អនុប្រធានាធិបតីអាមេរិកអ្នកស្រី Kamala Harris បានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍ឱ្យពលរដ្ឋអាមេរិកាំងច្រានចោលការបែងចែកនយោបាយនិងជំនួសមកវិញនូវអ្វីដែលអ្នកស្រីហៅថាជា «មាគ៌ាថ្មីឆ្ពោះទៅមុខ» នៅពេលអ្នកស្រីទទួលយកការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
នៅពេលឡើងលើឆាកដែលមានអ្នកចូលរួមហ៊ោកញ្ជ្រៀវអឺងកងដើម្បីថ្លែងបិទសមាជជាតិរបស់គណបក្សប្រជាធិបតេយ្យនៅក្នុងទីក្រុង Chicago រដ្ឋ Illinois អ្នកស្រី Harris បានលើកឡើងថារឿងរ៉ាវជីវិតនិងប្រវត្តិផ្ទាល់ខ្លួនរបស់អ្នកស្រីក្នុងនាមជារដ្ឋអាជ្ញាបានធ្វើឱ្យអ្នកស្រីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការការពារផលប្រយោជន៍ពលរដ្ឋអាមេរិកាំងទូទៅប្រឆាំងនឹងលោក Trump ដែលអ្នកស្រីចាត់ទុកថាគិតតែប្រយោជន៍ផ្ទាល់ខ្លួន។
អ្នកស្រី Harris ថ្លែងថា៖ «ជាតិយើងក្នុងពេលបោះឆ្នោតលើកនេះមានឱកាសដ៏ថ្លៃថ្លាក្នុងការឆ្លងឱ្យផុតសមរភូមិនៃអតីតកាលដ៏ជូរចត់ ប្រេះឆា និងអាត្មានិយម និងឱកាសក្នុងការក្រាលមាគ៌ាថ្មីឆ្ពោះទៅមុខ មិនមែនក្នុងនាមជាសមាជិកបក្សឬពួកណាមួយទេ តែក្នុងនាមជាពលរដ្ឋអាមេរិកាំង»។
ក្នុងនាមជាកូនស្រីជនអន្តោប្រវេសន៍ដើមកំណើតឥណ្ឌានិងហ្សាម៉ាអ៊ីក អ្នកស្រី Harris បានក្លាយជាស្រ្តីស្បែកខ្មៅនិងជាអ្នកមានដើមកំណើតអាស៊ីខាងត្បូងដំបូងគេបង្អស់ដែលបានទទួលយកការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់បក្សដ៏ធំមួយ។ អ្នកស្រីនឹងក្លាយជាប្រធានាធិបតីស្ត្រីដំបូងគេបង្អស់របស់សហរដ្ឋអាមេរិក ប្រសិនបើអ្នកស្រីឈ្នះការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខនេះ៕
វេទិកាបញ្ចេញមតិ