ការបំភ្លឺរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅរដ្ឋសភា អំពីបញ្ហាមិនប្រក្រតីលើវិស័យសុខាភិបាលនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ជាការបំភ្លឺដែលគ្មានភាពត្រឹមត្រូវ និងមិនអាចទទួលយកបាន។ នេះបើតាមសម្ភីរបស់ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា~ព្រឹទ្ធសភានៃរដ្ឋសភាកម្ពុជា។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានចូលបំភ្លឺនៅរដ្ឋសភាតាមការកោះអញ្ជើញពីប្រធានគណៈកម្មការទី១គឺលោក អេង ឆៃអ៊ាង ពាក់ព័ន្ធនឹងការលក់ដូរមន្ទីរពេទ្យមួយចំនួនតាមបណ្ដារាជធានីខេត្ត ការបាត់ប្រាក់មូលនិធិទិញមុងការពារជំងឺគ្រុនចាញ់ ការផ្ដល់សេវាមិនត្រឹមត្រូវតាមមន្ទីរពេទ្យរដ្ឋ និងឯកជនជាដើម។
ក្នុងការបំភ្លឺនោះ ប្រធានរដ្ឋសភា លោក ហេង សំរិន បានអានសំណួរចំនួន១០ សួរទៅកាន់រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ឆ្លើយតបទៅនឹងសំនួរចំនួន១០នោះ នៅចំពោះមុខគណៈកម្មការរយៈពេលមួយម៉ោង លោក ម៉ម ប៊ុនហេង បានអានចម្លើយដែលបានសរសេរត្រៀមទុកមុនជាស្រេច។
លោក ម៉ម ប៊ុនហេង បានអានចេញពីឯកសារត្រៀមទុកដែលមានប្រហែលជិត១០សន្លឹកថា នៅក្នុងរាល់ការដោះដូរមន្ទីរពេទ្យ ក្រសួងបានអនុវត្តដោយតម្លាភាពតាមនីតិវិធីរដ្ឋ ដោយមានការចូលរួមរបស់គណៈកម្មការអន្តរក្រសួង។
សម្រាប់មូលនិធិជំនួយក្នុងការទិញមុងការពារជំងឺគ្រុនចាញ់របស់គម្រោងមូលនិធិសកល (Global Fund) នោះ លោកបញ្ជាក់ថា ក្រសួងពុំមានកាតព្វកិច្ចដោះស្រាយនោះទេ ដោយលោកអះអាងថារឿងនេះជាសមត្ថកិច្ចផ្ដាច់មុខរបស់អង្គភាពប្រឆាំងអំពើពុករលួយ។
ពាក់ព័ន្ធនឹងចំណុចផ្សេងៗទៀត លោក ម៉ម ប៊ុនហេង បានបន្តអានឯកសារដែលត្រៀមទុកនោះដោយ អះអាងថា ក្រសួងបាននិងកំពុងតែពង្រឹង និងអនុវត្តច្បាប់ជាជំហានៗ និងបន្តការយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាដែលស្របទៅតាមនីតិវិធីច្បាប់។
លោក ម៉ម ប៊ុនហេង ក៏បានស្នើឲ្យគណៈកម្មការនេះប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងករណីដែលគណៈកម្មការរកឃើញថា មានការដោះដូរ ការឃុបឃិត ឬអំពើពុករលួយក្នុងវិស័យសុខាភិបាលនេះ។
ក្រោយបញ្ចប់ការបំភ្លឺ លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សប្រឆាំង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការឆ្លើយបំភ្លឺរបស់លោក ម៉ម ប៊ុនហេង ចំពោះករណីនៃការដោះដូរមន្ទីរពេទ្យហើយចែកលុយទៅបុគ្គលិកកុំឲ្យតវ៉ា ការទិញគ្រឿងបរិក្ខារ និងការទិញថ្នាំពេទ្យ ខុសតម្លៃទីផ្សារ សុទ្ធតែជាការលើកឡើងដែលមិនអាចទទួលយកបាន។
លោកបន្តថា ការរុញទំនួលខុសត្រូវទៅអង្គភាពប្រឆាំងអំពើពុករលួយ និងការលើកឡើងពីចំណុចផ្សេងៗទៀត គឺជាចម្លើយដែលបង្ហាញពីការទទួលខុសត្រូវមានកម្រិតទាបក្នុងនាមជារដ្ឋមន្ត្រី។
«ចម្លើយហ្នឹងអត់ការពិត ហើយគាត់អត់បានឆ្លើយផងពេលខ្លះ យើងស្ដាប់ទៅគាត់ឆ្លើយអត់ចំសំណួរផង។ យើងមើលទៅសំណួរឃើញអ្នកកាសែតទទួលបានអស់ហើយ ប៉ុន្តែឃើញអារបាយការណ៍គាត់មកហ្នឹង វាអត់ចំសំណួរ។ អញ្ចឹងយើងមិនអាចចាត់ទុកថាជាចម្លើយក៏ថាបានដែរ»។
