អតីតប្រធានយុវជនគណបក្សសង្គ្រោះជាតិខេត្តព្រៃវែងគឺលោក ហ៊ី សុខជា បានប្រាប់ក្រុមចៅក្រមថាលោកមិនបានចូលរួមអនុវត្តផែនការមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំង និងមិនបានរៀនសូត្រពីទម្រង់នៃការដឹកនាំបាតុកម្មនៅក្នុងទីក្រុងហុងកុងនោះទេ។
នេះជាការឆ្លើយតបនឹងសំណួររបស់ចៅក្រមក្នុងសវនាការជំនុំជម្រះសំណុំរឿងក្បត់ជាតិ ដែលបន្តនៅព្រឹកថ្ងៃព្រហស្បតិ៍។
វាជាសវនាការជុំទី៤ហើយ លើសំណុំរឿង ៦០០៥ ទាក់ទិនដំណើររឿង «រួមគំនិតក្បត់» «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និង «ញុះញង់កុំឱ្យយោធិនស្ដាប់បង្គាប់» ដែលជាសំណុំរឿងចងភ្ជាប់គ្នានឹងផែនការវិលត្រឡប់មកប្រទេសវិញរបស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
នៅចំពោះមុខក្រុមចៅក្រមបីរូបលោក ហ៊ី សុខាជា អតីតមេដឹកនាំចលនាយុវជនរបស់គណបក្សជំទាស់នៅខេត្តព្រៃវែង ត្រូវបានសួរក្នុងអំឡុងពេលនៃសវនាការអំពីតួនាទីរបស់លោកក្នុងគណបក្សសង្គ្រោះជាតិ ទំនាក់ទំនងរបស់លោកជាមួយថ្នាក់ដឹកនាំគណបក្សនេះ និងវត្តមានរបស់លោកនៅប្រទេសម៉ាឡេស៊ី ទីដែលលោកថាបានចូលរួមសិក្ខាសាលាមួយកាលពីខែសីហា ឆ្នាំ២០១៩។ សិក្ខាសាលានោះផ្តោតលើការបណ្តុះបណ្តាលនៃការនិយាយជាសាធារណៈ និងភាពជាអ្នកដឹកនាំរបស់យុវជន។
តំណាងអយ្យការលោក សេង ហៀង បានតាំងសំណួរមួយចំនួនដោយភ្ជាប់នឹងព្រឹត្តិការណ៍បាតុកម្មជាហូរហែ នៅទីក្រុងហុងកុង និងក្នុងប្រទេសជិតខាងកម្ពុជាគឺប្រទេសថៃ នៅក្រោយពេលប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក រស់ ពិសិដ្ឋ បានយកចម្លើយពីលោក ហ៊ី សុខជា ដែលជាជនជាប់ចោទស្ថិតនៅក្រៅឃុំ ទាក់ទងនឹងប្រវត្តិការងារក្នុងគណបក្សនិងការចេញទៅក្រៅប្រទេស។
លោក សេង ហៀង បានចោទសួរលោក ហ៊ី សុខជា ថាតើលោកបានជួបលោក សម រង្ស៊ី លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ដែរឬទេ នៅប្រទេសម៉ាឡេស៊ី និងមានបានដឹងថា បុគ្គលពីរនាក់ទៀតគឺលោកនៅ វិចិត្រ និងកញ្ញា ណី លក្ខណ៍ បានទៅប្រទេសម៉ាឡេស៊ីដែរឬទេ?
