សកម្មជនហុងកុងបីនាក់ រួមមានមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយ លោក Jimmy Lai បានបដិសេធមិនទទួលកំហុសនៅថ្ងៃចន្ទដូចការចោទប្រកាន់ទាក់ទងនឹងពិធីអុចទៀនរំឭកការបង្ក្រាបនៅទីលាន Tiananmen ដែលត្រូវបានហាមឃាត់កាលពីឆ្នាំមុន។ នេះ បើតាមទីភ្នាក់ងារសារព័ត៌មាន AFP។
អ្នកទាំងបី គឺមានលោក Jimmy Lai អ្នកស្រី Chow Hang-tung និងអ្នកស្រី Gwyneth Ho នឹងក្លាយជាចុងចោទក្នុងការកាត់ក្តីពេញលេញក្នុងចំណោមអ្នកនយោបាយ និងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យជាង២០នាក់ដែលត្រូវបានចោទប្រកាន់ពីបទធ្វើពីធីរំឭកប្រចាំឆ្នាំ អំពីការបង្ក្រាបនៅទីលាន Tiananmen។ ចុងចោទផ្សេងទៀតទាំងអស់បានទទួលកំហុសតាមការចោទប្រកាន់រួមទាំងញុះញង់ និងចូលរួមក្នុងការជួបជុំខុសច្បាប់។
អ្នកស្រី Chow បានប្រាប់តុលាការថា៖ «ខ្ញុំយល់រាល់ពាក្យដែលអ្នកនិយាយ ប៉ុន្តែខ្ញុំមិនយល់ពីមូលហេតុដែលវាជាបទឧក្រិដ្ឋនោះទេ។ ការកាន់ទុក្ខមិនមែនជាបទឧក្រិដ្ឋទេ។ ខ្ញុំគ្មានទោសទេ»។
អស់រយៈពេលបីទសវត្សរ៍ មានការអុចទៀនប្រចាំឆ្នាំនៅហុងកុងដើម្បីរំឭកដល់ជនរងគ្រោះនៃការបង្ក្រាបលើការទាមទារលទ្ធិប្រជាធិបតេយ្យនិងការប្រឆាំងអំពើពុករលួយកាលថ្ងៃទី ៤ ខែមិថុនាឆ្នាំ ១៩៨៩ នៅទីលាន Tiananmen ទីក្រុងប៉េកាំង។ រៀងរាល់ឆ្នាំមនុស្សរាប់ម៉ឺននាក់ប្រមូលផ្តុំគ្នានៅសួន Victoria Park ក្នុងទីក្រុងហុងកុង ដើម្បីអុចភ្លើងទៀនដោយមានពាក្យស្លោកគាំទ្រលទ្ធិប្រជាធិបតេយ្យ និងបញ្ចប់ការគ្រប់គ្រងដោយបក្សតែមួយនៅក្នុងប្រទេសចិន។ ការប្រមូលផ្តុំប្រចាំឆ្នាំនេះបានក្លាយជានិមិត្តសញ្ញានៃសេរីភាពនយោបាយនៅទីក្រុងនេះដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មពាក់កណ្តាលស្វយ័ត។
ប៉ុន្តែក្នុងអំឡុងពេល២ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលក្រុងប៉េកាំង បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនលែងអត់ឱនចំពោះពិធីរំឭកខួប Tiananmen នៅហុងកុង ឬម៉ាកាវទៀតហើយ។ ពិធីរំឭកពីរលើកចុងក្រោយដល់ទីលាន Tiananmen ត្រូវបានហាមឃាត់ ដោយអាជ្ញាធរបានលើកពីការរាតត្បាតនៃរីរុសកូរ៉ូណា និងការបារម្ភផ្នែកសន្តិសុខ។
ចុងចោទប្រាំនាក់ផ្សេងទៀតដែលត្រូវបាននាំទៅតុលាការនៅថ្ងៃចន្ទដែរនោះ បានទទួលទោសពីបទ «ញុះញង់ រៀបចំ និងចូលរួមក្នុងការជួបជុំគ្មានការអនុញ្ញាត»។ កាលពីមុន អ្នកនយោបាយ និងសកម្មជនចំនួន ១៦ នាក់ រួមទាំងអ្នកធ្វើយុទ្ធនាការដ៏លេចធ្លោឈ្មោះ Joshua Wong ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពី ៦ ទៅ ១០ ខែ ដោយសារពួកគេពាក់ព័ន្ធពិធីនេះ ដោយអ្នកខ្លះត្រូវបានព្យួរទោស។
ចំពោះអ្នករិះគន់ សំណុំរឿងរបស់តុលាការ និងការលុបចោលពិធីអុចទៀនរំឭកអំពីការបង្ក្រាបនៅទីលាន Tiananmen ឆ្លុះបញ្ចាំងពីទិដ្ឋភាពនយោបាយតាមផ្លូវច្បាប់នៅហុងកុងដែលកំពុងកែទម្រង់យ៉ាងជ្រាលជ្រៅតាមរូបភាពផ្តាច់ការរបស់ប្រទេសចិន៕