ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​កូវីដ​ ៦០​នាក់​ថែម​ទៀត ជាង​ ៤០​នាក់​ជា​ជន​ជាតិ​ខ្មែរ


ពលរដ្ឋ​កម្ពុជា​​ពាក់ម៉ាស់​ ពេល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ ខណៈ​កម្ពុជា​កំពុង​ប្រឈម​ការ​រាតត្បាត​នៃ​ជំងឺកូវីដ១៩​ នៅ​ភ្នំពេញ ថ្ងៃទី១០ ខែមីនា​ ឆ្នាំ២០២១។​ (ហ៊ាន​ សុជាតា/វីអូអេ)​

ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​មនុស្ស​ ៦០​ នាក់​ទៀត បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ក្នុង​ព្រឹត្តិ​ការណ៍​ឆ្លង​សហគមន៍​ដែល​ក្នុង​នោះ ជាង​ ៤០ ​នាក់​ ជា​ជនជាតិ​ខ្មែរ។

សេចក្តី​ប្រកាសព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ឲ្យ​ដឹង​ថា​ មនុស្ស​ ៦០ ​នាក់​បន្ថែម​ទៀត​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​ក្នុង​ព្រឹត្តិ​ការណ៍ «២០ ​កុម្ភៈ» កើន​ទៅ​ដល់​ ៧១២​ នាក់។ អ្នក​ឆ្លង​នៅ​ថ្ងៃ​នេះ ភាគ​ច្រើន​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ព្រៃ​វែង និង​កោះ​កុង​ជាដើម។

ក្រសួង​សុខាភិបាលក៏​បាន​ឲ្យ​ដឹង​ថា​ មនុស្ស​ ២២​ នាក់ បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​១៩​ នេះ​ផង​ដែរ។

អង្គការ​សុខភាព​ពិភពលោក​ (WHO) បាន​ប្រកាស​ឲ្យចាត់​វិធានការទាំងអស់​គ្នា​ពេល​នេះ​ ដើម្បី​បញ្ចៀសផល​ប៉ះពាល់​ធ្ងន់ធ្ងរ​។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា ​អ្នក​ជំងឺ​កូវីដ​១៩​ ម្នាក់​អាយុ​ ៥០ ​ឆ្នាំ បាន​ស្លាប់​ដែល​ជា​ករណីស្លាប់​ដំបូង​ក្នុង​ប្រទេស​កម្ពុជា។

លោកស្រី ឱ វណ្ណឌីន រដ្ឋ​លេខា​ធិការ​ក្រសួង​សុខា​ភិបាល​និង​ជា​អ្នក​នាំពាក្យ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ​អ្នក​ជំងឺ​មួយ​ចំនួន​ទៀត​មាន​សុខភាព​មិន​ល្អ​នោះ​ទេ ហើយ​ក្រុម​គ្រូ​ពេទ្យ​កំពុង​តាម​ដាន​សុខភាព​របស់​ពួកគេ។

លោក​ស្រី​បន្ថែម​ថា ​ស្ថានភាព​នៃ​ការ​រាត​ត្បាត​នៃ​វីរុស​ជំងឺ​កូវីដ​១៩​ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​នេះ ជា​«ស្ថាន​ភាព​បារម្ភ​មែន​ទែន»។ លោកស្រី​បញ្ជាក់ថា​ ជំងឺ​កូវីដ​១៩​ បម្លែង​ថ្មី​ ក៏​កំពុង​វាយ​លុក​ទីក្រុង​ភ្នំពេញ​និង​បណ្តា​ខេត្ត​ផ្សេង​ៗ​ផង​ដែរ។

គួរ​បញ្ជាក់​ថា​ ករណីឆ្លងសរុបក្នុង​ប្រទេសកម្ពុជា មាន​ចំនួន​ ១២២៥ ​នាក់ គិត​ចាប់​ពី​ថ្ងៃ​ឆ្លង​ជំងឺ​កូវីដ​១៩ លើក​ដំបូង​ក្នុង​ប្រទេស រហូត​មក​ដល់​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​ ២០២១ ​នេះ៕

XS
SM
MD
LG