សាកលវិទ្យាល័យ Harvard ដែលជាសាកលវិទ្យាល័យដ៏ល្បីល្បាញបំផុតមួយរបស់អាមេរិកបានប្រាប់ឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួនបានទទួលអំណោយដ៏ធំបំផុតដែលមិនធ្លាប់មានកាលពីពេលមុនគឺថវិកាចំនួន៤រយលានដុល្លារពីលោក John Paulson មហាសេដ្ឋីរបស់ក្រុមហ៊ុន Wall Street Journal។
សាកលវិទ្យាល័យនោះបានប្រាប់ឲ្យដឹងថា ប្រាក់នោះនឹងជួយឧបត្ថម្ភគាំទ្រសាលាវិស្វកម្មនិងវិទ្យាសាស្រ្តដែលត្រូវគេដាក់ឈ្មោះរបស់ម្ចាស់អំណោយដែលមានអាយុ៥៩ឆ្នាំរូបនេះ ហើយដែលបានប្រឡងបញ្ចប់ការសិក្សាពីសាលាពាណិជ្ជកម្ម Harvard នៅឆ្នាំ១៩៨០។
សាលាវិទ្យាសាស្រ្តនិងវិស្វកម្មរបស់សាកលវិទ្យាល័យ Harvard បានពង្រីកយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ មន្ទីរពិសោធន៍របស់សាលានោះបាននាំមុខយ៉ាងខ្លាំងនៅក្នុងវិស័យផ្សេងៗដូចជាការអភិវឌ្ឍមនុស្សយន្តហើយនិងថ្នាំវ៉ាក់សាំងចាក់ការពារមហារីកក្នុងរាង្គកាយ។
ទ្រព្យសម្បត្តិរបស់លោក Paulson ត្រូវបានគេប៉ាន់ស្មានថា មានជាង១១ពាន់លានដុល្លារ។ នៅក្នុងការវិនិយោគទុនរបស់សហរដ្ឋអាមេរិកក្នុងពិភពលោក លោកបានទាយត្រូវអំពីតម្លៃអចលនទ្រព្យដែលមានការប្រាក់ទាបនៅពេលដែលទីផ្សារផ្ទះសម្បែងរបស់សហរដ្ឋអាមេរិកបានដាំក្បាលចុះនៅឆ្នាំ២០០៧ រយៈពេលប៉ុន្មានខែមុនពេលការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងខ្លាំងចាប់តាំងពីការមិនរីកចម្រើនសេដ្ឋកិច្ចយ៉ាងខ្លាំងនៅទសវត្សរ៍១៩៣០មក។
នៅក្នុងការប្រកាសផ្តល់អំណោយរបស់លោកដល់សាកលវិទ្យាល័យ Harvard លោក Paulson បានមានប្រសាសន៍ថា គ្មានអ្វីដែលមានសារៈសំខាន់ជាងការធ្វើឲ្យប្រសើរឡើងនូវជីវិតមនុស្សជាតិជាងការសិក្សាអប់រំនោះទេ។
ប្រាក់ទេយ្យទានរបស់សាកលវិទ្យាល័យ Harvard ឥឡូវនេះមានចំនួនសរុប៣៦ពាន់៦រយលានដុល្លារដែលធ្វើឲ្យសាកលវិទ្យាល័យនេះក្លាយជាសាកលវិទ្យាល័យមានជាងគេបំផុតនៅក្នុងពិភពលោក៕