បន្ទាប់ពីមានការបញ្ជាក់លទ្ធផលវិជ្ជមាននៃជំងឺរលាកសួតកូវីដ១៩លើជនជាតិជប៉ុនម្នាក់ ដែលជាអ្នកជំនួញស្នាក់នៅខេត្តសៀមរាប អាជ្ញាធរកម្ពុជាថា ពួកគេបានដាក់មនុស្ស ៤នាក់ឲ្យនៅដាច់ដោយឡែកនៅមន្ទីរពេទ្យបង្អែកខេត្ត។
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានប្រាប់វីអូអេថា បុគ្គលិករបស់បុរសជនជាតិជប៉ុននោះ មានជនជាតិខ្មែរជាស្ត្រី ១រូប និងបុរស ២រូប និងជនជាតិជប៉ុនជាស្ត្រី ១រូប កំពុងស្ថិតនៅក្នុងការតាមដានពិនិត្យសុខភាព ហើយការិយាល័យនិងបន្ទប់ជួលរបស់បុរសជប៉ុននោះត្រូវបានបាញ់ថ្នាំសម្លាប់មេរោគរួចរាល់ហើយនៅថ្ងៃនេះ។ ឯមនុស្ស ៤០នាក់ទៀត ដែលប៉ះពាល់ដោយប្រយោលជាមួយបុរសជនជាតិជប៉ុននោះក៏ត្រូវដាក់ដោយឡែកផងដែរ តែមិនទាន់មានការបញ្ជាក់អំពីទីតាំងដែលពួកគាត់ត្រូវស្នាក់នៅនោះទេ។
«គាត់មកកន្លែងការិយាល័យហ្នឹងជួបជាមួយបុគ្គលិកគាត់ទៅ យើងទៅបាញ់ថ្នាំបាញ់អីនៅកន្លែងហ្នឹង។ យើងបាញ់សម្អាតហើយយើងនាំយកបុគ្គលិកគាត់ ៤ នាក់ដែលបានជួបគាត់ហ្នឹង ក្នុងរយៈពេល២ថ្ងៃដែលជួបគាត់ហ្នឹង យើងយកទៅដាក់ដាច់ដោយឡែក»។
លោកក្រុស សារ៉ាត់បញ្ជាក់ថា បុរសជនជាតិជប៉ុនអាយុ ៤០ ឆ្នាំរូបនេះ ស្នាក់នៅបន្ទប់ជួលមួយនៅក្រុងសៀមរាបតែម្នាក់ឯង។ ប្រធានមន្ទីរសុខាភិបាលសៀមរាបរូបនេះបន្តទៀតថា លោកដឹងថា បុរសនេះមកដល់ខេត្តសៀមរាបនៅថ្ងៃទី២៨ ខែកុម្ភៈ និងសម្រាកនៅផ្ទះរហូតដល់ថ្ងៃ ទី១ ខែមីនា ទើបលោកចេញជួបបុគ្គលិកជាស្ត្រីជនជាតិជប៉ុន និងនៅថ្ងៃទី២ ខែមីនា លោកជួបបុគ្គលិកជាជនជាតិខ្មែរ ៣នាក់ នៅការិយាល័យ។
លោកបន្តថា មុនពេលលោកធ្វើដំណើរចាកចេញពីខេត្តសៀមរាបនៅថ្ងៃទី៣ ខែមីនា លោកបានទៅពេទ្យពិនិត្យសុខភាព មុននឹងឡើងយន្តហោះទៅប្រទេសជប៉ុន ឆ្លងកាត់តាមព្រលានយន្តហោះនៅទីក្រុងហូជីមិញ នៃប្រទេសវៀតណាម។
«គាត់ទៅពិនិត្យផ្តាសាយ ហើយគេ Recommend [ណែនាំ] ទៅ។ គាត់បារម្ភខ្លួនគាត់ គាត់ទិញសំបុត្រយន្តហោះ ហោះទៅវិញទៅ»។
លោកពុំបញ្ជាក់ថា បុរសនោះបានទៅពិនិត្យសុខភាពនៅពេទ្យមួយណាទេ។ ហើយសកម្មភាពមុនថ្ងៃទី២៨ ខែកុម្ភៈ លោកពុំទាន់ដឹងទេ។
ប្រព័ន្ធផ្សព្វផ្សាយជប៉ុននិងវៀតណាមបានឲ្យដឹងថា អាជ្ញាធរជប៉ុន និងវៀតណាមបានបញ្ជាក់នៅថ្ងៃពុធម្សិលមិញថា ជនជាតិជប៉ុនម្នាក់ដែលបានចេញពីខេត្តសៀមរាបតាមជើងហោះហើរកាត់តាមទីក្រុងហូជីមិញនៃប្រទេសវៀតណាមទៅកាន់ទីក្រុងណាហ្កូយ៉ានៃប្រទេសជប៉ុន មានផ្ទុកមេរោគកូរ៉ូណាថ្មី ឬជំងឺកូវីដ១៩។
