លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជាបានអះអាងថា កម្ពុជាប្តេជ្ញាជួយដល់ការរក្សាសន្តិភាពនៅប្រទេសមួយចំនួននិងភាពរីកចម្រើនក្នុងការកាត់បន្ថយភាពក្រីក្រ និងការទប់ស្កាត់ការរាលដាលជំងឺអេដស៍ផងដែរ។
ថ្លែងការណ៍ទៅកាន់មហាសន្និបាតអសប តំណាងប្រទេសកម្ពុជា លោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជាបានផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាអន្តរជាតិច្រើនជាងបញ្ហាកម្ពុជាក្នុងសេចក្តីថ្លែងការណ៍របស់លោក។ លោកធ្លាប់អះអាងថា កម្ពុជាមានសន្តិភាពហើយដែលលោកមិនមានអ្វីថ្លែងការណ៍ច្រើន។
ថ្លែងទៅកាន់មេដឹកនាំនិងតំណាងប្រទេសជិត២០០ចូលរួមក្នុងទីក្រុងញូវយ៉ក នៅរសៀលថ្ងៃច័ន្ទ (ព្រឹកព្រលឹមថ្ងៃអង្គារម៉ោងប្រទេសកម្ពុជា) លោក ហោ ណាំហុង បានអះអាងថា បញ្ហាមជ្ឈឹមបូព៌ាប្រទេសទាក់ទងនឹងការគំរាមរបស់ ពួកឧទ្ទាមរដ្ឋឥស្លាមនៅអ៊ីរ៉ាក់និងស៊ីរី និងការប្រយុទ្ធប្រឆាំងដែលអន្តរជាតិត្រូវ ចាត់វិធានការជាបន្ទាន់ដូចជាជំងឺ Ebola ដែរ។ លោកថា បញ្ហាអាហ្រ្វិក ដែលមានជម្លោះប្រដាប់អាវុធ ហើយធ្វើឲ្យគ្រោះថ្នាក់ដល់សន្តិភាពនិងសន្តិសុខ ពិភពលោកជាអ្វីដែលពិភពលោកត្រូវដោះស្រាយដែរ។
លោកថ្លែងថា៖ «ដើម្បីចូលរួមបរិច្ចាកក្នុងដំណើរការសន្តិភាពនៅតំបន់មជ្ឈឹមបូព៌ានិងអាហ្រ្វិក ប្រទេសកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រតិបត្តិការរក្សាសន្តិភាពអសប។ យើងបានបញ្ជូនក្រុមកម្លាំងរក្សាសន្តិភាពជាង២.០០០នាក់ទៅកាន់ប្រទេសលីបង់ ម៉ាលី និងស៊ូដង់ខាងត្បូង។ នៅខែវិច្ឆិកាឆ្នាំនេះ កម្ពុជានឹងបញ្ជូនកម្លាំងរក្សាសន្តិភាពចំនួន២១៦នាក់បន្ថែមទៀតទៅកាន់សាធារណរដ្ឋអាហ្រ្វិកកណ្តាល»។
ក៏ដូចគ្នាដែរលោកថា បញ្ហាអ៊ុយក្រែននិងរុស្ស៊ីគឺជាបញ្ហាដែលអាចជាក្តីបារម្ភថា នឹងមានសង្រ្គាមត្រជាក់ដែរដោយសារមានការដាក់ទណ្ឌកម្មរវាងរុស្ស៉ីនិងលោកខាងលិច ក្រៅពីលោកបញ្ជាក់ពីក្តីបារម្ភអំពីរឿងបម្រែបម្រួលអាកាសធាតុនិងបញ្ហាកូរ៉េខាងជើងដែលសាកល្បងកាំជ្រួចមីស៊ីលនោះ។
បទសម្ភាសន៍ជាមួយលោក ហោ ណាំហុង នៅមុនការថ្លែង៖
សេចក្តីថ្លែងការណ៍របស់តំណាងកម្ពុជានេះកើតឡើងចំពេលដែលមន្ត្រីអសបសិទ្ធិមនុស្សនិងសង្គមស៊ីវិលអន្តរជាតិបានរិះគន់បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា និងការទទួលជនភៀសខ្លួនមកពីប្រទេសអូស្ត្រាលី បញ្ហាច្បាប់និតិរដ្ឋ និងបញ្ហារំលោភបំពានដីធ្លីជាដើម។ បញ្ហាប្រឈមទាំងនេះមិនត្រូវបានថ្លែងនៅឯអសប ទេ តែលោក ហោ ណាំហុងបាននាំយកបញ្ហាមួយចំនួនពីកម្ពុជាដូចជារឿងទឹកជំនន់បញ្ហាប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍របស់ប្រទេសកម្ពុជាជាដើម។
«ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ប្រទេសកម្ពុជាបានបោះជំហ៊ានទៅមុខ ដោយកាត់បន្ថយចំនួនយ៉ាងខ្លាំងមកត្រឹម០.៦ ភាគរយ ក្នុងឆ្នាំ២០១៣។ ដើម្បី សម្រេចបានសន្ទស្សន៍នេះ រដ្ឋាភិបាលកម្ពុជាបានអនុម័តគោលនយោបាយ បន្ថែមទៀតដើម្បីលុបបំបាត់បញ្ហានេះទាំងស្រុង ក្នុងគោលបំណងឈានដល់ ការដែលគ្មានការឆ្លងអេដស៍ថ្មី គ្មានអ្នកស្លាប់ដោយជំងឺអេដស៍ និងគ្មានការរើសអើងនៅត្រឹមឆ្នាំ២០២០»។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្ថែមថា ប្រទេសកម្ពុជាបានដាក់ផែនការកាត់បន្ថយភាពក្រីក្រមកត្រឹម១៩.៥ ក្នុងឆ្នាំ២០១៥ ដែលគេដឹងថា ជាឆ្នាំដែលកម្ពុជា ត្រូវធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។ ប៉ុន្តែ កម្ពុជាបានសម្រេចគោលដៅនេះមុនកាលកំណត់ដោយកាត់បានមកនៅ ១៩ភាគរយនៅឆ្នាំ២០១៣។
លោក ហោ ណាំហុង បានស្តីបន្ទោសដល់ប្រទេសអភិវឌ្ឍថា បានធ្វើឲ្យមាន បម្រែបម្រួលអាកាសធាតុក្នុងពិភពលោក ដោយសារប្រទេសទាំងនោះបានប្រើប្រាស់ឧស្ម័នផ្ទះកញ្ចក់និងបញ្ចេញជាតិពុលយ៉ាងច្រើន៕