ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជើង​ឯក​បាល់​បោះ​អាមេរិកាំង​លោក Kobe Bryant ស្លាប់​នៅ​ក្នុង​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ


អ្នក​គាំទ្រ​លោក Kobe Bryant កាន់​ទុក្ខ​នៅ​មុខ​មជ្ឈមណ្ឌល Staples នៅ​ក្នុង​ក្រុង Los Angeles កាលពី​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០។
អ្នក​គាំទ្រ​លោក Kobe Bryant កាន់​ទុក្ខ​នៅ​មុខ​មជ្ឈមណ្ឌល Staples នៅ​ក្នុង​ក្រុង Los Angeles កាលពី​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០។

ក្រុម​អ្នក​គាំទ្រ​កីឡា​នៅ​ជុំវិញ​ពិភពលោក​ពិបាក​នឹង​រក​ពាក្យ​មក​ថ្លែង​ដើម្បី​រៀបរាប់​អំពី​អារម្មណ៍​របស់​ពួកគេ​ទាក់ទិន​នឹង​ការ​ស្លាប់​ភ្លាមៗ​របស់​ជើង​ឯក​បាល់​បោះ​អាមេរិកាំង​ចូល​និវត្តន៍​លោក Kobe Bryant។

លោក Bryant អាយុ ៤១ ឆ្នាំ និង​កូនស្រី​របស់​លោក​អាយុ ១៣ ឆ្នាំ ឈ្មោះ Gianna ស្ថិត​ក្នុង​ចំណោម​មនុស្ស ៩ នាក់ ដែល​បាន​ស្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ នៅ​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ​តាម​តំបន់​ភ្នំ​ក្រៅ​ទីក្រុង Los Angeles។ គេ​បាន​រាយការណ៍​ថា អ្នក​ទាំង​នេះ​កំពុង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ការ​ប្រកួត​កីឡា​បាល់​បោះ​របស់​យុវជន​ក្មេងៗ។

លោក Bryant ត្រូវ​បាន​គេ​ស្គាល់​ថា​តែងតែ​ជិះ​ឧទ្ធម្ភាគចក្រ​ពី​ផ្ទះ​របស់​លោក​ទៅ​កាន់​កន្លែង​ប្រកួត​កីឡា​នៅ​ក្នុង​ទីក្រុង Los Angeles ដើម្បី​គេច​ពី​ចរាចរ​កក​ស្ទះ​នៅ​ក្នុង​ទីក្រុង។

នាយកដ្ឋាន​ប៉ូលិស​ស្រុក​ទីក្រុង Los Angeles បាន​បញ្ជាក់​ថា ការ​ស៊ើប​អង្កេត​កំពុង​បន្ត​ធ្វើ​ឡើង​ជាមួយ​នឹង​ការ​ជួយ​ជ្រោមជ្រែង​ពី​មន្ត្រី​សហព័ន្ធ ប៉ុន្តែ​មក​ទល់​នឹង​ពេល​នេះ នាយកដ្ឋាន​នេះ​មិន​ទាន់​បាន​ផ្ដល់​ព័ត៌មាន​ណា​មួយ​អំពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​នេះ​កើត​ឡើង​នោះ​ទេ។

មន្ត្រី​ប៉ូលិស​លោក Alex Villanueva បាន​បដិសេធ​មិន​បង្ហាញ​អត្តសញ្ញាណ​របស់​ជន​រងគ្រោះ​ណា​ម្នាក់ ដោយ​លោក​បាន​និយាយ​ថា ការិយាល័យ​របស់​លោក​នឹង​រង់ចាំ​ដល់​ពេល​ដែល​អ្នក​ធ្វើ​កោសលវិច័យ​សាកសព​បញ្ចប់​កិច្ចការ​របស់​ខ្លួន​ជា​មុន​សិន។ លោក​ហៅ​ការ​រាយការណ៍​ព័ត៌មាន​របស់​គេហទំព័រ​ព័ត៌មាន TMZ អំពី​ការ​ស្លាប់​នេះ មុន​ពេល​អាជ្ញាធរ​អាច​ជូន​ដំណឹង​ដល់​ក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ​នោះ ថា​ជា​រឿង «មិន​សមរម្យ​ទាល់តែ​សោះ»។

លោក​ប្រធានាធិបតី Donald Trump បាន​បញ្ជាក់​ថា នេះ​គឺ​ជា «ដំណឹង​ដ៏​អាក្រក់»។ ចំណែក​ឯ​ភរិយា​របស់​លោក​គឺ​អ្នកស្រី Melania Trump វិញ បាន​ចូលរួម «រំលែក​ទុក្ខ» ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ៕

XS
SM
MD
LG