់នេះ ដោយក្រុមសហស្មាក្តីបានបង្ហាញការយល់ឃើញរបស់ពួកគេថា «ការដោះលែង ឬការលើកលែងបទចោទប្រកាន់ ដើម្បីឯកឧត្តម កឹម សុខា មានសេរីភាពវិញ គឺជាសមត្ថកិច្ចរបស់តុលាការ មិនស្ថិតក្រោមល្បែងភ្នាល់គ្នានេះទេ។ ផ្ទុយទៅវិញការភ្នាល់នេះ អាចធ្វើឲ្យប៉ះពាល់ដល់នីតិវិធីស៊ើបសួរ»។
ក្រុមសហមេធាវីរបស់លោកកឹម សុខា បានថ្លែងសង្កត់ធ្ងន់ថា៖
«ការយកសេរីភាព ជាពិសេស គឺឯកឧត្តមកឹម សុខា ដែលជាអ្នកនយោបាយផ្សាភ្ជាប់ទៅនឹងនយោបាយជាតិមកភ្នាល់ គឺធ្វើឲ្យជាតិកាន់តែបែកបាក់ធ្ងន់ធ្ងរឈឺផ្សាថែមទៀត។ យើងខ្ញុំសូមឲ្យអ្នកនយោបាយខ្មែរប្រកាន់នូវគុណធម៌ សីលធម៌ ជាអ្នកនយោបាយ គំរូល្អសម្រាប់ខ្មែរបន្តវេនជំនាន់ក្រោយៗ និងសូមឲ្យដង្ហែរតាមព្រះរាជបន្ទូលដ៏ត្រឹមត្រូវ នៃព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃយើង កាលពីថ្ងៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០១៨ ដែលបានសូមឲ្យប្រជារាស្ត្រខ្មែររួបរួមគ្នា ក្រោមដំបូលរដ្ឋធម្មនុញ្ញ ដើម្បីជាតិខ្មែរខ្លាំង រឹងមាំ»។
អ្នកស្រីម៉េង សុភារី មេធាវីការពារក្តីលោកកឹម សុខា ប្រាប់ VOA នៅថ្ងៃពុធនេះថា ក្រុមមេធាវីការពារក្តីលោកកឹម សុខា នៅជំទាស់នឹងការប្រើប្រាស់ពាក្យពេចន៍ ពាក់ព័ន្ធនឹងការភ្នាល់ណាមួយទៅលើសេរីភាពរបស់កូនក្តី គឺលោកកឹម សុខា។
អ្នកស្រីមេធាវីអះអាងថា ក្រុមស្មាក្តីលោកកឹម សុខា ក៏មិនមែនជាឧបករណ៍ល្បែងភ្នាល់របស់ក្រុមណានោះទេ។
«យើងខ្ញុំមិនមែនជាគ្រាប់អាប៉ោង ដែលគួរតែត្រូវបានបង្វិល ក្នុងការចាក់ភ្នាល់ ក៏មិនមែនជាបាល់ ធ្វើការ ឲ្យអ្នកណាបោះចុះ បោះឡើងដែរ ហើយម្យ៉ាងវិញទៀត អ្វីដែលសំខាន់នោះគឺថា ប៉ះពាល់សិទ្ធិដល់កូនក្តីរបស់ខ្ញុំ ហើយមិនត្រឹមប៉ះពាល់សិទ្ធិទេ គឺប៉ះពាល់ទៅដល់នីតិវិធីរបស់តុលាការទៀតផង។ ដូច្នេះហើយ ក្នុង[នាម]យើងខ្ញុំជាមេធាវីដែលការពារសិទ្ធិដល់ឯកឧត្តមកឹម សុខា យើងខ្ញុំយល់ឃើញថា អ្វីដែលមានការប៉ះពាល់សិទ្ធិកូនក្តីយើងខ្ញុំ យើងខ្ញុំមានសិទ្ធិការពារផលប្រយោជន៍ស្របច្បាប់របស់កូនក្តីខ្ញុំពីព្រោះ គាត់ជាអ្នកពឹងពាក់យើងខ្ញុំសម្រាប់ការពារគាត់ គ្មានបុគ្គល ឬក៏ណាផ្សេង មកពឹងពាក់យើងខ្ញុំ ក្នុងការការការពារក្តីជូនគាត់ទេ»។
ទាក់ទិនការចោទប្រកាន់របស់លោកហ៊ុន សែន ដែលថ្លែងតាមអង្គភាពព័ត៌មាន Fresh News អំពីក្រុមអ្នកច្បាប់ និងមេធាវីដែលគាំទ្រជនពាលខាងនយោបាយនោះ អ្នកស្រីម៉េង សុភារីលើកឡើងថា ក្រុមស្មាក្តីការពារក្តីលោកកឹម សុខា គឺការពារតែក្តីក្តាំឲ្យលោកកឹម សុខាតែប៉ុណ្ណោះ ហើយថាក្រុមស្មាក្តីមិនដែល ស្គាល់ជនពាលខាងនយោបាយណាម្នាក់នោះដែរ។
VOA ព្យាយាមសុំការអធិប្បាយពីលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ តែមិនទាន់អាចទាក់ទងបាននៅឡើយនៅថ្ងៃពុធនេះ។
