ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​​អាមេរិក​អនុម័ត​ច្បាប់​ស្តី​ពី​សុវត្ថិភាព​សង្គម​របស់​លោក Biden


ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក អ្នកស្រី Nancy Pelosi ចាកចេញ ក្រោយ​ពី​បញ្ចប់​កិច្ចប្រជុំ​ជាមួយ​នឹង​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ ក្នុង​អំឡុងពេល​ដែលមាន​ការ​ចរចា​លើ​ច្បាប់​ថវិកា និង​ហេដ្ឋារចនាសម្ព័ន្ធ នៅ​វិមាន​សភា​ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។
ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក អ្នកស្រី Nancy Pelosi ចាកចេញ ក្រោយ​ពី​បញ្ចប់​កិច្ចប្រជុំ​ជាមួយ​នឹង​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ ក្នុង​អំឡុងពេល​ដែលមាន​ការ​ចរចា​លើ​ច្បាប់​ថវិកា និង​ហេដ្ឋារចនាសម្ព័ន្ធ នៅ​វិមាន​សភា​ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។

គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​រដ្ឋសភាសហរដ្ឋ​អាមេរិក​បាន​ធ្វើ​ឱ្យ​ជឿនលឿនទៅ​មុខ​នូវ​អាទិភាព​នីតិកម្ម​របស់​លោក​ប្រធានាធិបតី Joe Biden ​នៅថ្ងៃ​អង្គារ​ ​ដោយ​អនុម័ត​ផែនការ​ថវិកា​សុវត្ថិភាព​សង្គមតម្លៃ​៣,៥​លានលាន​ដុល្លារ។​ សមាជិក​រដ្ឋសភា​ក៏​បាន​យល់​ព្រម​រៀបចំ​ការ​បោះឆ្នោត​នៅ​ចុង​ខែ​ក្រោយ​សម្រាប់​ការ​ចំណាយ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចំនួន​១​លានលាន​ដុល្លារ​ដើម្បី​ជួសជុល​ផ្លូវថ្នល់​និង​ស្ពាន​ដែល​ទ្រុឌទ្រោម​និង​ពង្រីក​សេវាកម្ម​អ៊ីនធឺណិត​លឿន​ផងដែរ។​

ការ​បោះឆ្នោត​សំឡេង​២២០​ទល់​នឹង​២១២​ ស្តីពី​វិធាន​ការ​ចំណាយ​ដែល​មាន​ទំហំ​ធំ​នេះ​មិនមែន​ជា​សេចក្តី​សម្រេច​ចុងក្រោយ​ស្តីពី​ច្បាប់​នោះ​ទេ​ ប៉ុន្តែ​វា​បង្ហាញ​ថា​ គណបក្ស​ប្រជា​ធិបតេយ្យ​ដែល​មាន​សំឡេង​តិចតួចលើស​គណបក្ស​សាធារណរដ្ឋ​ទាំង​នៅ​ក្នុង​សភា​និង​ព្រឹទ្ធ​សភា​នោះ​អាច​មាន​លទ្ធភាព​ទទួល​បាន​ការយល់​ព្រម​សម្រាប់​កម្មវិធី​ចំណាយ​ដែល​លោក Biden ​បាន​សន្យា​អំឡុង​យុទ្ធនាការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២០​ដ៏​ជោគជ័យ​របស់​លោក។​

រដ្ឋសភា​បាន​បោះឆ្នោត​បន្ទាប់ពី​មេ​ដឹកនាំ​ប្រជាធិបតេយ្យ​សំខាន់ៗ​ដែល​គាំទ្រ​ផែនការ​របស់​លោក Biden ​ក្នុង​ការ​ពង្រីក​តួនាទី​របស់​រដ្ឋាភិបាល​លើ​ជីវិត​ប្រជាជន​អាមេរិក​រាប់​លាន​នាក់​ ទទួល​បានការ​ព្រមព្រៀង​ពី​ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​និយម​កណ្តាល​ចំនួន​១០​នាក់ ​ដែល​មិន​ចង់បោះឆ្នោត​លើ​ការ​ចំណាយ​ច្រើន​សម្រាប់​សុវត្ថិភាព​សង្គម​ ដោយមិនទាន់បាន​អនុម័ត​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​មុន​ដែល​ព្រឹទ្ធ​សភា​បាន​អនុម័ត​កាលពី​ដើម​ខែនេះ​ ដែល​មាន​សំឡេង​គាំទ្រ ៦៩-៣០​របស់​គណបក្ស​ទាំង​ពីរ។​

ការ​ប្រឆាំង​រួម​គ្នា​របស់​គណបក្ស​សាធារណរដ្ឋចំពោះ​ការ​ចំណាយ​និង​ការ​ជំទាស់​ខ្លះៗ​របស់អ្នក​ប្រជាធិបតេយ្យ​នោះទំនង​ជានឹង​បង្ក​ឱ្យមាន​ការ​ចរចាដ៏​អូស​បន្លាយ​អំពី​ច្បាប់​និង​ចំនួន​ចំណាយ​សរុប​ នៅ​មុន​ពេល​មាន​ការ​បោះឆ្នោត​ចុងក្រោយ​នៅចុង​ខែ​កញ្ញា​ឬ​យូរជាង​នេះ៕

XS
SM
MD
LG