ពួកជនសកម្មប្រយុទ្ធលីបង់ Hezbollah បាននិយាយអះអាងថា ពួកឥស្លាមជ្រុលនិយមជាអ្នកទទួលខុសត្រូវដល់ការបាញ់ផ្តក់ដែលបានបណ្តាលឱ្យលោក Mustafa Badreddine មេបញ្ជាការយោធាជាន់ខ្ពស់របស់ពួកគេស្លាប់នៅជិតចំណតយន្តហោះក្រុងដាម៉ាស់កាលពីថ្ងៃសុក្រ។
ពួក Hezbollah បានប្រកាសអំពីមរណភាពរបស់លោក Badreddine កាលពីថ្ងៃសុក្រនៅមុនពេលរៀបចំពិធីបុណ្យសពយោធាមួយជូនមេបញ្ជាការរូបនេះ នៅពេលបន្ទាប់មកទៀតនៅថ្ងៃដដែលនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានត្រូវចេញផ្សាយកាលពីថ្ងៃសៅរ៍ ពួក Hezbollah បាននិយាយថា ពួកគេបានបើកធ្វើការស៊ើបអង្កេតមួយហើយបានរកឃើញថា«ការផ្ទុះដែលបានបណ្តាលឱ្យមានទុក្ករភាពរបស់លោកមេបញ្ជាការ Mustafa Badreddine ជាលទ្ធផលនៃការបាញ់ផ្តក់ដោយកាំភ្លើងធំដោយពួក Sunni ជ្រុលនិយមនៅក្នុងតំបន់នោះ»។
ក្រុមយុទ្ធជន Hezbollah បានសែងក្តារម្ឈូសលោក Badreddine តាមផ្លូវនានានៅក្នុងផ្នែកខាងត្បូងនៃក្រុងបេរូត កាលពីថ្ងៃសុក្រនៅក្នុងក្បួនដង្ហែសពមួយ។
លោក Badreddine ដែលមានអាយុ៥៥ឆ្នាំបានដឹកនាំការទាក់ទិនរបស់ពួក Shi'ite នេះនៅក្នុងសង្គ្រាមស៊ីវិលក្នុងប្រទេសស៊ីរីហើយលោកជាមន្ត្រីជាន់ខ្ពស់បំផុតរបស់ក្រុមនេះដែលបានស្លាប់ចាប់តាំងពីពួក Hezbollah បានចូលរួមក្នុងជម្លោះនេះបីបួនឆ្នាំមកហើយនោះ៕