អ្នកនាំពាក្យរដ្ឋាភិបាលខ្មែរលោក ផៃ ស៊ីផាន បានប្រាប់អ្នកកាសែត កុំឲ្យចាប់អារម្មណ៍នឹងពាក្យសម្តីរបស់លោក សម រង្ស៊ី ដែលលោកអះអាងថា កំពុងយកសម្ពាធអន្តរជាតិលើរដ្ឋាភិបាល មកបោកបញ្ឆោតមហាជនខ្មែរ។
អ្នកនាំពាក្យរដ្ឋាភិបាលបានប្រាប់ VOA នៅថ្ងៃពុធនេះថា៖
«អាភាសាហ្នឹង ភាសាដែលសម រង្ស៊ីចង់ប្រើប្រាស់ ដើម្បីភូតភរមហាជននិយាយអំពី យកលទ្ធភាពរបស់ EBA (ឋានៈអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប) មកប្រឆាំងរាជរដ្ឋាភិបាល មកដាក់សម្ពាធ អាហ្នឹងចឹងឯង ដូច្នេះមិនមានទេ នៅក្នុងសាច់រឿងហ្នឹង គ្មាននរណា មកដាក់សម្ពាធលើតុលាការកម្ពុជា គ្មានអ្នកណាមកអាចដាក់សម្ពាធលើ នាយករដ្ឋមន្ត្រី ដែលលោកធ្វើការ ក្នុងកិច្ចការពារអធិបតេយ្យភាពរបស់ខ្លួន ក្នុងការពង្រឹងនីតិរដ្ឋ អាហ្នឹងចឹងឯង។ ដូច្នេះ ការលើកឡើងហ្នឹង ដើម្បីឲ្យគេចាប់អារម្មណ៍ ហើយជាពិសេសសំណូមពរសុំឲ្យអ្នកសារព័ត៌មានហ្នឹង កុំចាប់អារម្មណ៍ ដូចសម រង្ស៊ី ដែលយករឿងមិនពិតមកតតាំង នៅក្នុងសាច់រឿងហ្នឹង ដូចជាអឺរ៉ុបដាក់ទណ្ឌកម្ម ដោយសារមិនដោះលែង កឹម សុខា អាហ្នឹងជាហួសពីស្រម៉ៃ ការណ៍ពិតប្រាកដនោះ ដូចជាអត់មានទេ»។
យ៉ាងណាក៏ដោយ លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យប្រាប់ VOA កាលពីពេលថ្មីៗនេះថាការភ្នាល់របស់លោកនាយករដ្ឋមន្ត្រី ជាមួយលោក សម រង្ស៊ី គឺជាការភ្នាល់ដែលអសីលធម៌ និងមិនសមជាថ្នាក់ដឹកនាំនោះទេ។ លោកបន្ថែមថា តុលាការកម្ពុជាត្រូវបានគេចាត់ទុកថាស្ថិតក្រោមគំនាបរបស់រដ្ឋាភិបាល ដូច្នេះលោកថា ការភ្នាល់នេះក៏ធ្វើឲ្យប៉ះពាល់ដល់ការសម្រេចរបស់តុលាការផងដែរ។
មានការរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ពីក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិ និងសហគមន៍អន្តរជាតិជាច្រើន នៅក្រោយការចាប់ខ្លួនលោក កឹម សុខា យកទៅឃុំក្នុងពន្ធនាគារ និងដោះលែងពីពន្ធនាគារបញ្ជូនទៅឃុំក្នុងផ្ទះ។ ក្រុមអ្នកវិះគន់ទាំងនោះ បានទាមទារឲ្យមានការទម្លាក់ចោលបទចោទលើ លោក កឹម សុខា ដោយឥតលក្ខខណ្ឌ។
អ្នកស្រីរ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាដែលទើបតែបានបញ្ចប់ទស្សនកិច្ចរបស់អ្នកស្រីនៅកម្ពុជាថ្មីៗនេះ ក៏បាន អំពាវនាវឱ្យមានការដោះលែងលោក កឹម សុខា ពីការឃុំឃាំងដ៏រឹតត្បិត និង បញ្ចប់ការស៊ើបអង្កេត ឱ្យបានឆាប់នៅក្នុងសំណុំរឿងរបស់គាត់ ដើម្បីធានាពីសិទ្ធិរបស់គាត់ក្នុងការទទួលបានការកាត់ក្តីប្រកបក្នុងរយៈពេលសមស្របមួយ ដោយឈរលើការវាយតម្លៃពីភស្តុតាងមួយច្បាស់លាស់ និងមានតម្លាភាព ឬបើមិនដូច្នេះទេ ត្រូវទម្លាក់ចោលនូវបទចោទប្រកាន់ប្រឆាំងនឹងលោក៕