លោក ហេង សំរិន ប្រធានសភាជាតិកម្ពុជា និងជាអ្នកនយោបាយចាស់ទុំក្នុងគណបក្សប្រជាជនកម្ពុជា បានចេញលិខិតអបអរសាទរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយពីលោកនាយករដ្ឋមន្ត្រីដែលស្ថិតក្នុងតំណែងជាង៣០ឆ្នាំមកនេះ ត្រូវបានជ្រើសរើសឲ្យធ្វើជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយអះអាងថា លោកហ៊ុន សែន នឹងទាញរកប្រជាប្រិយភាពបន្ថែមក្នុងការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះ។
លិខិតរបស់លោក ហេង សំរិន ចុះថ្ងៃទី២០ ខែមិថុនា ហើយចេញផ្សាយនៅលើគេហទំព័រសភាជាតិ នៅថ្ងៃច័ន្ទនេះ បានសរសេរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន «ជាប្រធានគណបក្សនឹងបន្តសម្រេចឲ្យបានជោគជ័យថ្មីៗបន្ថែមទៀតក្នុងការទាក់ទាញរកប្រជាប្រិយភាពបន្ថែម ឆ្ពោះទៅយកជ័យជំនះក្នុងការបោះឆ្នោតនាពេលខាងមុខ ដើម្បីបន្តដឹកនាំព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍគ្រប់វិស័យ ហើយកិត្យានុភាពរបស់ប្រទេសជាតិ ក៏ត្រូវបានលើកកម្ពស់ទាំងក្នុងក្របខណ្ឌតំបន់ និងលើឆាកអន្តរជាតិដែរ»។
លិខិតរបស់លោក ហេង សំរិន ធ្វើឡើងនៅក្នុងថ្ងៃជាមួយគ្នា ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានបោះឆ្នោតឲ្យធ្វើជាប្រធានគណបក្សប្រជាជនកម្ពុជា និងអ្នកនយោបាយពីររូបទៀតរបស់គណបក្សប្រជាជនកម្ពុជាគឺលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ត្រូវបានបោះឆ្នោតឲ្យធ្វើជាប្រធាន និងអនុប្រធានគណបក្សនេះ។
ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំទាំងបីរូបនៃគណបក្សកាន់អំណាចទទួលរងការរិះគន់ពីអ្នកតាមដានការវិវត្តសង្គម នយោបាយក្នុងប្រទេសកម្ពុជា ដោយពួកគេអះអាងផ្សេងៗគ្នាថា ការបោះឆ្នោតនេះគ្រាន់តែជាការរៀបចំរបស់លោក ហ៊ុន សែន ហើយការបោះឆ្នោតបែបចង្អៀតនេះមិនឆ្លុះបញ្ចាំងពីការអនុវត្តលទ្ធិប្រជាធិបតេយ្យនោះទេ។
អ្នកវិភាគសង្គមមួយចំនួនលើកឡើងថា គណបក្សប្រជាជនកម្ពុជាពិបាកនឹងស្តារប្រជាប្រិយភាពមកវិញ បើសិនជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីនៅការបោះឆ្នោតខាងមុខ បើទោះជាអ្នកវិភាគនយោបាយមើលឃើញថា គណបក្សនេះបានខិតខំធ្វើកំណែទម្រង់មួយចំនួន ក្រោយការធ្លាក់ចុះសំឡេងគាំទ្រក្នុងការបោះឆ្នោតឆ្នាំ២០១៣ក្តី។
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះអាសនៈចំនួន៦៨ ហើយគណបក្សសង្គ្រោះជាតិទទួលបានអាសនៈចំនួន៥៥ពីការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០១៣ ប៉ុន្តែគណបក្សប្រឆាំងមិនសុខចិត្ត ដោយចោទថា លទ្ធផលមានការគៃបន្លំ ហើយបានតវ៉ាដែលនាំឱ្យមានការជាប់គាំងនយោបាយជិតមួយឆ្នាំ។
ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបបួលមេដឹកនាំគណបក្សប្រឆាំងគឺលោក សម រង្ស៊ី មកស្បថឲ្យរន្ទះបាញ់ ប្រសិនជាគណបក្សលោកលួចសន្លឹកឆ្នោត។ រីឯលោក សម រង្ស៊ី ព្រមទទួលយកការស្បថនេះ ប៉ុន្តែលោកនិយាយថា ការណ៍ពិតឬយ៉ាងណាគឺត្រូវធ្វើឡើងតាមបច្ចេកទេសវិទ្យាសាស្រ្ត។
បន្ទាប់ពីការប្រជុំសន្និបាតគណបក្ស គណបក្សប្រជាជនកម្ពុជាបានប្រកាសសារជាថ្មីថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែបន្តធ្វើជានាយករដ្ឋមន្ត្រីដដែល និងជាបេក្ខជននាយករដ្ឋមន្ត្រី«សម្រាប់អាណត្តិក្រោយៗទៀត ទៅតាមសេចក្តីសម្រេចរបស់មហាសន្និបាតវិសាមញ្ញនៃអ្នកតំណាងរបស់គណបក្សនេះជាបន្តបន្ទាប់កន្លងមក»។
ការប្រកាសនេះគឺដើម្បីឆើ្លយតបនឹងពាក្យចចាមអារ៉ាមបំពុលសាធារណមតិថា លោក ហ៊ុន សែន នឹងឈប់ធ្វើជានាយករដ្ឋមន្ត្រីទៀត។ នេះបើតាមការបញ្ជាក់របស់សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ដែលត្រូវបានផ្សព្វផ្សាយបន្ទាប់ពីសនិ្នបាតគណបក្សនេះដែលធ្វើឡើងកាលពីសៅរ៍កន្លងទៅនេះ៕