រដ្ឋាភិបាលកម្ពុជាត្រៀមថវិកា៣០លានដុល្លារអាមេរិកដើម្បីការពារវីរុសកូវីដ-១៩ ដែលបានសម្លាប់មនុស្សជាង ៣០០០នាក់ និងមេរោគឆ្លងនានា ក្នុងរយៈពេល៦ខែខាងមុខនេះ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានដែល ចេញនៅថ្ងៃទី៤ ខែមីនាថា ក្រសួងបាននិងកំពុងសហការជាមួយក្រសួងសុខាភិបាល និងដៃគូពាក់ព័ន្ធ ដើម្បីរៀបចំក្របខណ្ឌរួម ជាវិធានការ និងយន្តការជាកញ្ចប់ ពាក់ព័ន្ធនឹងការការពារវីរុស កូវីដ-១៩ និងមេរោគឆ្លងនានាសម្រាប់រយៈពេល៦ខែ។
ក្រសួងបានបញ្ជាក់ថា ផ្នែកឯកជនបានស្នើសុំការផ្តល់ព័ត៌មាន វិធានការរបស់រដ្ឋាភិបាលលើការទប់ស្កាត់ការរីករាលដាលនៃវីរុស កូវីដ-១៩ ដូចជាការរៀបចំជាបទប្បញ្ញត្តិ និងគោលនយោបាយសម្រាប់ប្រយុទ្ធប្រឆាំងនឹងវីរុសនេះ ដើម្បីទប់ស្កាត់ការប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា។
សេចក្តីប្រកាសរបស់ក្រសួងបានឲ្យបន្ថែមថា៖
«តាមរយៈការរៀបចំបង្កើតប្រព័ន្ធការពារ និងឧបករណ៍តាមដាន រៀបចំទីកន្លែងដើម្បីទទួលដោះស្រាយ ក៏ដូចជាស្វែងរកអ្នកដែលមានលទ្ធភាពឆ្លងកុំឱ្យមានការរីករាលដាល សំដៅបង្កា ការពារ និងព្យាបាលក្នុងករណីមានការឆ្លងវីរុស»។
អ្នកស្រី ឱ វ៉ាន់ឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលឆ្លើយនឹងសំណួររបស់ VOA ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រសហ្បតិ៍នេះថា ក្រសួងសុខាភិបាលដែលសហការជាមួយក្រសួងសេដ្ឋកិច្ច ប្រើប្រាស់ថវិកានោះក្នុងការត្រៀមគ្រូពេទ្យប្រចាំការតាមបណ្តារាជធានីខេត្តមួយចំនួន ការត្រៀមឱសថ និងការព្យាបាល និងសម្ភារៈអប់រំផ្សេងៗ។
អ្នកស្រីវ៉ាន់ឌីនបានបន្ថែមថា៖
«មានទាំងការគិតគូរ ប៉ាន់ប្រមាណអំពីតម្រូវការនៃសម្ភារៈបរិក្ខារពេទ្យ។ ហើយក៏ដូចជាឱសថចាំបាច់ៗសម្រាប់ផ្គត់ផ្គង់អ្នកជំងឺ ប្រសិនបើយើងរកឃើញថាមាននរណាម្នាក់មានវិជ្ជមាននូវវីរុស កូវីដ-១៩ នេះ»។
អ្នកស្រី ម៉ាក ដាលីន អាជីវករលក់សម្លៀកបំពាក់នៅរាជធានីភ្នំពេញ ប្រាប់ VOA ថា អ្នកស្រីបានឮពីមេរោគ កូវីដ-១៩ នេះតាមបណ្តាញសង្គមហ្វេសប៊ុកប៉ុណ្ណោះ ប៉ុន្តែអ្នកស្រីថា អ្នកស្រីមិនដឹងច្បាស់អំពីរបៀបនៃការការពារនោះទេ។ អ្នកស្រីបន្ថែមថា អ្នកស្រីចង់ឲ្យមន្រ្តីជំនាញ ឬអាជ្ញាធរចុះផ្សព្វផ្សាយផ្ទាល់ដល់ប្រជាពលរដ្ឋអំពីរោគសញ្ញា និងការការពារ។
