មន្រ្តីក្រសួងសុខាភិបាលបានឲ្យដឹងថាស្ថានភាពជំងឺកូវីដ១៩ឆ្លងក្នុងសហគមន៍២០កុម្ភៈ មិនទាន់ធូរស្បើយនៅឡើយទេ ហើយអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីកាត់ផ្តាច់ការចម្លងទ្រង់ទ្រាយធំនេះ។
នៅថ្ងៃច័ន្ទនេះ ក្រសួងសុខាភិបាលបានឲ្យដឹងថាមនុស្ស១៨នាក់ទៀតបានឆ្លងជំងឺកូវីដ១៩នេះ ដែលនាំឲ្យករណីឆ្លងសរុបក្នុងព្រឹត្តិការណ៍ឆ្លងសហគមន៍២០កុម្ភៈ មានចំនួន៨១០ករណី ហើយក្នុងនោះមានម្នាក់ស្លាប់។
ក្នុងសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃច័ន្ទនេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានថ្លែងថាជោគជ័យនៃការកាត់ផ្តាច់ការឆ្លងនេះ អាស្រ័យលើការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ដូចជាការពាក់ម៉ាស់ រក្សាគម្លាត និងមិនធ្វើដំណើរទៅណា បើមិនចាំបាច់។
លោកស្រីបន្តថាពីដំបូងឡើយពេលឆ្លងកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍ ប្រជាពលរដ្ឋនៅបន្តចេញទៅក្រៅ ជួបជុំគ្នា និងរៀបចំពិធីផ្សេងៗ ដែលលោកស្រីចាត់ទុកថានេះជាការ«ធ្វេសប្រហែស»មួយ។
លោកស្រីថ្លែងថា៖ «គឺគាត់មិនខ្លាច គាត់នៅតែគិតថាការជួបជុំរបស់គាត់ គឺសំខាន់ជាងការឆ្លងនូវវីរុសកូវីដ១៩ អាហ្នឹងបើយើងនិយាយឲ្យអស់។ គាត់មិនបានថ្លឹងថ្លែងចាប់យកនៃការចម្លងនូវវីរុសកូវីដ១៩ខ្ពស់»។
អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនោះឲ្យដឹងទៀតថាវីរុសកូវីដ១៩បម្លែងថ្មី«កំពុងចរាចរណ៍យ៉ាងសកម្ម»ក្នុងប្រទេស ដែលនាំឲ្យមានការឆ្លងរហ័ស និងស្ថានភាពអ្នកជំងឺធ្ងន់ធ្ងរផងដែរ។
លោកស្រីអំពាវនាវជាថ្មីឲ្យប្រជាពលរដ្ឋបន្តរក្សាវិធានការសុខភាពក្នុងរយៈពេល២សប្តាហ៍ពីនេះតទៅ ដើម្បីកាត់ផ្តាច់ខ្សែចម្លង។
លោកស្រីបន្ថែមថា៖ «អញ្ចឹងក្នុងរយៈពេល២សប្តាហ៍នេះ យើងនឹងតាមដានមើល។ ប្រសិនបើបងប្អូនចូលរួមអនុវត្តបាននៅក្នុងរយៈពេល២សប្តាហ៍នេះ សម្រាប់ខ្ញុំបុគ្គលខ្ញុំ អ្នកបច្ចេកទេស ខ្ញុំរំពឹងថាស្ថានភាព ជាពិសេសករណីវិជ្ជមាននៃករណីឆ្លង នឹងថយចុះជាបណ្តើរៗ ហើយយើងនឹងអាចឈានចូលទៅដល់ការបញ្ចប់នូវការចម្លងបាននៅក្នុងពេលឆាប់ៗ»។
នៅក្នុងសន្និសីទសារព័ត៌មាននេះដដែល លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ មានប្រសាសន៍ថារដ្ឋាភិបាលបានអនុម័តអនុក្រឹត្យមួយដែលនិយាយអំពីការព្រមាននិងការផាកពិន័យជាប្រាក់ ប្រសិនបើមិនពាក់ម៉ាស់។ ប៉ុន្តែលោកថាមិនទាន់មានមានការតម្រូវជាកាតព្វកិច្ចទូទៅឲ្យពាក់ម៉ាស់នោះទេ ហើយក្រសួងសុខាភិបាលនឹងសម្រេចថាតើនៅពេលណា ដែលតម្រូវឲ្យពាក់ម៉ាស់ទូទៅ ឬនៅកន្លែងណា។
លោកមានប្រសាសន៍ថា៖ «បើសិនជាមានសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាល ដោយកំណត់ថាបុគ្គលណា ដែលត្រូវជាប់កាតព្វកិច្ចពាក់ម៉ាស់។ ទីកន្លែងណាខ្លះដែលត្រូវមានកាតព្វកិច្ចក្នុងការពាក់ម៉ាស់ ដែលផ្អែកតាមកម្រិតនៃការឆ្លងរាលដាលនៅពេលណាមួយនោះ។ ទោះបីជាត្រូវមានទោស គឺចាប់ផ្តើមពីដំបូង គឺការព្រមានសិន»។
អនុក្រឹត្យចុះថ្ងៃទី១២ ខែមីនា ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចែងថាអ្នកមិនពាក់ម៉ាស់តាមការណែនាំរបស់ក្រសួងសុខាភិបាល នឹងត្រូវព្រមានពីអាជ្ញាធរជាមុនសិន ហើយបើនៅតែរឹងទទឹងមិនព្រមពាក់ម៉ាស់ទៀត នឹងត្រូវពិន័យជាប្រាក់ចន្លោះពី២០ម៉ឺនរៀលទៅ១លានរៀល។
កាលពីសប្តាហ៍មុន ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ត្រូវបានប្រកាសឲ្យប្រើប្រាស់ជាបន្ទាន់។ ច្បាប់នេះចែងពីការដាក់ទណ្ឌកម្មរដ្ឋបាលនិងព្រហ្មទណ្ឌលើ«បុគ្គលដែលមិនអនុវត្តតាមវិធានការសុខាភិបាល វិធានការរដ្ឋបាល ឬវិធានការផ្សេងទៀតដែលដាក់ចេញតាមច្បាប់នេះ»។ អ្នកបំពានគេចវេះពីការធ្វើចត្តាឡីស័កអាចប្រឈមនឹងការជាប់ពន្ធនាគារដល់ទៅដល់៣ឆ្នាំ បើសិនជាបានចម្លងវីរុសដល់អ្នកដទៃអំឡុងការបំពាន។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយត្រូវមកធ្វើតេស្តរកវីរុសនេះ ប្រសិនបើគិតថាខ្លួនមានសញ្ញាណនៃជំងឺកូវីដ១៩ ដោយលោកបារម្ភថាប្រជាពលរដ្ឋរស់នៅជាមួយជំងឺនេះដោយមិនដឹងខ្លួន។
លោកថ្លែងថា៖ «ជួនកាលគាត់នៅតែមិនជឿថាអាហ្នឹងជាកូវីដហើយគាត់នៅតែគិតថាជាជំងឺផ្សេង ហើយគាត់អត់រួសរាន់មកពេទ្យ»។
លោក យង់ គិមអេង ក៏ជំរុញឲ្យអាជ្ញាធរចាត់វិធានការហ្មត់ចត់ចំពោះការធ្វើចត្តាឡីស័ក ដោយសារភាគច្រើននៃការឆ្លងកូវីដ១៩ក្នុងប្រទេសកម្ពុជា ជាករណីនាំចូលពីក្រៅប្រទេស៕