លោកបានបន្ថែមយ៉ាងដូច្នេះថា៖
«ខ្ញុំស្នើសុំ បើថាយើងមានការទទួលខុសត្រូវ ថាយើងបានធ្វើត្រឹមត្រូវ យើងទៅខ្លាចអីអាព័ត៌មានទាំងអស់ហ្នឹង? ដាក់ក្នុងវែបសាយ (Website)របស់ក្រសួងទៅ នែ! ក្រុមហ៊ុនដេញបានតម្លៃប៉ុណ្ណេះទៅ អាហ្នឹងគេអស់ចិត្តហើយ មហាជន។ តែបើយើងនិយាយថា យើងធ្វើត្រឹមត្រូវតម្លាភាព ប៉ុន្តែមហាជន នៅតែអត់បានឃើញតម្លៃពិតប្រាកដហ្នឹង ហើយដែលគេដឹងអាក្រោយឆាកហ្នឹង វាថ្លៃជាង គេនៅតែនិយាយហើយរឿងហ្នឹង»។
លោក អេង ឆៃអ៊ាង បន្ថែមថា រយៈពេល១ម៉ោងដែលកំណត់ដោយប្រធានរដ្ឋសភាក្នុងការសួរ និងឆ្លើយបំភ្លឺនេះ មានរយៈពេលខ្លីពេក ជាមូលហេតុមិនអាចឲ្យគណៈកម្មការសួរនាំបានលម្អិត។
ទោះជាយ៉ាងណាលោកថា គណៈកម្មការរបស់លោកនឹងស៊ើបអង្កេតជាបន្តបន្ទាប់ក្នុងការប្រជុំផ្ទៃក្នុងដើម្បីស្វែងរកការពិត។
VOA មិនអាចទាក់ទងសុំការបំភ្លឺបន្ថែមពីលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលពាក់ព័ន្ធនឹងការលើកឡើងរបស់លោក អេង ឆៃអ៊ាង បានទេ។
លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ប្រាប់ VOA ថា សេវាសុខាភិបាលដែលតែងរងការរិះគន់ថា មានអំពើពុករលួយ និងភាពអសកម្មរបស់ថ្នាក់ដឹកនាំក្រសួង សុទ្ធតែជាមូលហេតុធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្ត និងត្រូវចំណាយប្រាក់ទៅបរទេសដើម្បីព្យាបាលជំងឺ។
«កាលណាភាពជាអ្នកដឹកនាំមិនបានបង្ហាញឲ្យច្បាស់លាស់ មិនបានបំពេញភាពជាគំរូច្រើនទេ វាអាចធ្វើឲ្យនៅថ្នាក់ក្រោមហ្នឹងគេមើលបំណាំ ហើយការមើលបំណាំនេះវានាំឲ្យប៉ះពាល់ដល់ការផ្ដល់សេវាសាធារណៈផ្នែកសុខាភិបាលហ្នឹង។ វាមិនមែនជារឿងមួយដែលត្រូវតែនៅដដែលទេ។ វិស័យសុខាភិបាលនេះ ចាំបាច់ត្រូវមានការធ្វើកំណែទម្រង់ដ៏ហ្មត់ចត់មួយ។ ប្រព័ន្ធនៃអភិបាលកិច្ចផ្ទៃក្នុងត្រូវតែរៀបចំឲ្យបានប្រសើរជាងមុន»។
សេវាសុខាភិបាលនៅប្រទេសកម្ពុជាត្រូវបានគេរិះគន់ជារឿយៗ តាមសារព័ត៌មាន និងបណ្ដាញសង្គម ថាមិនមានគុណភាព និងវិជ្ជាជីវៈត្រឹមត្រូវ ជាពិសេសទាក់ទិននឹងក្រមសីលធម៌ និងវិជ្ជាជីវៈរបស់គ្រូពេទ្យ ។
វេជ្ជបណ្ឌិតនិងអ្នកជំនួញដ៏មានទ្រព្យធនម្នាក់ គឺលោក គួច ម៉េងលី បានរិះគន់សេវាសុខាភិបាលលើទំព័រសារព័ត៌មានថា លោកមានសេចក្ដីរន្ធត់ដែលឃើញឥរិយាបថរបស់គ្រូពេទ្យខ្មែរមួយចំនួនគ្មានសីលធម៌ គ្មានក្ដីមេត្តា និងគ្មានក្ដីសន្ដោសដល់អ្នកជំងឺក្រីក្រ ហើយលោកបានដាក់ពិន្ទុវិស័យសុខាភិបាលចំនួន២ បើរាប់ពី១ ដល់១០។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែអំពាវនាវឲ្យប្រជាពលរដ្ឋគាំទ្រសេវាសុខភាពនៅកម្ពុជាខណៈដែលលោក និងមន្ត្រីរដ្ឋាភិបាលធំៗ តែងតែទៅរកសេវាសុខភាពនៅប្រទេសផ្សេង ដូចជាប្រទេសសិង្ហបុរី និងប្រទេសថៃជាដើម។
ជាច្រើនឆ្នាំចុងក្រោយនេះ មានអ្នកជំងឺកម្ពុជាជាច្រើនដែលមានទ្រព្យធន បានធ្វើដំណើរពីកម្ពុជាទៅកាន់ប្រទេសជិតខាងដើម្បីប្រើសេវាសុខាភិបាលរបស់ប្រទេសទាំងនោះដោយសារពួកគេលើកឡើងថា ពួកគេមិនទុកចិត្តទៅលើសេវាសុខាភិបាលកម្ពុជា៕