អង្គការផ្តោតលើវិស័យអាជីវកម្ម ដែលបង្កើតឡើងដោយពលរដ្ឋក្រុងហុងកុង ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសបានបង្កើតកម្មវិធីថ្មីមួយ ដើម្បីផ្តួចផ្តើមជួយដល់ពលរដ្ឋហុងកុង ដែលទើបមករស់នៅថ្មីៗនិងចង់ប្រកបរបរជំនួញនៅលើទឹកដីចក្រភពអង់គ្លេស។
អង្គការ Hong Kong Business Hub ដែលជាអ្នករៀបចំកម្មវិធីផ្តួចផ្តើមថ្មីនេះ បានដាក់ឱ្យអនុវត្តនូវដំណើរការកម្មវិធីនេះក្នុងទីក្រុងឡុងដ៍កាលពីថ្ងៃទី៨ ខែសីហាកន្លងទៅ។ អ្នកដាក់ពាក្យសុំម្នាក់ៗដែលទទួលបានបានការយល់ព្រម នឹងទទួលបានទុនវិនិយោគយ៉ាងតិចណាស់ក៏ចំនួន ៦៤.០០០ដុល្លារអាមេរិកដែរ ដោយទុនវិនិយោគសរុបទាំងអស់របស់កម្មវិធីនេះ មានចំនួនជាង ៦៣៥.០០០ដុល្លារអាមេរិក។
អ្នកស្រី Puifung Leung សហស្ថាបនិកនិងប្រធានអង្គការ Hong Kong Business Hub បាននិយាយថា ពលរដ្ឋកោះហុងកុងមួយចំនួន ដែលបានផ្លាស់មករស់នៅចក្រភពអង់គ្លេស មានចំណាប់អារម្មណ៍លើផ្នែកសហគ្រិនភាព ប៉ុន្តែពួកគេប្រហែលមិនទាន់ស្គាល់ច្បាស់ពីបរិយាកាសជំនួញនៅក្នុងប្រទេសនេះនៅឡើយទេ។ សមាជិកអង្គការ Hong Kong Business Hub និងអ្នកចូលរួមក្នុងកម្មវិធីនេះមួយចំនួន បានរត់ភៀសខ្លួនពីកោះហុងកុងមកកាន់ចក្រភពអង់គ្លេសក្រោយឆ្នាំ ២០១៩ នៅពេលដែលប្រទសចិនចាប់ផ្តើមបង្ក្រាបទៅលើចលនាគាំទ្រលទិ្ធប្រជាធិបតេយ្យនៅក្នុងកោះនេះ ដែលធ្លាប់ស្ថិតនៅក្រោមអាណានិគមរបស់ប្រទេសអង់គ្លេសក្នុងពេលកន្លងទៅ។
អ្នកស្រីថ្លែងដូចនេះថា៖ «ពួកគេអាចមានគំនិតល្អៗច្រើន ប៉ុន្តែអាចមិនមានថវិកា បទពិសោធន៍ ធនធាន ឬចំណេះដឹង ដើម្បីសម្រេចការនោះបាន។ អង្គការ Hong Kong Business Hub សង្ឃឹមថានឹងជួយពួកគេតាមរយៈកម្មវិធីបណ្តុះបណ្តាលសម្រាប់ការចាប់ផ្តើមអាជីវកម្មថ្មី។ ពួកគេអាចទទួលបានថវិកា និងបង្ហាញផលិតផលនិងសេវាកម្មដោយផ្ទាល់ទៅកាន់អ្នកវិនិយោគ ដើម្បីពន្យល់ពីហេតុផលដែលពួកគេត្រូវការនូវជំនួយថវិកាផ្គត់ផ្គង់នោះ»។
អ្នកស្រី Leung លើកឡើងថា អង្គការ Hong Kong Business Hub មិនបង្ហាញអត្តសញ្ញាណអ្នកវិនិយោគ ដែលមានបំណងចង់ជួយសហគ្រិនហុងកុងនៅពីក្រោយឆាកនោះទេ។
កម្មវិធីនេះត្រូវបានគាំទ្រដោយសហព័ន្ធអាជីវកម្មធុនតូច និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មក្រុងឡុងដ៍។ នេះបើយោងតាមអង្គការ Hong Kong Business Hub។
ដោយត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០២១ អង្គការ Hong Kong Business Hub មានគោលដៅគាំទ្រនិងលើកកម្ពស់ ដោយផ្សារភ្ជាប់សហគ្រិននិងក្រុមហ៊ុននានានៅទីក្រុងហុងកុង ដែលកំពុងពង្រីកខ្លួននៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា