ក្រុមយោធា Hezbollah ដែលជាក្រុមយោធាប្រទេសលីបង់ បានបញ្ជាក់នៅថ្ងៃអង្គារនេះថា អ្នកដែលស្ថិតនៅក្នុងតំបន់ចុងក្រោយនានា ដែលកាន់កាប់ដោយពួកឧទ្ទាម នៅក្នុងទីក្រុង Aleppo ប្រទេសស៊ីរី គួរតែចាកចេញពីតំបន់នោះឲ្យបានឆាប់។ ក្រុមនេះក៏បានបញ្ជាក់បន្ថែមទៀតថា ទាហានស៊ីរីនឹងធ្វើដំណើរទៅដល់ទីក្រុង Aleppo នេះនៅល្ងាចថ្ងៃអង្គារនេះ។
ក្រុមយោធា Hezbollah នេះ បានចូលរួមនៅក្នុងការវាយប្រយុទ្ធដើម្បីគាំទ្រកងកម្លាំងរបស់លោកប្រធានាធិបតីស៊ីរី Bashar al-Assad នៅទូទាំងជម្លោះដែលអូសបន្លាយរយៈពេលជិត ៦ ឆ្នាំ នៅក្នុងប្រទេសស៊ីរី។
មិនមានព័ត៌មានច្បាស់ការណ៍ណាមួយបញ្ជាក់ថា មានមនុស្សប៉ុន្មាននាក់ជាប់គាំងនៅក្នុងតំបន់ភាគខាងកើតនៃទីក្រុង Aleppo នោះទេ ដែលតំបន់ភាគខាងកើតនេះ ត្រូវបានពួកឧទ្ទាមដណ្ដើមកាន់កាប់តាំងពីឆ្នាំ ២០១២ មកម្ល៉េះ។
លោក Robert Mardini ដែលជាប្រធានគណៈកម្មាធិការអន្តរជាតិកាកបាទក្រហមទទួលបន្ទុកតំបន់មជ្ឈិមបូព៌ា បាននិយាយនៅថ្ងៃអង្គារនេះថា គណៈកម្មាធិការអន្តរជាតិកាកបាតក្រហម និងអង្គការអឌ្ឍចន្ទក្រហមនៃប្រទេសស៊ីរី បានជម្លៀសមនុស្សចំនួន ២ ម៉ឺន ៥ ពាន់នាក់ចេញពីតំបន់ភាគខាងកើតនៃទីក្រុង Aleppo តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនមកម្ល៉េះ។
កាលពីថ្ងៃចន្ទម្សិលមិញនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបោះឆ្នោតជាឯកច្ឆន្ទលើសេចក្ដីសម្រេចមួយ ដើម្បីជំរុញឲ្យមានការដាក់ពង្រាយជាបន្ទាន់នូវអ្នកអង្កេតការណ៍របស់អង្គការសហប្រជាជាតិដើម្បីមើលការខុសត្រូវលើការជម្លៀសមនុស្សចេញពីទីក្រុង Aleppo។
សេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិនេះ ក៏បានអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ផ្ដល់ការអនុញ្ញាតដោយគ្មានលក្ខខណ្ឌជាបន្ទាន់ដល់ការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ ដែលមានជម្លោះ និងការពារជនស៊ីវិលនៅក្នុងទីក្រុង Aleppo ក៏ដូចជានៅទូទាំងប្រទេសស៊ីរីផងដែរ៕