លោក សុខជា និយាយថា លោកឃើញកញ្ញា ណី លក្ខណ៍ នៅប្រទេសម៉ាឡេស៊ី ប៉ុន្តែលោកមិនស្គាល់លោក នៅ វិចិត្រ ទេ។
លោក សុខជា ប្រាប់ក្រុមប្រឹក្សាជំនុំជម្រះបន្ថែមថា លោកបានជួបថ្នាក់ដឹកនាំទាំងបីរបស់គណបក្សជំទាស់នៅប្រទេសម៉ាឡេស៊ី ក្នុងនាមជាសិក្ខាកាមម្នាក់ក្នុងចំណោមសិក្ខាកាមពី ៣០ ទៅ ៤០ នាក់។
លោកនិយាយថា៖ «ខ្ញុំទៅជាសិក្ខាសាលា ដោយសារពួកគាត់មានការងារនៅម៉ាឡេ ហើយដឹងថាកូនចៅនៅទីនោះពួកគាត់ក៏ចូលមកលេង»។
លោកអយ្យការ សេង ហៀង សួរបន្ថែមថា៖ «លោកមានបានជជែកអ្វីខ្លះជាមួយពួកគាត់?»។
លោក សុខជា ឆ្លើយតបថា៖ «គាត់សួរសុខទុក្ខនិងឲ្យក្រេបចំណេះទៅបម្រើប្រទេស»។
អតីតប្រធានយុវជនគណបក្សសង្គ្រោះជាតិរូបនេះក៏ប្រាប់លោកអយ្យការថា ការជួបពិភាក្សានៅពេលនោះ គឺមានរយៈពេលប្រមាណ ៣០ នាទី។
ដោយបានដឹងអំពីជំនួបដែលមានរយៈពេល ៣០ នាទីនោះ លោក សេង ហៀង មិនបង្អង់យូរក៏ផ្តើមយករឿងបាតុកម្មនៅទីក្រុងហុងកុង មកសួរលោក ហ៊ី សុខជា ដើម្បីប្តូរយកចម្លើយ។
លោកអយ្យការតាំងសំណួរថា៖ «មានលើកឡើងបាតុកម្មនៅហុងកុង និងប្រទេសថៃទេ? មាននិយាយទេ? លោកមានឃើញរូបភាពអីទេក្នុង slide? ធម្មតាក្នុងសិក្ខាសាលាមានការបញ្ចាំង slide»។
លោក សុខជា ថា៖ «ឃើញរូបភាពផ្តោតលើលទ្ធិប្រជាធិបតេយ្យ»។
លោកអយ្យការបន្ថែមសំណួរថា៖ «មានឃើញអ្នកឈរតវ៉ា ពាក់អាវអីទេ?...មានឃើញទង់ជាតិផ្កាអ័រគីដេទេ?»។
លោក សុខជា ថា៖«អត់ដឹង»។
លោក សេង ហៀង បន្តថា៖ «មានដឹងរូបភាពនេះក្នុងប្រទេសណាទេ?»។
លោក សុខជា ប្រតិកម្មថា៖ «ពិបាកឆ្លើយ»។
លោកអយ្យការសួរទៀតថា៖ «លោកមានឃើញអគារខ្ពស់ៗទេ?»
លោក សុខជា និយាយថា៖ «អត់ចាប់អារម្មណ៍»។
ក្នុងបំណងចង់ដឹងបន្ថែមអំពីការធ្វើបាតុកម្មនៅក្រុងហុងកុង លោក សេង ហៀង បន្តិចក្រោយមកក៏បានប្រាប់លោក ហ៊ី សុខជា ថា សិក្ខាសាលានេះផ្តោតលើបាតុកម្មនៅទីក្រុងហុងកុងរបស់ប្រទេសចិន។
លោកជជីកសួរលោក ហ៊ី សុខជា បន្តថា៖ «គេមាននិយាយពីហុងកុងទេ?»។
យុវជនជាជនជាប់ចោទឆ្លើយថា៖ «ខ្ញុំអត់ដឹងដូចខ្ញុំបញ្ជាក់ ព្រោះខ្ញុំអត់ចេះភាសា»។
