ថ្វីបើអំពើហិង្សាចំពោះអ្នកនិពន្ធនិងអ្នកស្រាវជ្រាវកម្ពុជា បានធ្លាក់ចុះក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះក្តី អ្នកនិពន្ធជាច្រើននិយាយថា ពួកគាត់នៅតែទទួលរងការរឹតត្បិតជាខ្លាំង។ កម្មវិធីអក្សរសិល្បមួយនៅសាកលវិទ្យាល័យហារវើដ (Harvard University) ក្នុងរដ្ឋ Massachusetts សហរដ្ឋអាមេរិក ផ្តល់កន្លែងដល់អ្នកនិពន្ធដែលមកពីប្រទេសនានាដូចជាកម្ពុជា ដើម្បីអាចឲ្យពួកគាត់ធ្វើការសរសេរនិពន្ធដោយសេរីនិងមិនមានការរឹតត្បិត។
កម្មវិធី Harvard Scholars at Risk (អ្នកនិពន្ធរងការគំរាម) នៅសាកលវិទ្យាល័យនេះបានរៀបចំពិធីបង្ហាញ «Living Magazine» ឬ «សិទ្ធិសេរីភាពក្នុងការតែងនិពន្ធ» កាលពីខែមេសា ដែលនៅក្នុងកម្មវិធីនេះ អ្នកនិពន្ធដូចជាអ្នកស្រី កែវ ច័ន្ទបូរណ៍ ជាដើម ធ្វើការសូត្រនិងបង្ហាញស្នាដៃនិពន្ធរបស់ពួកគាត់។ អ្នកស្រី កែវ ច័ន្ទបូរណ៍ មានស្រុកកំណើតនៅខេត្តបាត់ដំបង ហើយបានថ្លែងទាំងយំខ្សឹកខ្សួល ទៅកាន់អ្នកចូលរួមថា៖
«ខ្ញុំត្រូវរត់ចោលប្រទេសដើម្បីអាយុជីវិត តែខ្ញុំមិនអាចឈប់សរសេរបានទេ។ ការសរសេរជាជីវិតរបស់ខ្ញុំ»។
លោក ខូ តារាឫទ្ធិ ជាអ្នកស្រាវជ្រាវខ្មែរដំបូងក្នុងកម្មវិធី Harvard Scholars at Risk នេះ បានសូត្រកំណាព្យមួយដែលមានចំណងជើងថា«បុប្ផា»។ កំណាព្យនេះរៀបរាប់អំពីបញ្ហានឹកស្រណោះស្រុកទេស ហើយដូចកំណាព្យផ្សេងទៀតរបស់លោកដែរ មានបង្កប់នូវអត្ថន័យនយោបាយ។
លោក តារាឫទ្ធិ ពន្យល់អំពីការរឹតត្បិតសេរីភាពបញ្ចេញមតិនៅប្រទេសកម្ពុជាថា៖ «នៅប្រទេសកម្ពុជាកុំថាឡើយត្រឹមតែសរសេរ សូម្បីតែយើងនិយាយគ្នាធម្មតា សូម្បីតែយើងអានអត្ថបទដែលមានការរិះគន់ទៅដល់អ្នកមានអំណាចខ្លះ ក៏ប្រជាជនខ្មែរយើងអត់ហ៊ានដែរ។ ការណ៍ដែលគេមិនហ៊ាននេះ ប្រហែលជាមកពីទីមួយគឺគេខ្លាច ហើយបើសិនជាសួរថាខ្លាចអី គឺគេខ្លាចជាប់គុក គេខ្លាចអ្វីដែលគេនិយាយហ្នឹង ប៉ះពាល់ទៅដល់អ្នកនយោបាយ អ្នកមានអំណាចបច្ចុប្បន្ន ដែលធ្វើឲ្យគេមានបញ្ហាទៅបានជាមនុស្សម្នាក់ៗស្ងៀមស្ថាត់ទៅ។»
