ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​នឹង​កាន់​តំណែង​របស់​លោក​ជា ស៊ីម


លោក ហេង សំរិន ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​រដ្ឋសភា​ជាតិ ថ្លែង​​នៅ​ក្នុង​សមាជ​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៥ ដោយ​មាន​វត្តមាន​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន អនុប្រធាន​គណបក្ស។

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ នឹង​កាន់​តំណែង​ជា​ប្រធាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បន្ទាប់​ពី​ពិធី​បុណ្យ​សព​របស់​លោក ​ជា ស៊ី​ម អតីត​មេ​ដឹក​នាំ​គណបក្ស​នេះ​នៅ​សប្តាហ៍​នេះ។​

សមាជិក​របស់​គណបក្ស​នេះ​និយាយ​ថា​ ស្ថាន​ការណ៍​នេះ​នឹង​បង្កើន​សាមគ្គី​ភាព​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​គណបក្ស​នេះ ​ដែល​ការ​សហការ​មាន​ភាព​កាន់​តែ​រឹងមាំ​ឡើង។​

លោក ​ជា ស៊ីម​ ដែល​មាន​អាយុ​៨២​ឆ្នាំ ​គឺជា​សមាជិក​ស្មោះ​ត្រង់​ម្នាក់​របស់​គណបក្ស​នេះ​ បន្ទាប់​ពី​ការ​ផ្តួល​រំលំ​របប​ខ្មែរក្រហម ​ដោយ​មាន​ការ​គាំទ្រ​ពី​កងទ័ព​វៀតណាមនៅ​ក្នុង​ឆ្នាំ​១៩៧៩។ ​គាត់​បាន​គេច​ខ្លួន​ពីវិសុទ្ធកម្ម​របស់​ខ្មែរក្រហម​ ដោយ​រត់ទៅ​កាន់​ប្រទេស​វៀតណាម​ជាមួយ​មនុស្ស​ប្រមាណ​៣០០នាក់​នៅ​ឆ្នាំ​១៩៧៨​ ហើយ​គាត់​ ព្រម​ជាមួយ​នឹង​លោក​ ហ៊ុន សែន​ និង​លោក​ ហេង សំរិន ​បាន​ក្លាយ​ជា​សមាជិក​ដ៏​មាន​ឥទ្ធិពល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​កាល​ពី​មុន​ជា​គណបក្សប្រជាជន​បដិវត្តន៍​កម្ពុជា។​

លោក ​អ៊ុំ សារិទ្ធ ​ដែល​ជា​សមាជិក​គណៈ​កម្មាធិការ​កណ្តាល​ម្នាក់​ក្នុង​ចំណោម​សមាជិក​ដទៃ​ទៀត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃពុធ​ ថា​ លោក​ ហ៊ុន សែន​ «គឺ​ជា​បេក្ខជន​តែ​ម្នាក់» ​ដែល​អាច​ឡើង​កាន់​តំណែងរបស់​លោក ​ជា ស៊ីម ​បន្ទាប់​ពី​ពិធី​បូជា​សព​របស់​របស់​លោក​ ជា ស៊ីម ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សុក្រ​នេះ។​

មន្ត្រី​គ្រប់​ជាន់​ថ្នាក់​ក្នុង​រដ្ឋាភិបាល ​ឥស្សរជន​បរទេស​ និង​ ព្រះ​មហា​ក្សត្រ​នរោត្តម សីហមុនី​ជួបជុំ​គ្នា​នៅ​វត្ត​បទុម ​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួម​ពិធី​បូជា​សព​ និង​ការ​ហែ​ក្បួន។ ​មនុស្ស​ចំនួនន​៣០០០០​នាក់​បានចូល​រួម​នៅ​ក្នុង​ក្បួន​ដង្ហែ​កាន់​មរណ​ទុក្ខ​នេះ។​

លោក ​អ៊ុំ ​សារិទ្ធ ​បាន​ឱ្យ​ដឹង​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​រៀបចំ​សម្រាប់​ការ​ផ្ទេរ​អំណាច​ទៅ​ឱ្យ​លោក ​ហ៊ុន សែន។ ​លោក​បាន​និយាយ​ថា៖ ​«ការ​បន្តតំណែង​នេះ​ត្រូវ​បាន​គេ​គិត​ទុក​ជា​យូរ​មក​ហើយ»។​

