ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងថ្លែងសុន្ទរកថានៅយប់ថ្ងៃចន្ទម៉ោងនៅសហរដ្ឋអាមេរិកនៅក្នុងសន្និបាតជាតិគណបក្សប្រជាធិបតេយ្យនៅក្នុងទីក្រុង Chicago រដ្ឋ Illinois។
នៅក្នុងសន្និបាតលើកនេះ ក្រុមរបស់លោក Biden បានរៀបចំសុន្ទរកថារបស់លោកដោយរៀបរាប់លម្អិតអំពីអ្វីដែលលោកបានសម្រេចបានក្នុងអំឡុងអាណត្តិទីមួយរបស់លោកនិងជំរុញការគាំទ្រដើម្បី «បញ្ចប់កិច្ចការ» របស់លោកនៅអាណត្តិទីមួយនេះ បន្ទាប់ពីលោកបានប្រកាសឈប់ឈរឈ្មោះនៅអាណត្តិទីពីរក្រោយពីមានការជំរុញពីគណបក្ស និងគាំទ្រអនុប្រធានាធិបតីអាមេរិកអ្នកស្រី Kamala Harris ឱ្យធ្វើជាបេក្ខជនប្រធានាធិបតី។
នៅក្នុងសន្និបាតនេះដែរ លោក Biden មានបំណងជំរុញការគាំទ្រអ្នកស្រី Harris ដែលជាបេក្ខជនប្រធាធិបតីខាងគណបក្សប្រជាធិបតេយ្យបច្ចុប្បន្ន។
នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងទូរទស្សន៍ MSNBC ក្នុងពេលជាច្រើនសប្ដាហ៍មុនពេលលោកប្រកាសឈប់ឈរឈ្មោះនៅអាណត្តិទីពីរ លោក Bidenបាននិយាយថា លោក«ធុញទ្រាន់យ៉ាងខ្លាំង»ជាមួយនឹងថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យ។
លោកបញ្ជាក់ដូច្នេះថា៖ «ពួកគេទាំងនេះគិតថាខ្ញុំមិនគួរឈរឈ្មោះនោះទេ ដោយ
ពួកគេចង់ប្រជែងនឹងខ្ញុំ។ ដូច្នេះ សូមប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតីដើម្បីប្រជែងជាមួយខ្ញុំនៅសន្និបាត [ជាតិគណបក្ស] ទៅ»៕