ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រឆាំង​តវ៉ា​ដ៏​ធំ​បំផុត​​នៅ​ក្រុង​ហុងកុង​ប្រកាស​រំសាយ​ខ្លួន


រូបឯកសារ៖ ក្រុម​បាតុករ​ហុងកុង​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​​ក្នុង​ទីក្រុង​ហុងកុង កាល​ពី​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ ក្រុម​បាតុករ​ហុងកុង​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​​ក្នុង​ទីក្រុង​ហុងកុង កាល​ពី​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។

អង្គការ​ប្រឆាំង​តវ៉ា​ដ៏សំខាន់​បំផុត​មួយដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុងទី​ក្រុង​ហុងកុងបាន​ប្រកាស​ថា ​ ខ្លួន​នឹង​បិទអង្គការ​ជា​បន្ទាន់។​

អង្គការ​រណសិរ្ស​សិទ្ធិ​មនុស្ស​ជន​ស៊ីវិល​ ឬ ​CHRF​ ធ្លាប់​បានទទួល​ខុស​ត្រូវ​រៀប​ចំ​បាតុកម្មតាម​ដង​ផ្លូវ​ក្នុងប្រវត្តិ​សាស្ត្រ​របស់​ទីក្រុង​ហុងកុង​ ជា​ពិសេសក្នុង​អំឡុងការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាលហុងកុង​ក្នុង​ឆ្នាំ​២០១៩។​ ​

បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំងបាន​ដាក់​ឲ្យ​ប្រើច្បាប់​សន្តិសុខ​ជាតិ​នៅ​ក្រុង​ហុងកុង​កាល​ពី​ខែ​មិថុនា​ឆ្នាំ​ទៅ​មក ​ រដ្ឋាភិបាល​ក្រុង​ហុងកុង​បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​នូវ​ពាក្យ​ស្នើ​សុំ​របស់​អង្គការ​នេះ​ ក្នុង​ការ​រៀប​ចំការ​ជួប​ជុំ​គ្នា​ ដោយយកការ​រាតត្បាត​វីរុស​កូរ៉ូណា​ជា​ហេតុផល។​ ​

ដំណឹង​ចរចាម​អារ៉ាមដែល​ថា អង្គការនេះនឹង​រំលាយ​ខ្លួន​នោះ​ត្រូវ​បាន​ចុះ​ផ្សាយតាម​ប្រព័ន្ធ​ព័ត៌មាន​ក្នុង​ស្រុក​ជា​ច្រើនថ្ងៃ​មក​ហើយ​ ​ប៉ុន្តែ​ទើបតែ​មាន​ការ​បញ្ជាក់​នៅ​ថ្ងៃអាទិត្យ។ ​សារ​បង្ហោះនៅ​លើទំព័រ​ហ្វេសប៊ុក​របស់អង្គការ​នេះ​បានលើក​ឡើង​ថា​ ​សមាជិក​របស់ក្រុម​នេះរង​ការ​គាប​សង្កត់​ ហើយសង្គម​ស៊ីវិលបានជួប​ការ​«ប្រឈម​ដ៏​ខ្លាំង​ក្លា»។​ ​

សារ​បង្ហោះ​របស់​ក្រុម​នេះ​ក៏​បាន​បន្ថែម​ថា​ ការរំលាយ​ខ្លួន​របស់​ក្រុមនេះ​ត្រូវ​បាន​ធ្វើ​ឡើងតាម​រយៈការ​សម្រេច​ចិត្ត​ជា​ឯកច្ឆន្ទ​ ហើយ​ពួក​គេ​ក៏​បាន​អរគុណ​អ្នក​គាំទ្រ​ផង​ដែរ។​

ច្បាប់​សន្តិសុខ​ជាតិ​ត្រូវ​បាន​ប្រើជា​ឧបករណ៍​បង្ក្រាបផ្នែក​នយោបាយនៅ​ក្នុង​ទី​ក្រុងហុងកុង​ ដែលមន្ត្រី​នយោបាយ​ជា​ច្រើន​នាក់​ត្រូវ​បាន​ចាប់​ និង​ដាក់​ពន្ធនាគារ។ ច្បាប់​នេះ​ ដែល​គេ​ថា​ ​ប្រើ​ដើម្បី​ធ្វើ​ឱ្យទី​ក្រុង​ហុងកុងមាន​ស្ថិរភាពឡើងវិញ​បន្ទាប់​ពី​មាន​បាតុកម្ម​តវ៉ា​កាល​ពី​ឆ្នាំ​២០១៩​នោះ ​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ថា ​ បាន​គំរាម​កំហែង​សេរីភាពសារព័ត៌មាន​ដ៏​រស់​រវើក​នៅ​ទីក្រុង​ហុងកុង​កាលពី​មុខ។​ ក្រោម​ច្បាប់​សន្តិសុខ​ជាតិថ្មី​នេះ​ ​វិទ្ធង្សនា ​និងការ​ឃុបឃិត​ជា​មួយ​ជន​បរទេស​ត្រូវ​បាន​ហាម​ប្រាម៕​

XS
SM
MD
LG