ក្រុមចៅក្រមនៅតុលាការរាជធានីភ្នំពេញបានភ្ជាប់ការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុករបស់អតីតមន្ត្រីនិងសកម្មជនបក្សសង្គ្រោះជាតិចំនួនពីររូប ទៅនឹងការ «បំផុសបំផុល» ពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ ឱ្យ «ចាប់ខ្លួន» លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបះបោររំលំរដ្ឋាភិបាលក្រុងភ្នំពេញទៅតាមការឃោសនារបស់អតីតមេបក្សប្រឆាំងលោក សម រង្ស៊ី។
នេះជាសវនាការវគ្គទីបីហើយលើសំណុំរឿង ៦០០៥ ទាក់ទិនដំណើររឿង «រួមគំនិតក្បត់» «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និង«ញុះញង់កុំឱ្យយោធិនស្ដាប់បង្គាប់» មានជនជាប់ចោទសរុប ៦០ នាក់ តែភាគច្រើនអវត្តមានដោយកំពុងស្ថិតនៅក្រៅប្រទេស។
ក្នុងអង្គសវនាការកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ក្រុមប្រឹក្សាជំនុំជម្រះបានជម្នះចោទសួរជនជាប់ចោទពីរនាក់ ជាអតីតសមាជិកនិងសកម្មជនបក្សសង្គ្រោះជាតិ ក្នុងចំណោមជនជាប់ចោទតែ ៤ នាក់ប៉ុណ្ណោះ ដែលបានបង្ហាញខ្លួន។
សំណួរទាំងនោះរួមមានអ្វីទៅជាការ «រំដោះ» ចេញពីរបប «ផ្តាច់ការ» និងអំពីថា តើពួកគេមានទំនាក់ទំនងនិងទទួលបញ្ជាអ្វីខ្លះពីថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយក្នុងការអនុវត្តផែនការមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ដែលមិនបានសម្រេចកាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៩។
ពាក្យពេចន៍មួយចំនួនដូចជាការ «តស៊ូ» «លះបង់» និង «លទ្ធិប្រជាធិបតេយ្យ» ក៏ស្ថិតនៅក្នុងចង្កោមនៃសំណួរប្រទាក់ក្រឡារបស់ក្រុមប្រឹក្សាជំនុំជម្រះនិងអយ្យការ ដែលយូរៗម្តងខិតខំពន្យល់កង្វះនៃភស្តុតាងរឹងមាំ ឬការមិនចូលរួមនីតិវិធីតុលាការ ស្វែងរកការណ៍ពិតនិងយុត្តិធម៌ ប្រសិនបើចុងចម្លើយឬជនជាប់ចោទ បដិសេធមិនផ្តល់ចម្លើយ។
លោក ហេង ចាន់សុធី ជាអតីតសមាជិកក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ ព្យាយាមពន្យល់តុលាការជាច្រើនដងថា អ្វីដែលលោកបានលើកឡើងក្នុងគណនីហ្វេសប៊ុករបស់លោក ទាក់ទិនការអធិប្បាយរបស់លោក ពាក់ព័ន្ធនឹងការក្រោកចេញរបបផ្តាច់ការនោះ គ្រាន់តែជាការបញ្ចេញមតិ។
ក៏ប៉ុន្តែ ប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក រស់ ពិសិដ្ឋ និងលោក សេង ហៀង ជាតំណាងអយ្យការបានតាំងសំណួរសួរលោកឱ្យផ្ដល់និយមន័យទៅលើពាក្យថា «របបផ្ដាច់ការ» និង «ការរំដោះប្រទេសពីរបបផ្ដាច់ការ» ថាជាការ «បញ្ចេញមតិ» ឬ« អំពាវនាវ»។
លោក សុធី ឆ្លើយភ្លាមថា «បញ្ចេញមតិ»។
