ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Hello VOA៖ អ្នក​ជំនាញ​ថា ការ​ផ្តល់​ដី​និង​ចំណេះ​ដាំ​កប្បាស​ដល់​កសិករ​អាច​បន្ថយ​ចំណាក​ស្រុក

  • ម៉ែន គឹមសេង

លោក​ មឿន តុលា នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ​និង​សិទ្ធិ​មនុស្ស

លោក​បាន​បន្ទោស​រដ្ឋាភិបាល​ដែល​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ដល់​ក្រុមហ៊ុន​ច្រើន​ពេក​ដែល​ធ្វើ​ឱ្យ​កសិករ​ខ្វះខាត​ដី។

អ្នក​ជំនាញ​ផ្នែក​ការងារ​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ផ្តល់​ជំនាញ​ដល់​កសិករខាង​ផ្នែក​ដាំ​ដំណាំឧស្សាហកម្ម​សម្រាប់​ផ្គត់​ផ្គង់​ដល់​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​នៅ​កម្ពុជា​ដើម្បី​ជា​ផ្នែក​មួយជួយ​ដល់​ការ​បង្កើត​ការងារ​និង​កាត់​បន្ថយ​ការ​ធ្វើ​ចំណាកស្រុក។

លោក ​មឿន តុលា ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ​និង​សិទ្ធិ​មនុស្ស​ (Central) ​បាន​បញ្ជាក់​នៅក្នុង​កម្មវិធី​ Hello VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍ថា​រដ្ឋាភិបាល​គួរ​ផ្តល់​ជំនាញ​ដល់​កសិករ​ខាង​ផ្នែក​ដាំ​កប្បាសដោយ​ឱ្យ​ដី​ដល់​កសិករ​ដើម្បី​ដាំ​ដំណាំ​នេះសម្រាប់ផ្គត់ផ្គង់​ផលិតផលទៅ​រោងចក្រ​កែប្រែជា​ក្រណាត់​ឬជា​អំបោះ​បម្រើ​ដល់​ទីផ្សារ​រោងចក្រ​កាត់ដេរ​ខ្មែរ​ដែល​កំពុង​តែ​រីក​ដុះដាល។

លោក​បន្ថែម​ថា៖

«យើង​ឃើញ​ថា​ ទី​មួយ​វា​ជួយ​ដល់​ការងារ​កសិករ​យើង​ផង។ ទី​ពីរ​យើង​អាច​ជួយ​កាត់​បន្ថយ​នូវ​ថ្ងៃ​ដើម​នៃ​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​ផង‍»។

លោក​តុលាបាន​បន្ទោស​រដ្ឋាភិបាល​ដែល​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ដល់​ក្រុមហ៊ុន​ឯកជន​ច្រើន​ពេក​ដែល​ធ្វើ​ឱ្យ​កសិករ​ខ្វះ​ខាត​ដី​ហើយមិន​មាន​លទ្ធភាព​ក្នុង​ការ​ដាំដុះ​ដំណាំ​កសិកម្ម​គ្រប់គ្រាន់​ឬ​ជួន​កាលការ​នាំ​យក​ផលិតផល​កសិកម្ម​របស់​ខ្លួន​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ជួប​ការ​លំបាក​ជាដើម​ដែល​ជា​មូលហេតុ​ជំរុញ​ឱ្យ​មាន​ការ​ធ្វើ​ចំណាក​ស្រុក​ក្នុង​ទ្រង់ទ្រាយ​ធំ។​

លោក​បាន​បន្ថែម​ថា៖

«ទី​មួយ​អ្នក​ខ្លះ​អត់​មាន​ដី ​ទាល់តែ​សោះ។ ដី​គាត់​លក់​ដើម្បី​មើល​ជំងឺ​ឬ​ធ្វើ​បុណ្យ​សព។ ទី​ពីរ​អ្នកខ្លះ​មាន​ដី​ខ្លះ​ហើយ​ប៉ុន្តែ​អត់​គ្រប់។ អ្នក​ខ្លះ​មាន​ដី​គ្រប់​ប៉ុន្តែ​ផលិតផល​កសិកម្ម​របស់​គាត់​អត់​អាច​មាន​ចំណូល​គ្រប់​ចំនួន​ដែល​គាត់​បាន​ចំណាយ​ក្នុង​ការ​ទិញ​ជី​ក្នុង​ការ​ចាក់​សាំង​ និង​ទិញ​គោយន្ត។ល។ និង។ល។ ហ្នឹង​ទេ​ដោយ​សារ​អត់​មាន​ទីផ្សារ​គ្រប់​គ្រាន់‍»។​

របាយការណ៍​នានា​បង្ហាញ​ថា​ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​មួយ​លាន​នាក់​បាន​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ការ​ទាំង​ស្រប​ច្បាប់​និង​មិន​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ ​កូរ៉េខាងត្បូង ​និង​ម៉ាឡេស៊ី​ជាដើម។

លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ាណែត ​កូនប្រុស​ច្បង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ការពារគោលនយោបាយ​របស់​រដ្ឋាភិបាល។ លោក​បានបញ្ជាក់​ក្នុង​បទសម្ភាសន៍​ជាមួយ​ VOA ​ក្នុង​ពេល​មក​បំពេញ​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ពេល​កន្លង​មក​ថា៖