បរិយាកាសនៃការចែកចាយព័ត៌មាននៅប្រទេសកម្ពុជានៅមានការរឹតត្បិតជាខ្លាំងនៅឡើយ។ អង្គការ Freedom House ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយដែលប្រៀបធៀបកម្រិតសេរីភាពរបស់ប្រទេសនានាក្នុងពិភពលោក បានចាត់ទុកប្រទេសកម្ពុជានៅឆ្នាំ២០១១ថា «មិនមានសេរីភាព» ចំពោះសិទ្ធិនយោបាយនិងសិទ្ធិពលរដ្ឋ ដែលក្នុងនោះរួមមានសិទ្ធិសេរីភាពក្នុងការសរសេរនិពន្ធផងដែរ។
អ្នករិះគន់ខ្លះនិយាយថា ការរឹតត្បិតនេះក៏កើតមានចំពោះការសិក្សាស្រាវជ្រាវនៅតាមសាកលវិទ្យាល័យផងដែរ ដោយពេលពេលកន្លងមកនេះ មានការហាមឃាត់និស្សិតមិនឲ្យសរសេរប្រធានបទសារណាមួយចំនួននៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ មន្ត្រីសាកលវិទ្យាល័យបានការពារការសម្រេចនេះដោយសំអាងថា ការហាមឃាត់នេះមានបំណងប្រឆាំងនឹងការលួចចម្លងគ្នារបស់និស្សិត។
លោក ខូ តារាឫទ្ធិ យល់ថាស្ថានភាពនៃការរឹតត្បិតការសរសេរនៅក្នុងប្រទេសកម្ពុជានេះ គឺផ្ទុយស្រឡះអំពីបរិយាកាសនៃការសិក្សាស្រាវជ្រាវនៅតាមសាកលវិទ្យាល័យបស្ចឹមប្រទេស ដូចជាសាកលវិទ្យាល័យ Harvard ដ៏ល្បីរបស់សហរដ្ឋអាមេរិកនេះជាដើម។
លោកថា បរិយាកាសនៃការស្រាវជ្រាវនៅទីនេះពោរពេញដោយសេរីភាព។
«យើងចង់សរសេរអីក៏ដោយ គេឲ្យយើងសរសេរ គេឲ្យលុយយើងសរសេរទៀត។ គេថាអ្នកឯងចង់ធ្វើនេះសរសេរ proposal (សំណើ) មក ហើយគេមិនដែលនិយាយថា អ្នកឯងកុំធ្វើនេះ កុំធ្វើនោះ វាខុស វាទាក់ទងនឹងរឿងនយោបាយ ឬវាទាក់ទងនឹងរឿងនេះរឿងនោះ គេអត់និយាយទេ គេថាធ្វើចុះ។ ហើយគេមានតែលើកទឹកចិត្តឲ្យយើងធ្វើថែមទៀត។»
អ្នកនាង Aisha Down និស្សិតអក្សរសាស្ត្រម្នាក់នៅសាកលវិទ្យាល័យ Harvard ដែលធ្លាប់បានរស់នៅប្រទេសកម្ពុជារយៈពេល៩ខែនិយាយថា ដំបូងនាងមិននឹងស្មានថាសង្គមខ្មែរមានការរឹតត្បិតសេរីភាពទេ ព្រោះមិនមានស្ថាប័នឬប្រព័ន្ធរឹតត្បិតដែលគេមើលឃើញជាក់ស្តែងដូចនៅប្រទេសផ្សេងទៀត។ ប៉ុន្តែនាងថា តាមពិតប្រព័ន្ធរឹតត្បិតនេះចេញពីវប្បធម៌នៃការបំភិតបំភ័យនិងអំពើហិង្សា ហើយនាំឲ្យមានប្រយ័ត្នប្រយែងខ្លួនឯង (self-censorship)។ នាង Aisha និយាយថា៖