លោក សេង ហៀង ព្យាយាមពន្យល់លោក ហេង ចាន់សុធី ថាបើប្រើពាក្យ «រំដោះ» នេះមានន័យស្មើនឹងការធ្វើ «រដ្ឋប្រហារ» មិនមែនសំដៅលើការបោះឆ្នោតទេ។
លោក សុធី ក៏បញ្ជាក់ទៅវិញថា៖ «ដូចខ្ញុំនិយាយទៅតាមឆន្ទៈរាស្ត្រ»។
យ៉ាងណាក៏ដោយ មុនពេលក្រុមប្រឹក្សាជំនុំជម្រះអនុញ្ញាតឲ្យលោក ហេង ចាន់សុធី បានសម្រាកនោះលោកចៅក្រម អ៊ឹម វណ្ណៈបានតាំងសំណួរបន្តទៅលោកសុធីថា៖ «ការផ្តួលរំលំខុសពីការបោះឆ្នោតជារដ្ឋប្រហារ។ បងថា មិនមែនរដ្ឋប្រហារតែជាការបោះឆ្នោត។ តើផ្តួលរំលំដោយរបៀបណា?»។
លោក ហេង ចាន់សុធី ថា៖ «អត់យល់»។
តមកលោក អ៊ឹម វណ្ណៈ ចោទសួរថា៖ «សម រង្ស៊ី ថា មកចាប់ខ្លួនហ៊ុន សែន»។
លោក ហេង ចាន់សុធី បានត្រឹមបកស្រាយថាលោកបានឮដំណឹងនេះតាមការផ្សាយរបស់វិទ្យុអាស៊ីសេរីតែប៉ុណ្ណោះ។
អតីតមន្ត្រីថ្នាក់មូលដ្ឋានរូបនេះ ក៏ប្រាប់តុលាការថា ការរស់នៅក្នុងពន្ធនាគារធ្វើឲ្យប៉ះពាល់ដល់ការចងចាំរបស់លោក។
ក្រោយបិទការសួរដេញដោលលោក ហេង ចន្ទសុធី លោកចៅក្រម អ៊ឹម វណ្ណៈ មិនរំលងរឿង «ចាប់ខ្លួន» លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលជនជាប់ម្នាក់ទៀតចូលខ្លួនមកបំភ្លឺ នៅមុខក្រុមប្រឹក្សាជំនុំជម្រះគឺលោក ព្រំ រ័ត្ន អតីតអនុប្រធានចលនាយុវជនសង្គ្រោះជាតិ នៅប្រទេសកូរ៉េខាងត្បូង។
លោក អ៊ឹម វណ្ណៈ តាំងជាសំណួរថា៖ «ពេលដែលគាត់ដាក់ផែនការគាត់បញ្ចុះបញ្ចូលឲ្យពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ កុំស្តាប់រដ្ឋាភិបាលបះបោរឲ្យមកទទួលគាត់ផ្តួលរំលំរដ្ឋាភិបាល និងមកចាប់ខ្លួននាយករដ្ឋមន្ត្រីហ៊ុន សែន។ មានបានដឹងទេ?»។
លោក ព្រំ រ័ត្ន លើកឡើងថា៖ «បានដឹងតែមិនបានប្រព្រឹត្តទេ។ ខ្ញុំមិនបានធ្វើសកម្មភាពទេ។ ខ្ញុំនៅស្ងប់ស្ងាត់ធម្មតា»។
លោក ព្រំ រ័ត្ន ក៏បានរងសំណួរជាបន្តបន្ទាប់អំពីទំនាក់ទំនងលោកជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ការងាររបស់លោកក្នុងនាមជាអនុប្រធានចលនាយុវជន នៅប្រទេសកូរ៉ និងការចាកចេញរបស់លោកពីប្រទេសកូរ៉េមកប្រទេសកម្ពុជា កាលពីខែសីហា ឆ្នាំ ២០១៩។
លោក អ៊ឹម វណ្ណៈ ប្រឹងយកចម្លើយពីលោក ព្រំ រ័ត្ន ការសរសេររបស់លោកលើហ្វេសប៊ុក ពាក់ព័ន្ធនឹងការទៅចូលរួមដំណើរនិវត្តន៍របស់លោក សម រង្ស៊ី និងការណ៍ដែលលោកស្នើឲ្យសមាជិកគណបក្សកាន់អំណាចចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ដើម្បី «កម្ចាត់» លោក ហ៊ុន សែន និងពាក្យថា «ការតស៊ូ» និង «ការលះបង់» ដែលលោក ព្រំ រ័ត្ន បានប្រើអំឡុងពេលឆ្នាំ ២០១៩។
លោក ព្រំ រ័ត្ន បានបដិសេធជាច្រើនមិនផ្តល់ចម្លើយហើយថា លោកគ្មានចេតនាបះបោរ និងប្រើប្រាស់ហិង្សា ដើម្បីសម្រេចគោលដៅនយោបាយរបស់លោកទេ។
