សកម្មជនឯករាជ្យលេចធ្លោម្នាក់ក្នុងទីក្រុងហុងកុងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ៦ឆ្នាំក្រោមបទចោទពាក់ព័ន្ធនឹងការតវ៉ាហិង្សានៅតាមផ្លូវកាលពីឆ្នាំ២០១៦។
លោក Edward Leung ដែលត្រូវបានកាត់ទោសក្រោមបទចោទធ្វើកុបកម្មនេះ បានជាប់ឃុំឃាំងរួចទៅហើយក្រោមបទចោទដាច់ដោយឡែកមួយទៀត ដែលបានចោទថាលោកបានវាយប្រហារទៅលើប៉ូលិសនៅអំឡុងពេលធ្វើកុបកម្មកាលពីខែកុម្ភៈ ឆ្នាំ២០១៦ក្នុងសង្កាត់ម៉ុងកុ ដែលជាតំបន់ពាណិជ្ជកម្មដ៏មមាញឹកមួយក្នុង ទីក្រុងហុងកុង។ ក្រុមបាតុករបានចោលដុំថ្មលើក្រុមមន្ត្រីប៉ូលិស និងបានដុតកំប៉ុងដើម្បីតវ៉ាប្រឆាំងនឹងការរឹតបណ្តឹងរបស់ចិនទៅលើស្វ័យភាពរបស់ទីក្រុងហុងកុង។
ជនជាប់ចោទពីរនាក់ទៀតដែលចូលរួមធ្វើកុបកម្មជាមួយលោក Leung ក៏ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារពី៣ឆ្នាំកន្លះទៅ៧ឆ្នាំផងដែរ ក្រោមបទចោទពាក់ព័ន្ធនឹងកុបកម្មក្នុងសង្កាត់ម៉ុងកុនេះ។
លោក Leung វ័យ២៧ឆ្នាំរូបនេះបានក្លាយជាមេដឹកនាំចលនាឯករាជ្យដឹកនាំដោយក្រុមយុវជនក្នុងទីក្រុងហុងកុង បន្ទាប់ពីការធ្វើបដិវត្តន៍ក្រោមឆ័ត្រដ៏ធំមួយគាំទ្រលទ្ធិប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤ទាមទារឲ្យមានការបោះឆ្នោតដោយសេរី។ លោក Leung បានឈរឈ្មោះបោះឆ្នោតក្នុងសភាកាលពីឆ្នាំ២០១៦ ប៉ុន្តែក្រោយមកត្រូវបានអាជ្ញាធរហាមឃាត់មិនឲ្យលោកចូលធ្វើការក្នុងការិយាល័យ។
ប្រទេសចិនបានគ្រប់គ្រងទីក្រុងហុងកុងឡើងវិញពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៩៧។ ហុងកុងត្រូវបានបង្កើតឡើងជាប្រទេសមួយមានប្រព័ន្ធគ្រប់គ្រងពីរ ដែលផ្តល់សេរីភាពគ្រប់គ្រាន់ដល់ទីក្រុងនេះ ប៉ុន្តែរដ្ឋាភិបាលក្រុងប៉េងកាំងនាពេលថ្មីៗនេះបានរឹតបណ្តឹងលើស្វ័យភាពរបស់ទីក្រុងនេះ ដែលការណ៍នេះបានបង្កឲ្យមានចលនាឯករាជ្យគាំទ្រលិទ្ធប្រជាធិបតេយ្យដឹកនាំដោយក្រុមនិសិត្សធ្វើការតវ៉ាប្រឆាំងនឹងការរឹតបណ្តឹងនេះ៕