ខណៈដែលស្ថានការណ៍នយោបាយកម្ពុជា ហាក់កំពុងវិលមករកភាពប្រក្រតីឡើងវិញនោះ ក្រុមអ្នកធ្វើយុទ្ធនាការ បានសម្រេចផ្អាកការធ្វើ «យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ» ដែលមានគោលបំណងទាមទារឲ្យរដ្ឋាភិបាលដោះលែងមន្ត្រីសិទ្ធិមនុស្ស និងអគ្គលេខាធិការរងគណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ការផ្អាកនេះ ត្រូវបានធ្វើឡើងដោយក្រុមអ្នកធ្វើយុទ្ធនាការនេះរំពឹងថា រដ្ឋាភិបាល នឹងដោះលែងអ្នកជាប់ឃុំទាំងនេះ រួមទាំងអ្នកស្រី ទេព វន្នី ផងដែរ។
ក្រុមអ្នកធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅនៅតំបន់បឹងកក់ បានប្រកាសផ្អាកយុទ្ធនាការ ដែលបានធ្វើ មកដល់សប្ដាហ៍ទី ៣៣ គិតដល់ត្រឹមថ្ងៃចន្ទកន្លងទៅនេះ។
ក្រុមអ្នកតាមដានស្ថានភាពសិទ្ធិមនុស្សនិងការអភិវឌ្ឍសង្គមកម្ពុជា ចាត់ទុកការផ្អាក«យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ»ថា ជាការសាកល្បងឆន្ទៈរបស់ក្រុមអ្នកនយោបាយ នៃគណបក្សធំៗទាំងពីរ នៅក្នុងការស្វែងរកដំណោះស្រាយដើម្បីដោះលែងក្រុមមន្ត្រីសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្ស អាដហុក មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងអ្នកស្រី ទេព វន្នី សកម្មជនដីធ្លីដ៏សកម្ម ដែលបានទទួលជ័យលាភីរង្វាន់ស្ត្រីជាអ្នកដឹកនាំរបស់អង្គការ Vital Voices។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ ប្រាប់ VOA នៅថ្ងៃអង្គារនេះថា ក្រុមអ្នកការពារសិទ្ធិលំនៅដ្ឋាននៅតំបន់បឹងកក់ ធ្វើការសម្រេចចិត្តត្រឹមត្រូវក្នុងការផ្អាកយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» នេះ នៅគ្រាដែលស្ថានភាពនយោបាយ បានងាកមករកស្ថានភាពធូរស្បើយ។
លោកនិយាយថា ការផ្អាកយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅនេះ អាចជាការស្ទាបស្ទង់ឆន្ទៈនយោបាយរបស់មេដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅក្នុងការជួបចរចា ដើម្បីដោះលែងអ្នកជាប់ពន្ធនាគារដោយសាររឿងក្ដីក្ដាំទាំងឡាយ ដែលមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ។
លោកបន្តថា ក្រុមអ្នកការពារសិទ្ធិលំនៅដ្ឋាន នៅក្នុងតំបន់បឹងកក់នៅតែអាចបន្តធ្វើយុទ្ធនាការពណ៌ខ្មៅនេះ បានដដែល ប្រសិនបើមិនមានការដោះលែងអ្នកទាំងនោះក្នុងខែធ្នូនេះ។
យ៉ាងណាក៏ដោយ លោកជឿជាក់ថា ដំណោះស្រាយសម្រាប់អ្នកជាប់ឃុំទាំងនោះនឹងកើតមាន ក្រោយពីមានការលើកលែងទោសដល់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។
«អញ្ចឹងបើសិនអ្នកនយោបាយគាត់ចរចាគ្នា ហើយគាត់មានការបន្តវប្បធម៌សន្ទនាជាមួយគ្នាបន្តទៀត អញ្ចឹងយើងឃើញថា ការលើកលែងទោសទៅលើឯកឧត្ដម កឹម សុខា ការលើកលែងទោស ទៅលើលោក មេឃុំ ស៊ាង ចែត ជាសញ្ញាណវិជ្ជមានសម្រាប់ឆ្ពោះទៅការដោះលែងអ្នកទាំងអស់ហ្នឹងផងដែរបាទ»។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍន៍សង្គមយល់ថា ការផ្អាកយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ គឺជាកាយវិការទន់ភ្លន់មួយរបស់ក្រុមអ្នកធ្វើយុទ្ធនាការនេះ ហើយថា ការផ្អាកនេះ គឺជាការទុកពេលឲ្យរដ្ឋាភិបាល ពិចារណាលើការដោះលែងក្រុមមន្ត្រីសិទ្ធិមនុស្ស មន្ត្រី (គ.ជ.ប) និងសកម្មជនការពារដីធ្លីនៅតំបន់បឹងកក់ ដែលត្រូវបានចាប់ដាក់ក្នុងពន្ធនាគារ ដោយសារតែរឿងនយោបាយ។
លោកអះអាងថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា អាចនឹងស្តារប្រជាប្រិយភាពខ្លួនឡើងវិញបាន ប្រសិនបើមានការដោះលែងអ្នកទាំងនេះ។
លោកបន្ថែមថា រដ្ឋាភិបាលត្រូវផ្ដោតទៅលើកំណែទម្រង់ ជាជាងចំណាយពេលវេលាច្រើនហួសហេតុ លើការធ្វើបាបក្រុមអ្នករិះគន់ខ្លួនទាំងនោះ។
