ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីក្រុង​ហុងកុង​ដាក់​បម្រាម​អ្នក​ធ្វើ​ដំណើរ​មក​ពី​ចក្រភព​អង់គ្លេស​ដើម្បី​ទប់​ទល់​ជំងឺ​កូវីដ១៩


រូបឯកសារ៖ ទិដ្ឋភាព​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្នុង​ទីក្រុង​ហុងកុង ក្រោយ​ពី​មាន​ការ​ផ្ទុះ​ឆ្លងរាតត្បាត​ជំងឺ​កូវីដ១៩ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ ទិដ្ឋភាព​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្នុង​ទីក្រុង​ហុងកុង ក្រោយ​ពី​មាន​ការ​ផ្ទុះ​ឆ្លងរាតត្បាត​ជំងឺ​កូវីដ១៩ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។

រដ្ឋាភិបាល​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ទីក្រុង​ហុងកុង​នឹង​បិទ​ជើង​ហោះហើរអ្នក​ដំណើរ​ទាំង​អស់​មក​ពី​ប្រទេស​អង់គ្លេសចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​តទៅ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ប្រភេទ​ថ្មី​ដែលតា (Delta)។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​ព័ត៌មាន Reuters។

ចក្រភព​អង់គ្លេស​នឹង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ប្រទេស​ដែល​មាន​ហានិភ័យ​ខ្ពស់​បំផុត​ ក្នុង​ការ​ឆ្លង​រាតត្បាត​នៃ​វីរុស​កូរ៉ូណា​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​ដែលតា ហើយ​អ្នក​ដំណើរតាម​ជើងយន្តហោះ​ទាំង​អស់ដែល​បានសំចត​ក្នុង​ប្រទេស​អង់គ្លេសលើស​ពី​២ម៉ោង​ឡើង​ទៅ​ នឹង​មិន​អាច​ធ្វើ​ដំណើរ​ចាក​ចេញ​មក​កាន់ទី​ក្រុង​ហុងកុង​នោះ​ឡើយ។ នេះ​បើតាម​ការបញ្ជាក់របស់រដ្ឋាភិបាល​ក្រុង​ហុងកុង។ នេះ​ជា​លើក​ទី២​ហើយ​ដែល​ក្រុង​ហុងកុង​ បាន​ហាម​ប្រាម​ការ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​អង់គ្លេស​ដែល​ការ​ហាមប្រាម​លើក​ទី​១​ត្រូវ​បាន​ធ្វើ​ឡើងកាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០២០ដល់​ខែ​ឧសភា​ ឆ្នាំ​២០២១។

រដ្ឋាភិបាល​ក្រុង​ហុងកុង​បញ្ជាក់​ថា ការ​ហាមប្រាម​នេះ​ ត្រូវ​បានធ្វើ​ឡើង​ដោយ​សារ​តែការកើនឡើងនៃ​ស្ថានភាពឆ្លង​រាតត្បាត​ជា​ថ្មី​ម្តង​ទៀត​នៅ​ចក្រភព​អង់គ្លេស​និង​ការ​ឆ្លងរាលដាល​នៃ​មេរោគ​បំប្លែង​ថ្មី​ប្រភេទ​ដែលតា ក៏​ដូច​ជា​ការ​រក​ឃើញ​នា​ពេល​ថ្មីៗ​នេះនូវ​ប្រភេទ​វីរុស​កូរ៉ូណា​ប្រភេទ L452R មួយ​ចំនួន​ដែល​ត្រូវ​បាន​រក​ឃើញ​លើ​អ្នក​ដំណើរ​មក​ពី​ចក្រភព​អង់គ្លេសនោះ។

មាតា​បិតា​ក្នុង​ទីក្រុង​ហុងកុងដែល​មាន​កូនកំពុង​ស្ថិត​ក្នុង​ប្រទេស​អង់គ្លេស មាន​ប្រតិកម្ម​ទៅ​នឹង​ការ​ដាក់​បម្រាម​នោះ។ ពួក​គេ​លើក​ឡើង​ថា គេ​បាន​ចំណាយលុយ​ជា​ច្រើន​ ​ក្នុង​ការ​អនុវត្ត​ឲ្យ​ស្រប​ទៅ​តាម​គោលការណ៍ធ្វើ​តេស្ត​រក​ជំងឺកូវីដ​១៩​នោះ​ ប៉ុន្តែ​ពេល​នេះ​ កូនៗ​របស់​គេ​បែរ​ជា​ត្រូវ​ជាប់​គាំង​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ទៅ​វិញ។​

ទីក្រុង​ហុងកុង​នា​ពេល​នេះ​ក៏​កំពុងអនុវត្ត​នូវបម្រាមដែល​ខ្លួន​បាន​ដាក់​ក្នុង​ពេល​កន្លង​មកជាមួយ​អ្នក​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌូណេស៊ី ឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន និង​ប្រទេស​ហ្វីលីពីន​ផង​ដែរ៕

XS
SM
MD
LG