ក្រៅពីចោទសួរអំពីការសិក្សាលើចលនាបាតុកម្មនៅទីក្រុងហុងកុងនោះ លោក ហ៊ី សុខជា ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះទាញឲ្យស្ថិតនៅចំចំណុចក្តៅ ពាក់ព័ន្ធនឹងការទទួលបញ្ជាពីថ្នាក់ដឹកនាំរបស់អតីតគណបក្សសង្គ្រោះជាតិឲ្យប្រតិបត្តិការផែនការកៀរគរពលរដ្ឋឲ្យមកទទួលលោក សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅប្រទេសកម្ពុជា។
លោក សម រង្ស៊ី ត្រូវបានតុលាការចោទប្រកាន់ថា ចេញសារអំពាវនាវឲ្យប្រជាពលរដ្ឋក្រោកឈរដើម្បីបះបោរផ្តួលរំលំរដ្ឋាភិបាល និងស្នើមិនឲ្យយោធិនស្តាប់បង្គាប់ ហើយបែរកាណុងមករដ្ឋាភិបាលវិញដើម្បីចូលចាប់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន។
ជាច្រើនដងលោក ហ៊ី សុខជា ដែលក្រោយមកសុំក្រុមប្រឹក្សាជំនុំជម្រះអង្គុយ ដើម្បីឆ្លើយសំណួរ ព្រោះបញ្ហាជំងឺនោះបានប្រាប់ចៅក្រមជាច្រើនលើកច្រើនសារថា លោកមិនបានទទួលផែនការអ្វីពីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដើម្បីទទួលលោក សម រង្ស៊ី ពេលស្នាក់នៅប្រទេសម៉ាឡេស៊ីរយៈពេលពីរថ្ងៃ។
ក៏ប៉ុន្តែលោកប្រាប់ក្រុមប្រឹក្សាជំនុំជម្រះថា លោកមិនអាចទៅកៀរគរកម្លាំងពលរដ្ឋ សកម្មជន ឬយុវជនឲ្យមកចូលរួមទទួលលោក សម រង្ស៊ី បានទេ ដោយសារលោកគ្មានឥទ្ធិពលអីទៅកៀរគរកម្លាំង ព្រោះលោកលែងមានតួនាទីនយោបាយណាមួយក្នុងគណបក្ សដែលត្រូវបានរំលាយកាលពីឆ្នាំ ២០១៧។
លោក ហ៊ី សុខជា ក៏បាននិយាយច្បាស់ៗនៅមុខក្រុមប្រឹក្សាជំនុំជម្រះថា លោកមិនអាចអនុវត្តតាមអ្វីដែលលោក សម រង្ស៊ី បានប្រកាសនោះទេ ព្រោះលោកយល់ថា នោះជាទង្វើដែលមិនត្រឹមត្រូវ។
នៅត្រង់ចំណុចនេះ ចៅក្រមមួយរូបទៀតគឺលោក អ៊ឹម វណ្ណៈ បានសួរបញ្ជាក់លោក ហ៊ី សុខជា ថា៖ «មុនហ្នឹងបងស្តាប់ឮថា ប្អូនអត់ធ្វើតាមគាត់ទេ។ ប្អូនមើលកន្លែងណាខ្លះថា មិនត្រឹមត្រូវ? មិនដើរតាមគាត់?»។
លោក ហ៊ី សុខជា បានបកស្រាយថា៖ «ខ្ញុំមានទស្សនៈតែមួយ។ ធ្វើនយោបាយឲ្យបានបោះឆ្នោតត្រឹមត្រូវ បើធ្វើនយោបាយមានសង្គ្រាម ខ្ញុំអត់ចូលរួម។ ខ្ញុំតាំងចិត្តខ្លួនឯង ធ្វើនយោបាយ ដើម្បីចូលរួមបោះឆ្នោត»។