«នៅពេលដែលមានអំពើហិង្សានោះកើតឡើងហើយ ពាក្យចចាមរ៉ាមចាប់ផ្តើមរីកសាយ ហើយអ្នកដែលធ្លាប់ហ៊ាននិយាយរិះគន់ដែរដឹងខ្លួនថា គ្រួសាររបស់គាត់ និងរូបគាត់ផ្ទាល់កំពុងរងគ្រោះថ្នាក់ ហើយដឹងថាបើគាត់ហ៊ាននិយាយបែបនេះទៀត រឿងរ៉ាវដូចគ្នានេះនឹងកើតចំពោះគាត់ដែរ។ ដូច្នេះដោយសារគេមិនដឹងថាគ្រោះថ្នាក់នោះចេញមកពីទីណា គេមិនមានវិធីអាចប្រឆាំងនឹងការបំបិទមាត់បែបនេះបានទេ។»
ប៉ុន្តែការខ្វះខាតសេរីភាពបញ្ចេញមតិអាចមានផលប៉ះពាល់ហួសពីសន្តិសុខបុគ្គលទៅទៀត គឺអាចប៉ះពាល់ដល់ស្ថេរភាពយូរអង្វែងរបស់សង្គមទៀតផង។
លោក Steven Pinker សាស្ត្រាចារ្យសាកលវិទ្យាល័យ Havard ផ្នែកចិត្តសាស្ត្រ និងជាអ្នកស្រាវជ្រាវផ្នែកចិត្តសាស្ត្រដ៏ល្បីបំផុតម្នាក់ក្នុងពិភពលោកបានពន្យល់ប្រាប់វីអូអេ អំពីឫសគល់នៃអំពើឃោរឃៅនានា ថា៖
«ដូច្នេះហេតុអ្វីបានជាកើតមានវាលពិឃាតនៅកម្ពុជា ឬ ការសម្លាប់ Holocaust នៅអាល្លឺម៉ង់? តាមការសង្កេត គឺមនុស្សទាំងអស់ត្រូវបង្ខំឲ្យជឿនៅគ្រប់ពេលទាំងអស់។ ហើយមូលហេតុមួយគឺថា ពលរដ្ឋត្រូវគេបំភិតបំភ័យមិនឲ្យនិយាយពីអ្វីដែលពួកគេចង់និយាយ។ តាមពិតទៅមានមនុស្សតិចណាស់ដែលជឿលើមនោគមន៍វិជ្ជាអាក្រក់ទាំងនោះ ប៉ុន្តែម្នាក់ៗគិតថាអ្នកដទៃគ្រប់គ្នាសុទ្ធតែជឿ ព្រោះមិនមាននរណាម្នាក់ហ៊ាននិយាយការណ៍ពិតទេ ដោយសារបើនិយាយគេនឹងត្រូវសម្លាប់ចោលភ្លាម។»
កម្មវិធីនានាដូចជា Scholars at Risk នេះជាដើម អាចជួយអ្នកនិពន្ធមកពីប្រទេសនានា មានឱកាសនិពន្ធក្នុងបរិយាកាសមិនមានការរឹតត្បិតសេរីភាព។
អ្នកស្រី Jane Unrue ដែលនៅក្នុងគណៈកម្មាធិការកម្មវិធី Scholars at Risk ហើយជាអ្នករៀបចំកម្មវិធី Living Magazine សង្ឈឹមថា កម្មវិធីនៅសាកលវិទ្យាល័យ Harvard នេះ នឹងជួយដល់លោក តារាឫទ្ធិ ក៏ដូចជាអ្នកនិពន្ធដទៃទៀតនៅប្រទេសកម្ពុជា។ អ្នកស្រីថ្លែងថា៖
«ខ្ញុំគិតថាមានឥទ្ធិពលនៅពីរថ្នាក់។ ទី១ ស្នាដៃសិល្បៈផ្ទាល់ខ្លួនរបស់លោកកាន់តែបានប្រសើរ។ ខ្ញុំគិតថានៅទីនេះ លោករឹតតែស្រឡាញ់ភាសាកំណើតរបស់លោកថែមទៀត។ ហើយទី២ ខ្ញុំយល់ថា លោកប្រាកដជាកាន់តែមានលទ្ធភាពអាចផ្សាយស្នាដៃរបស់លោកចំពោះអ្នកដែលមិនចេះភាសាខ្មែរទៀតផង។ ហើយខ្ញុំគិតថា ការណ៍នេះនឹងមានសារៈសំខាន់ណាស់ចំពោះប្រទេសកម្ពុជា និងអ្នកនិពន្ធផ្សេងទៀតនៅកម្ពុជា។»