«នៅ​វិស័យ​កសិកម្ម​ក៏​យើង​ខំ​ជួយ​មាន​គោលនយោបាយ​ផ្សេងៗ​ដើម្បី​ជួយ​រក​ ឧទាហរណ៍​ ជួយ​រក​ទីផ្សារ​នៅ​ខាងក្រៅ​ប្រទេស​ដើម្បី​ឱ្យ​ផលិតផល​យើង​បាន​ចេញ​ទៅ​ខាង​ក្រៅ​ដែល​បង្ក​លក្ខណៈឱ្យ​កសិករ​របស់​យើ​ង​លក់​ផលិតផល​របស់​គាត់​បាន​ច្រើន​ព្រោះ​មាន​ទីផ្សារ​ធំ​ក៏​ដូច​ជា​តម្លៃ​ខ្ពស់​ដើម្បី​យើង​ជួយ​ដល់​កម្រិត​ជីវភាព​របស់​គាត់‍»។​

លោក​ ហ៊ុន ម៉ាណែត អះអាង​ថា​ ការ​ធ្វើ​ចំណាកស្រុក​ដែល​ពលករ​កម្ពុជាទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេសមិន​មែន​មាន​ចំណុច​អវិជ្ជមាន​ទាំងអស់​នោះ​ទេ​ក៏វា​មាន​ចំណុច​វិជ្ជមាន​ខ្លះ​ដែរ​ បើ​សិន​ជា​ការ​ចេញ​ទៅ​ធ្វើ​ការ​នោះ មាន​លក្ខណៈ​ស្រប​ច្បាប់​ហើយមាន​យន្តការ​គ្រប់​គ្រាន់​ដើម្បី​គាំពារ​សិទ្ធិ​និង​ផល​ប្រយោជន៍​របស់​ពួកគេនៅ​ក្រៅ​ប្រទេស។

លោក​បន្ថែម​ថា៖ ​

«ដូចជា​បងប្អូន​យើង​ទៅ​កូរ៉េ​ ទៅ​ធ្វើ​ការ​នៅ​ថៃ​និង​នៅ​ម៉ាឡេស៊ី​មួយ​ចំនួន​ក្នុង​រយៈ​ពេល​ខ្លី​ដើម្បី គាត់​បាន​ទាំង​ជំនាញ​របស់​គាត់​ មក​វិញ​គាត់​អាច​ធ្វើ​ការងារ​ល្អ​ឬ​មួយ​ក៏​ប្រកប​របរ​ខ្លួន​ឯង​ហ្នឹង​កម្រិត​ជីវភាព​គាត់​ក៏​ល្អ​ដែរ‍»។

លោក​ មឿន តុលា​ លើកឡើង​ថា​ ភាគរយ​នៃ​អ្នក​ដែល​ទទួល​បាន​ចំណេះ​ដឹង​ពី​ពេល​ទៅ​ធ្វើ​ការ​ក្រៅ​ប្រទេស​ហើយ​មក​បម្រើ​នៅ​កម្ពុជា​វិញ​គឺ​មាន​តិច​តួច​បំផុត​ដោយ​សារ​ករណី​ខ្លះ​ជំនាញ​ការងារ​ដែល​ពលករ​ធ្វើ​នៅ​ក្រៅ​ប្រទេស​មិន​ទាន់​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ។ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា​សេវា​នៅ​តាម​ស្ថានទូត​ខ្មែរ​ដែល​មាន​ពលករ​កម្ពុជា​ធ្វើការ​គឺ មាន​លក្ខណៈ​ប្រសើរ​ជាង​ឆ្នាំ​កន្លងមក។ លោក​ក៏​សំណូម​ពរ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ជាពិសេស​ក្រសួង​ការបរទេស​បន្ថែម​ចំនួន​បុគ្គលិក​នៅ​បណ្តា​ប្រទេស​គោលដៅ​ដែល​មាន​ពលករ​ច្រើន​ដើម្បី​អាច​បម្រើ​សេវា​ទាន់​ពេល​ និង​បន្ថែម​កញ្ចប់​ថវិកា​ដើម្បី​ឱ្យ​មន្ត្រី​ទាំងនោះ​មាន​លទ្ធភាព​ធ្វើ​ការ​ព្រមទាំង​បណ្តុះបណ្តាល​ជំនាញ​ដល់​មន្ត្រី​ឱ្យ​ចេះ​ដោះស្រាយ​បញ្ហា​តាម​ស្ថានភាព​ការងារ​ដែល​ពលករ​ជួប​ប្រទះ។

លោក​បន្ថែម​ថា៖

«ធ្វើ​ដូច្នេះ​បាន​អាច​ធ្វើ​ឱ្យ​ស្ថាន​ទូត​ឬ​ក៏​ស្ថាន​កុងស៊ុល​ ការិយាល័យ​កុងស៊ុល​នៃ​ព្រះរាជាណាចក្រកម្ពុជា​យើង​អាច​ឆ្លើយ​នឹង​តម្រូវ​ការ​ជាក់​ស្តែង‍»។

XS
SM
MD
LG