អតីតប្រធានយុវជនគណបក្សសង្គ្រោះជាតិខេត្តព្រៃវែងរូបនេះបានបដិសេធមិនផ្តល់ចម្លើយជុំវិញសំណួររបស់ក្រុមប្រឹក្សាជំនុំជម្រះ អំពីប្រភពនៃថវិកាដែលបានចំណាយលើការរៀបចំសិក្ខាសាលានៅប្រទេសម៉ាឡេស៊ី និងនរណាជាអ្នកនៅពីក្រោយការចាត់ចែងសិក្ខាសាលា ឬអ្នកទិញសំបុត្រយន្តហោះធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី។
ក្នុងសំណុំរឿងដែលភ្ជាប់ជាមួយផែនការមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ចៅក្រមរមែងសួរនាំជនជាប់ចោទដែលបានមកបង្ហាញខ្លួនក្នុងក្រចកសេះ អំពីតួនាទីនិងទំនាក់ទំនងរបស់ពួកគេជាមួយថា្នក់ដឹកនាំគណបក្សប្រឆាំងសំខាន់ៗជាច្រើននាក់ រួមមានលោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាងនិងមន្ត្រីជាន់ខ្ពស់របស់បក្សជំទាស់នេះមួយចំនួនទៀត រួមមានលោក អ៊ុំ សំអាន លោក ហូរ វ៉ាន់ និងលោក តុ វ៉ាន់ចាន់ ជាដើម។
ជនជាប់ចោទត្រូវបានសួរបញ្ជាក់ថា ពួកគេមានតួនាទីបែបណា និងតើមានទទួលបញ្ជាអី្វខ្លះពីក្រុមថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ទាំងនោះក្នុងការរៀបចំផែនការមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី។
លោក នៅ វិចិត្រ អតីតសមាជិកក្រុមប្រឹក្សាសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលជាជនចាប់ចោទស្ថិតនៅក្រៅឃុំដែរ បានប្រកែកជាច្រើនដងថា លោកគ្មានបំណងទៅចូលរួមអនុវត្តផែនការធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី នោះទេ។
លោកប្រាប់តុលាការថាលោក សម រង្ស៊ី គឺជាបុគ្គលដែលរងការចោទប្រកាន់ពីតុលាការ ហើយថែមទាំងមានដីកាបង្គាប់ឲ្យចាប់ខ្លួនពីតុលាការទៀត ដូច្នេះលោកមិនអាចធ្វើសកម្មភាព ដែលប្រឆាំងនឹងច្បាប់បានទេ។
លោក វិចិត្រ ប្រាប់តុលាការថា តាំងពីក្រោយរំលាយគណបក្សប្រឆាំងមកលោកមិនសូវយកចិត្តទុកដាក់នឹងរឿងនយោបាយ ព្រោះតែលោកមមាញឹកខ្លាំងនឹងការងារបើករថយន្តតាក់ស៊ីរបស់លោក។
លោក វិចិត្រ ត្រូវបានតំណាងអយ្យការ លោក សេង ហៀង សួរថា៖ «ហេតុអ្វីលោកមិនចូលរួមទទួលលោកសម រង្ស៊ី ថ្ងៃ៩ វិច្ឆិកា?»។
អតីតសមាជិកក្រុមប្រឹក្សារូបនេះប្រតិកម្មថា៖ «ខ្ញុំមិនចូលរួម ដោយសារមូលហេតុការណ៍ដែលគាត់ចូលមកស្ថិតក្នុងភាពខុសច្បាប់»។
លោកបន្ថែមថា៖ «បើចូលរួមទៅមានបញ្ហាចំពោះយើងតើនរណាទទួលខុសត្រូវ?»