«អញ្ចឹងយើងចង់ឃើញរដ្ឋាភិបាល គួរចំណាយពេលឲ្យច្រើន គិតគូអំពីរឿងការកំណែទម្រង់ទៅ ហើយយកល្អ គឺវិលទៅរកការអនុវត្តនយោបាយឈ្នះៗ ដូចដែលសម្ដេចលោកធ្លាប់ធ្វើពីមុនមក។ អាហ្នឹងខ្ញុំគិតថា គណបក្សប្រជាជន នឹងអាចមានការរស់រានជីវិត ដែលប្រកបដោយការគាំទ្រពីមហាជនឡើងវិញ។ ប៉ុន្តែ បើសិនជាធ្វើដូចកន្លងមកហើយនេះ គឺមានអ្នកចាញ់ និងមានអ្នកឈ្នះ អ្នកដែលរងគ្រោះ គឺមិនមែនគណបក្សសង្គ្រោះជាតិទេ គឺប្រជាប្រិយភាពរបស់គណបក្សប្រជាជនទេ ដែលត្រូវទទួលរងការខូចខាតនោះ»។
ការប្រកាសផ្អាកយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅនេះ កើតមានឡើង ក្រោយការវិលត្រឡប់របស់លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ទៅកាន់រដ្ឋសភា។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានជួបផ្ទាល់ជាមួយលោក កឹម សុខា នៅរដ្ឋសភា កាលពីដើមខែធ្នូនេះ បានឲ្យដឹងថា នឹងមានការពិនិត្យលើការឃុំខ្លួនអ្នកការពារសិទិ្ធមនុស្ស និង មន្ត្រី គ.ជ.ប ឲ្យបានមុនដំណាច់ខែធ្នូនេះ។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅរដ្ឋសភា យ៉ាងដូច្នេះថា៖
«បើតាមខ្ញុំដឹង មុនដំណាច់ខែ ១២នេះ នឹងមានការដោះស្រាយ ករណីមន្ត្រីសិទ្ធិមនុស្ស ហើយនឹងអគ្គលេខាធិការរង គ.ជ.ប»។
អ្នកការពារសិទ្ធិមនុស្ស៤នាក់នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក ដែលរួមមាន លោក នី សុខា លោក យី សុខសាន លោក ណៃ វ៉ង់ដា និង អ្នកស្រី លឹម មុនី ព្រមទាំង លោក នី ចរិយា មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាអតីតអ្នកការពារសិទ្ធិមនុស្សដ៏លេចធ្លោម្នាក់នៃសមាគមអាដហុកនេះដែរ ត្រូវបានឃុំខ្លួនចាប់តាំងពីខែមេសា ឆ្នាំ២០១៦មក។
ការចាប់ខ្លួនពួកគេកើតមាន ក្រោមបទចោទប្រកាន់ទាក់ទងនឹងការផ្ដល់ការប្រឹក្សាផ្លូវច្បាប់ដល់នារីកាត់សក់ម្នាក់ ដែលត្រូវគេចោទថា មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។
អ្នកស្រី ទេព វន្នី ដែលបានចូលរួម និងដឹកនាំការធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅយ៉ាងសកម្មដើម្បីទាមទារឲ្យមានការដោះលែងអ្នកទាំងនោះ ត្រូវបានចាប់ឃុំខ្លួន និង កាត់ទោសក្នុងករណីជាច្រើនពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើហិង្សា។
អ្នកស្រី បូវ សោភា ដែលជាសកម្មជនដីធ្លីតំបន់បឹងកក់ដែរនោះ ប្រាប់ VOAថា ក្រុមអ្នកការពារសិទ្ធិលំនៅដ្ឋាន បានសម្រេចចិត្តមិនស្លៀកពាក់ខោអាវពណ៌ខ្មៅតទៅទៀត នៅក្នុងសប្ដាហ៍ទី ៣៣នេះ ដោយសារពួកគេយល់ថា ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អំពីដំណោះស្រាយសម្រាប់អ្នកជាប់ក្នុងពន្ធនាគារទាំងនោះ នឹងបើកផ្លូវឲ្យមានការដោះលែងពួកគេទាំងនោះមកវិញ។
អ្នកស្រីបន្តថា ដំណោះស្រាយក៏នឹងអាចកើតមានចំពោះអ្នកស្រី ទេព វន្នី ផងដែរ។
«ក្នុងសប្ដាហ៍ទី៣៣ ពួកយើងបានបត់អាវខ្មៅទុក ដើម្បីឲ្យពួកគាត់មានសេរីភាពឡើងមកវិញ ទៅតាមអនុសាសន៍របស់ឧបនាយករដ្ឋមន្ត្រី ស ខេង។ អញ្ចឹង បើសិនជាមិនមានការដោះលែង គឺពួកខ្ញុំនឹងបន្តធ្វើយុទ្ធនាការ នៅខែ០១ បន្តទៀត តែយើងសង្ឃឹមជឿជាក់ពួកគាត់ នឹងមានសេរីភាពនៅពេលឆាប់ៗនេះ»។
កម្រងករណីសិក្សាលើការចាប់ខ្លួនក្រុមអ្នកតវ៉ាការពារសិទ្ធិមនុស្សដែលចេញផ្សាយដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅក្នុងឱកាសប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិថ្ងៃទី ១០ ធ្នូ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានការចាប់ខ្លួនចំនួន៣៣លើក ក្នុងការតវ៉ានៅក្នុងយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» ដែលពាក់ព័ន្ធនឹងបុគ្គលចំនួន២១នាក់ ដែលអ្នកខ្លះធ្លាប់ត្រូវបានចាប់ខ្លួនជាច្រើនដងរួចមកហើយ៕