បុរសជនជាតិជប៉ុនរូបនេះធ្វើដំណើរចេញពីជប៉ុនមកកម្ពុជានៅថ្ងៃទី ១៦ ខែកុម្ភៈ ហើយបានធ្វើដំណើរទៅហ្វីលីពីននៅថ្ងៃទី២១ ខែកុម្ភៈ។ លោករាយការណ៍ថា មិនសូវស្រួលខ្លួននៅ ថ្ងៃទី២១ ខែកុម្ភៈ។ នៅថ្ងៃទី២៨ ខែកុម្ភៈ លោកត្រឡប់មកស្នាក់នៅកម្ពុជាវិញហើយនៅថ្ងៃទី៣ ខែ មីនា លោកបានទៅពេទ្យមួយនៅខេត្តសៀមរាប។ នៅយប់ថ្ងៃដដែលលោកហោះចេញពីកម្ពុជា តាមជើងហោះហើរ VN814 កៅអី 33D ទៅអាកាសយានដ្ឋាន Tan Son Nhat ទីក្រុងហូជីមិញ រួចប្តូរជើងហោះហើរទៅ VN340 កៅអី2C មកទីក្រុង Nagoya។ នេះបើយោងតាមលិខិត «ប្រញ៉ាប់ណាស់» របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនផ្ញើជូន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជាលោកប្រាក់ សុខុន។
មនុស្ស៥១នាក់ រួមទាំងបុគ្គលិកបម្រើលើយន្តហោះ រួមដំណើរជាមួយបុរសជនជាតិជប៉ុននោះពីសៀមរាបទៅវៀតណាមត្រូវបានអាជ្ញាធរវៀតណាមដាក់អោយស្ថិតដោយឡែកនៅទីក្រុងហូជីមីញ។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុករបស់វៀតណាម។
បុរសជនជាតិជប៉ុននោះបានរាយការណ៍អំពីស្ថានភាពសុខភាពរបស់ខ្លួនទៅកាន់អាជ្ញាធរភ្លាមៗ ពេលដែលរូបលោកទៅដល់ព្រលានយន្តហោះ Chubu Centrair International Airport។ លោកមានអាការៈផ្តាសាយ ឡើងកំដៅខ្លួន និងពិបាកដកដង្ហើម ហើយត្រូវបានដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យ។ ក្រោយក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆ័យ គេបញ្ជាក់ថា បុរសជប៉ុនរូបនោះមាន ជំងឺកូវីដ១៩។
អាជ្ញាធរវៀតណាមនិងជប៉ុនកំពុងស៊ើបអង្កេត ដើម្បីផ្ទៀងផ្ទាត់ប្រវត្តិដំណើររបស់អ្នកដំណើរជប៉ុននោះនៅក្នុងប្រទេសកម្ពុជា។
លោក ទៀ សីហា ជាអភិបាលខេត្តសៀមរាប បានឲ្យដឹងថា បុរសជប៉ុននោះជាអ្នកជំនួញនៅខេត្តសៀមរាប រកស៊ីរយៈពេល ៤ឆ្នាំហើយ។ លោកបើកក្រុមហ៊ុនមួយដែលជួយនាំពលករខ្មែរទៅធ្វើការនៅប្រទេសជប៉ុន។
ចំពោះមនុស្ស ៤០នាក់ទៀតដែលមានទំនាក់ទំនងដោយប្រយោលជាមួយនឹងជនជាតិជប៉ុននោះ លោក លី សូវ៉ាន់បញ្ជាក់ថា៖
«យើងឲ្យគាត់នៅដាច់ដោយឡែកពីបងប្អូនរបស់គាត់ កូនក្មួយរបស់គាត់ ហើយតាមដានសុខភាពរបស់គាត់។ ប្រសិនបើគាត់ចេញរោគសញ្ញា យើងយកវត្ថុវិភាគជាបន្ទាន់។ ពួកគាត់ទាំងអស់មិនទាន់មានអ្នកចេញរោគសញ្ញានៅឡើយទេ។ សូមផ្តាំផ្ញើទៅបងប្អូនផ្សេងទៀតដែលធ្លាប់ជួបគាត់សូមទាក់ទងមកលេខ ១១៥»។
មកដល់ល្ងាចថ្ងៃព្រហស្បតិ៍នេះអាជ្ញាធរមិនទាន់បញ្ជាក់ថា នៅពេលណាគេនឹងយកវត្ថុវិភាគរបស់ពួកគេទៅធ្វើតេស្តទេ ហើយបច្ចុប្បន្នកំពុងតាមដានរោគសញ្ញា។
ជំងឺកូវីដ១៩ បានសម្លាប់មនុស្សជាង៣០០០នាក់ ដែលភាគច្រើននៅក្នុងប្រទេសចិន ហើយក្នុងនោះជិត ២៧០នាក់ នៅក្រៅប្រទេសចិន។ មេរោគនេះបានឆ្លងរាលដាលដល់ជាង ៧០ប្រទេស ហើយមនុស្សជាង ៩៥០០០ នាក់ឆ្លងជំងឺនេះ៕