លោក​បាន​និយាយ​ថា៖ ​«គោល​ការណ៍​ស្នូល​របស់​គណបក្ស​គឺ​សាមគ្គី​ភាព។ គណបក្ស​ប្រជាជន​កម្ពុជា​កើត​ជា​យូរ​ហើយ។ ​វា​ជា​គណបក្ស​ដែល​មាន​ភាព​ចាស់​ទុំ។ ​ប្រសិនបើ​មាន​បញ្ហា​ យើង​អង្គុយ​ចុះ​ ហើយ​ដោះ​ស្រាយ​បញ្ហា​ជាមួយ​គ្នា»។​

លោក​ ផៃ​ ស៊ីផាន​ អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​ បាន​និយាយ​ថា ​វត្តមាន​លោក ​ហ៊ុន សែន​ ជា​ប្រធាន​របស់​គណបក្ស​នេះ​នឹង​ធ្វើ​ឲ្យប្រទេស​កាន់​តែ​អភិវឌ្ឍ។

មន្រ្តី​ទាំង​ពីរូប​នេះ​បាន​និយាយ​ថា ​មាន​កិច្ច​ប្រជុំ​ជាមួយ​នឹង​សមាជិក​គណបក្ស​នៅ​ថ្នាក់​ឃុំ​ ស្រុក​ និង​ខេត្ត​ជា​រៀង​រាល់​ខែ។ ​លោក ​ផៃ ស៊ីផាន​ ក៏​បាន​បន្ថែម​ឱ្យ​ដឹង​ដែរ​ថា ​គណបក្ស​បន្ត​ពង្រឹង​«ពង្រឹង​សាមគ្គីភាព​នៅ​ក្នុង​គណបក្ស» ។​

លោក ​ប៊ុន​ ថារិទ្ធ ​អភិបាល​រង​ខេត្ត​សៀមរាប ​បាន​និយាយ​ថា ​ការ​ស្លាប់​របស់​លោក​ ជា ​ស៊ីម ​មិន​មាន​ផល​ប៉ះ​ពាល់​ទៅ​លើ​សាមគ្គី​ភាព​របស់​គណបក្ស​នៅ​ថ្នាក់​ខេត្ត​នោះ​ទេ។ ​ការ​បើក​កិច្ច​ប្រជុំ​ជា​ទៀងទាត់​ជា​រៀង​រាល់​ខែ​ជាមួយ​សមាជិក​គណបក្ស​បាន​ជួយ​ផ្សារ​ភ្ជាប់​សមាជិក​របស់​គណបក្ស​នៅថ្នាក់​ខេត្ត។​

ទោះ​យ៉ាង​ណា​ អ្នក​វិភាគ​នយោបាយ​ខ្លះ​បាន​និយាយ​ថា ​ការ​បាត់បង់​លោក ​ជា ស៊ីម​នឹង​មាន​ផល​ប៉ះ​ពាល់​ដល់​តុល្យភាព​របស់​គណបក្ស។​

លោក​ គល់ បញ្ញា ​នាយកប្រតិបត្តិអង្គការ​ខុម​ហ្វ្រែល ​ដែល​ឃ្លាំមើល​ការ​បោះឆ្នោត​ បាន​និយាយ​ថា​ លោក​ ជា ស៊ីម ធ្លាប់​ជា​អ្នក​ឃ្លាំ​មើល​ការ​ប្រព្រឹត្ត​របស់​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន។​ គាត់​បាន​និយាយ​ថា ប្រព័ន្ធ​ឃ្លាំមើល​នេះ​នឹង​មិន​មាន​ទៀត​ទេ​ ព្រោះ​លោក​ ហ៊ុន សែន ​នឹង​ធ្វើ​ជា​ប្រធាន​គណបក្ស​ផង ​និង​ជា​ប្រធាន​នៃ​អង្គការ​នីតិប្រតិបត្តិ​របស់​រដ្ឋាភិបាល​ផង។​

លោក​បាន​និយាយ​ថា៖​ «ប្រព័ន្ធ​តុល្យភាព​អំណាច​នេះ​នឹង​មិន​ដើរ​ទេ»៕​

XS
SM
MD
LG