ក្រោយការសួរដេញដោលជាងពីរម៉ោង តុលាការសម្រេចលើកសវនាការទៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១។
សវនាការដែលប្រើពេលខ្លីនៅថ្ងៃព្រហស្បតិ៍នេះ គឺដោយសារជនជាប់ចោទមួយរូបក្នុងចំណោមជនជាប់ចោទបួនរូប ដែលមានវត្តមានក្នុងសាលសវនាការ បដិសេធមិនឆ្លើយរាល់សំណួរបស់ចៅក្រម។
លោក ជា យ៉ាម៉ន អតីតចៅសង្កាត់បឹងទំពន់ទី២ ប្រាប់តុលាការថា លោកមានមេធាវីជាតំណាងសិទ្ធិការពារខ្លួនលោក ដូច្នេះលោកសុំមិនឆ្លើយរាល់សំណួរទាំងអស់។
នៅក្រៅតុលាការរាជធានីភ្នំពេញលោក ជា យ៉ាម៉ន បានប្រាប់ក្រុមអ្នកកាសែតថា លោកមិនបានរួមគំនិតប្រព្រឹត្តអំពើក្បត់ជាតិដូចការចោទប្រកាន់ទេ។
នៅក្រៅតុលាការរាជធានីភ្នំពេញលោក ជា យ៉ាម៉ន បានប្រាប់ក្រុមអ្នកកាសែតថា លោកមិនព្រមឆ្លើយសំណួររបស់តុលាការ គឺដោយហេតុថាការចោទប្រកាន់ពីបទឧក្រិដ្ឋថា លោកប្រព្រឹត្តអំពើក្បត់ជាតិនោះ គឺជារឿងនយោបាយ។
«ហើយមែនទែនទៅឯកសារដែលចោទខ្ញុំ គឺខ្ញុំអត់មានឯកសារនៅក្នុងដៃ ដូច្នេះហើយ ខ្ញុំអត់មានអីជាឯកសារ ដើម្បីខ្ញុំឆ្លើយទៅសំណួរនោះទេ។ ទីពីរ ខ្ញុំអត់មានជំនឿថា រាល់ការឆ្លើយរបស់ខ្ញុំនឹងទទួលបានលទ្ធផលល្អសម្រាប់ខ្ញុំ ទទួលបានយុត្តិធម៌នៅក្នុងពេលបច្ចុប្បន្ននេះទេ ដោយសារការប្តឹងចោទប្រកាន់ខ្ញុំពីទោសក្បត់ជាតិនេះ គឺជារឿងនយោបាយសុទ្ធសាធ»។
សម្រាប់លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ប្រាប់ក្រុមអ្នកកាសែតថា ការយកសកម្មភាពបញ្ចេញមតិរបស់ពលរដ្ឋ មកធ្វើជាដើមចមចាប់ចង ចោទប្រកាន់ថា បានប្រព្រឹត្ត ទង្វើ «ក្បត់ជាតិ» នោះមិនអាចបញ្ចប់ការធ្វើទុក្ខបុកម្នេញលើពលរដ្ឋ ឬសកម្មជនដែលមាននិន្នាការនយោបាយផ្ទុយពីរដ្ឋាភិបាលនោះទេ។
«តើក្បត់ហ្នឹងក្បត់យ៉ាងម៉េច? ព្រោះខ្ញុំតែងតែយល់ថា ពេលដែលយើងនិយាយដល់ពាក្យក្បត់ជាតិនេះគឺនៅពេលណា ដែលពលរដ្ឋគាត់បង្កនូវបញ្ហាណាមួយដែលធ្វើឲ្យបាត់បង់ផលប្រយោជន៍ជាតិ... ឧទាហរណ៍ថា យើងទម្លាយព័ត៌មានទៅឲ្យបរទេសឲ្យគេមកធ្វើសង្គ្រាមជាមួយប្រទេសយើងឬក៏បាត់បង់នូវបូរណភាពទឹកដីអីជាដើម»។
ដោយឡែកលោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក យល់ថា សំណុំរឿងដែលមានជាប់ហេតុផលនឹងរឿងនយោបាយ នឹងមិនអាចបញ្ចប់បានឆាប់ៗនោះទេ ប្រសិនបើគ្មានដំណោះស្រាយខាងនយោបាយនោះ។
តែ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃព្រហស្បតិ៍នេះ បានការពារចំណាត់ការនីតិវិធីដែលដំណើរការដោយអង្គចៅក្រមនៅសាលាដំបូង ទៅលើក្រុមអតីតមន្ត្រីនិងសកម្មជនបក្សជំទាស់ ហើយថាចេតនានៃការប៉ុនប៉ងវិលត្រឡប់របស់ លោក សម រង្ស៊ី គឺមានគោលដៅ «ចាប់ខ្លួននាយករដ្ឋមន្រ្តីក្នុងមុខតំណែង» និង «ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា»៕