ក្រោយការសួរដេញដោលអស់រយៈពេលជាង ២ ម៉ោងនោះ លោកចៅក្រម រស់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសលើកពេលបន្តសវនាការ ទៅថ្ងៃទី២២ ខែកុម្ភៈ ដោយសារអវត្តមានជនជាប់ចោទ ២ រូប គឺលោក ជា ជីវ ដែលជាអតីតប្រធានប្រតិបត្តិខេត្តបាត់ដំបងរបស់គណបក្សសង្រ្គោះជាតិ និងកញ្ញា ណី លក្ខណ៍ ដែលក្រុមប្រឹក្សាជំនុំសង្ស័យថា បានទៅចូលរួមសិក្ខាសាលានៅប្រទេសម៉ាឡេស៊ីជាមួយលោក ហ៊ី សុខជា ផងដែរ។
នៅក្រៅតុលាការរាជធានីភ្នំពេញលោក ហ៊ី សុខជា ដែលបញ្ជាក់ក្រុមប្រឹក្សាជំនុំជម្រះថា លោកបានទៅប្រទេសម៉ាឡេស៊ីតាមរយៈអង្គការមួយ ដែលលោកមិនបញ្ចេញឈ្មោះនោះ ប្រាប់ក្រុមអ្នកសារព័ត៌មានថា ការចង់ទទួលបានចំណេះដឹងថ្មីៗដើម្បីពង្រឹងសមត្ថភាពលោក ក្នុងនាមជាយុវជនបានក្លាយជាអង្គហេតុនៃការចោទប្រកាន់របស់តំណាងអយ្យការ។
«ខ្ញុំយល់ថា គ្រាន់តែមានពេលខ្លះ គ្រាន់តែគិតថាខ្លួនឯង គ្រាន់តែយើងជាយុវជនម្នាក់ ដែលចង់រៀន ចង់សូត្រចេះដឹង ក៏ត្រូវបានព្រះរាជអាជ្ញាគាត់ចោទប្រកាន់ថា យើងហ្នឹងមានរួមគំនិតក្បត់ដែរ»។
លោកបន្ថែមថា សិក្ខាសាលានៅប្រទេសម៉ាឡេស៊ីមិនបានបង្រៀនលោកឲ្យធ្វើបាតុកម្មនោះទេដូច្នេះលោកសង្ឃឹមថា តុលាការនឹងផ្តល់យុត្តិធម៌ជូនរូបលោក ដោយការទម្លាក់បទចោទប្រកាន់។
«ខ្ញុំអត់បានទទួលការបណ្តុះបណ្តាលពីការឲ្យធ្វើបាតុកម្មផង...ហើយក៏សង្ឃឹមថា តុលាការនឹងទម្លាក់ចោលបទចោទប្រកាន់ពីខ្ញុំដែរ ព្រោះដោយសារខ្ញុំអត់បានប្រព្រឹត្តកំហុសបាទ»។
ក្នុងសវនាការពេញមួយព្រឹក ខាងក្រុមមេធាវីការពារក្តីជនជាប់ចោទក៏បានតាំងសំណួរសួរដោះបន្ទុកកូនក្តីរបស់ពួកគេ។ កូនក្តីជាញឹកញាប់ត្រូវបានសួរដាក់បន្ទុកបន្ថែមពីក្រុមប្រឹក្សាជំនុំជម្រះ។ នេះជាការកត់សម្គាល់របស់អ្នកការពារសិទ្ធិមនុស្ស ដែលឃ្លាំមើលសំណុំរឿងនេះ។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា ការសួរដេញដោលទាំងអម្បាលម៉ាន មិនទាន់អាចត្រូវបានសន្មតយកមកធ្វើជាភស្តុតាងដើម្បីធ្វើការកាត់សេចក្តីនោះទេ។
«យើងឃើញថា មេធាវីជនដែលត្រូវចោទហ្នឹង ក៏មានការដោះបន្ទុកច្រើនដែរ អ៊ីចឹងមិនមែនឲ្យថាសកម្មភាពដែលពាក់ព័ន្ធដែលបង្ហាញមកហ្នឹង វាសុទ្ធតែពាក់ព័ន្ធជាមួយនឹងបទល្មើសដែលត្រូវចោទប្រកាន់ទេ។ អ៊ីចឹងទាល់តែវាមានភស្តុតាង ស៊ីចង្វាក់គ្រប់គ្រាន់ អាហ្នឹងបានអាចធ្វើការចោទប្រកាន់បាន»។
សវនាការសំណុំរឿងក្បត់ជាតិខាងលើនេះ ពាក់ព័ន្ធនឹងមនុស្សជាង ១៣០ នាក់ ដែលជាមន្រ្តី សកម្មជន និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ។ ប៉ុន្តែជនជាប់ចោទមួយចំនួនដែលជាថ្នាក់ដឹកនាំ និងមន្ត្រីកំពូលៗរបស់គណបក្សជំទាស់ មិនស្ថិតនៅក្នុងប្រទេសនោះទេ។ សំណុំរឿងនេះត្រូវក្រុមអ្នកសង្កេតការណ៍មើលឃើញថាជារឿងនយោបាយ ដែលការតទល់រកយុត្តិធម៌ក្នុងតុលាការស្ថិតនៅជាក្តីមន្ទិល៕