អ្នកស្រីដាលីនបន្ថែមថា៖«បើសិនពួកគាត់មកប្រាប់យើងអាចដឹង តែអត់មានពួកគាត់ចុះមកប្រាប់ផង អត់មាននរណាដែលឮនិយាយ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃពុធ បានថ្លែងជាលើកដំបូងអំពីវិធានការទប់ទល់នឹងជំងឺកូវីដ១៩ ដោយឲ្យមន្ត្រីកម្ពុជាត្រូវរៀបគម្រោងឲ្យម៉ត់ចត់ដើម្បីជួយប្រជាពលរដ្ឋខ្មែរក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះប្រសិនបើរកឃើញថាមាននៅកម្ពុជា។ លោកក៏បានប្រកាសឲ្យគ្រប់ក្រសួងស្ថាប័នទាំងអស់ កាត់បន្ថយចំណាយ៥០ភាគរយ ដើម្បីជួយសេដ្ឋកិច្ចកម្ពុជាដែលអាចរងផលប៉ះពាល់។
លោក លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លើកឡើងថា ការត្រៀមថវិកាត្រឹម៣០លានដុល្លារនេះ មិនអាចឆ្លើយតបនឹងស្ថានភាពមេរោគ កូវីដ-១៩ ដែលពិភពលោកកំពុងព្រួយបារម្ភបាននោះទេ។ លោកបន្ថែមថា រដ្ឋាភិបាលគួរបន្ថែមចំនួនកញ្ចប់ថវិកាឲ្យច្រើនជាងនេះ ដើម្បីធានាថា កម្ពុជាមានអ្នកជំនាញ និងសម្ភារៈគ្រប់គ្រាន់ក្នុងការការពារ និងដោះស្រាយបញ្ហា។
«ទំហំមួយនៃការត្រួតពិនិត្យ រួមផ្សំទាំងសម្ភារៈបច្ចេកទេសទៀតផង អាហ្នឹងបើប្រជាពលរដ្ឋមានអាការៈមិនស្រួលខ្លួន ឬក៏ពួកគេមានការបារម្ភច្រើន ពួកគេត្រូវទៅពិនិត្យទៅអី អាហ្នឹងត្រូវមានប្រព័ន្ធ ឬមធ្យោបាយសម្រាប់ឆ្លើយតបនឹងតម្រូវការទាំងអស់នោះ។ ហើយក្រៅពីនោះ ការប្រើប្រាស់មធ្យោបាយដើម្បីបង្ការនៅតាមសាលារៀនរដ្ឋ ឯកជន តាមសហគមន៍ នៅតាមតំបន់ឧស្សាហកម្មមួយចំនួនដូចជារោងចក្រកាត់ដេរអីជាដើម»។
លោក សន ជ័យ បានបញ្ជាក់អំពីករណីជនជាតិជប៉ុនម្នាក់ត្រូវបានរកឃើញថាមានវីរុស កូវីដ-១៩ ក្រោយចេញពីកម្ពុជាថា ជាការធ្វេសប្រហែស ឬកម្សោយរបស់កម្ពុជាក្នុងការត្រួតពិនិត្យ។
កាលពីថ្ងៃអង្គារ ធនាគារពិភពលោកបានបញ្ចេញកញ្ចប់ជំនួយទំហំ១២ពាន់លានដុល្លារ ដើម្បីផ្តល់ការជួយជ្រោមជ្រែងប្រកបដោយប្រសិទ្ធភាព និងយ៉ាងឆាប់រហ័សដល់ប្រទេសដែលត្រូវការចាំបាច់ ក្នុងការទប់ទល់ជំងឺ កូវីដ-១៩ ជាពិសេសសម្រាប់ប្រទេសក្រីក្រ ដែលខ្វះសមត្ថភាពក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។
វីរុស កូវីដ-១៩ បានឆ្លងរាលដាលដល់ប្រទេសជិត៨០លើពិភពលោក ដែលអ្នកឆ្លងជំងឺនេះសរុបដល់ជាង ៩៦,០០០ នាក់។ ប្រទេសកូរ៉េខាងត្បូង អ៊ីតាលី និងអ៊ីរ៉ង់មានករណីឆ្លងច្រើនជាងគេបន្ទាប់ពីប្រទេសចិន៕